ទីផ្សារដំឡូងមី

កិច្ចសន្យាកសិកម្ម ត្រូវបានរាជរដ្ឋាភិបាលជំរុញឲ្យអនុវត្តសម្រាប់ការផលិតដំឡូងមី


កសិផលរបស់កម្ពុជាមិនថា ម្រេច ដំឡូងមី ពោត ស្រូវនោះទេ តែងតែមានការប្រែប្រួលតម្លៃទីផ្សារ នៅពេលដែលមានការប្រមូលផលម្ដងៗ។ តួយ៉ាង ឆ្នាំខ្លះលក់បានថ្លៃ ឆ្នាំខ្លះបានថោក! ម្ដងតក់ ម្ដងនាល! ទៅតាមការប្រែប្រួលនៃទីផ្សារសកល ឬពេលខ្លះដោយសារការក្រឡុកទីផ្សារពីសំណាក់ឈ្មួញកណ្ដាលជាដើម។ ដើម្បីធានាបាននូវសង្វាក់តម្លៃទីផ្សារកសិផល ពិសេសកសិផលដំឡូងមី រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងពាណិជ្ជកម្ម បានជំរុញឲ្យកសិករ និងអ្នកនាំចេញ គួរតែផ្ដោតលើការធ្វើកសិកម្មតាមកិច្ចសន្យា ឬហៅថា Contract Farming ទើបជាការប្រសើរ។
កសិករ​ប្រមូល​ផល​ដំឡូង​មី​នៅ​ភាគ​ពាយ័ព្យ​ប្រទេស​កម្ពុជា
ដោយ

ឯកឧត្តម ម៉ៅ ថូរ៉ា រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម បានលើកឡើងថា ការធ្វើកសិកម្ម​តាមកិច្ចសន្យា ឬហៅថា កិច្ចសន្យា​ដាំដុះនេះ ពិតជាបាន​ផ្ដល់នូវឱកាស​ជាច្រើន​ដល់កសិករ​ខ្នាតតូច ដើម្បីអាចរក្សា​បាននូវខ្សែ​សង្វាក់​តម្លៃនៅក្នុង​ទីផ្សារ​ដំឡូងមី។ 

ពោលគឺ កសិករអាច​ទទួលបាន​ទីផ្សារជាប់​លាប់​ទាំងកត្តា​តម្លៃ និង​ការផលិត។ មិនតែប៉ុណ្ណោះ កសិករ​ក៏អាចទទួល​បានបច្ចេក​វិទ្យាដាំដុះ ដែល​ស្របទៅ​តាមស្ដង់ដារ​អនាម័យ និងភូតគាមអនាម័យ​ជាដើម។ 

លើសពីនេះទៀត កសិករ​ក៏មិនចាំបាច់​ត្រូវព្រួយបារម្ភ​ពីបញ្ហាដណ្ដើមគ្នា​លក់ ឬដណ្ដើម​គ្នា​ទិញ ដែលធ្វើឲ្យ​ប៉ះពាល់​ដល់តម្លៃ​ទីផ្សារ​នោះឡើយ។ 

យ៉ាងណាក៏ដោយ ប្រជាកសិករ​ដែលជាអ្នក​ដាំដំឡូងមី​បានសង្កត់​ធ្ងន់ថា ការធ្វើ​កសិកម្មតាម​កិច្ចសន្យានេះ អាចប្រព្រឹត្តិ​ទៅបានល្អ ទាមទារត្រូវ​ការប្រភពទុន​ និងបច្ចេកទេសផលិតគ្រប់គ្រាន់។

ឯកឧត្តម ម៉ៅ ថូរ៉ា បានគូសបញ្ជាក់ថា កន្លងមក​ខាងក្រសួង​ពាណិជ្ជកម្ម​កត់សម្គាល់​ឃើញថា ការអនុវត្តកសិកម្ម​តាមកិច្ចសន្យានេះ ក៏បានទទួល​ជោគជ័យ និងមានខ្លះ​ក៏បរាជ័យ​ផងដែរ។ តែយ៉ាងណា ខាងក្រសួងពាណិជ្ជកម្ម នឹងនៅតែបន្ត​ពិភាក្សាបន្ថែម​ទៀត​លើបញ្ហា​ដែលនៅ​សេសសល់។ 

ឯកឧត្តម​បន្តថា កន្លង​មកខាងក្រសួង​ពាណិជ្ជកម្ម កត់សម្គាល់​ឃើញថា ការអនុវត្ត​នូវកិច្ចសន្យា​កសិកម្ម​របស់​ក្រុមហ៊ុន Amru Rice គឺបាន​ទទួលជោគជ័យ​គួរឲ្យកត់​សម្គាល់ ដោយក្រុមហ៊ុននេះ បានប្រើប្រាស់​គំរូកិច្ច​សន្យានេះ ជាមួយ​ប្រជាកសិករ​ដាំស្រូវ និងដំឡូង​មី​ជាដើម។ 

យ៉ាងណា​ក៏ដោយ លោកថា ការកិច្ចសន្យា​កសិកម្ម​ដែលត្រូវ​បានយក​ទៅអនុវត្តនៅ​ខេត្តបាត់ដំបង​ នៅមិន​បាន​ទទួល​ជោគជ័យ​នោះទេ ដោយមាន​បញ្ហាជាច្រើន ហើយរហូត​មកទល់​ពេលនេះ កិច្ចសន្យា​កសិកម្មនេះ ក៏កំពុងស្ថិតនៅ​ក្នុងការ​ពិភាក្សាគ្នា​បន្ថែមទៀតផងដែរ​។

ជាមួយគ្នានេះ លោកស្រី ឃី មុនី សហស្ថាបនិក និងជានាយិកា​គ្រប់គ្រង​ក្រុមហ៊ុន Amru Rice ធ្លាប់បាន​ឲ្យដឹងដែរថា រហូតមក​ទល់ពេលនេះ សហករណ៍​ដែលជា​ដៃគូរបស់​ក្រុមហ៊ុន​របស់​លោកស្រី ដែលផលិតកសិកម្ម​សម្រាប់​ធ្វើការនាំចេញ មានចំនួន​១៤​សហគមន៍ ស្មើនឹងប្រមាណ​ជាង៤ពាន់គ្រួសារ និងគ្រោងពង្រីកបន្ថែម​ទៀតជាបន្តបន្ទាប់​ផងដែរ។

ជុំវិញនឹងការធ្វើ​កសិកម្មតាមកិច្ច​សន្យាលើការ​ផលិតដំឡូងមី​នេះដែរ លោក សាត ធៀប ប្រធានសម្ព័ន្ធ សមាគម​ដំឡូង​មី​ខេត្តឧត្តរមានជ័យ បានលើក​ឡើងដែរថា ខាងសម្ព័ន្ធ​សមាគម​របស់លោក ក៏ធ្លាប់មានចុះកិច្ច​សន្យា​ជាមួយខាង​ក្រុមហ៊ុនថៃ ដើម្បីផ្គត់ផ្គង់​ដំឡូង​មី​ក្រៀម​ប្រមាណ​៣០០០តោន​ក្នុងមួយ​ឆ្នាំដែរ។ 

យ៉ាងណាក៏ដោយ ត្បិតថា​ការអនុវត្ត​កិច្ចសន្យា​កសិកម្មនេះ​វាល្អសម្រាប់​កសិករក៏ដោយ ប៉ុន្ដែ វានៅតែមានប្រឈម​នឹងបញ្ហា​មួយចំនួន ដូចជាប្រភពទុន​ក្នុងការ​ផលិត និងបច្ចេកវិទ្យា​ក្នុងការ​ផលិត ដើម្បីឆ្លើយតបទៅនឹង​តម្រូវការ​ជាដើម។ 

យ៉ាងណាក៏ដោយ លោកសង្ឃឹមថា ក្រសួង​ពាណិជ្ជកម្ម​​នឹងអាចធ្វើការងារ​ឲ្យបានចេញ​ជាផ្លែផ្កា​ ដើម្បីបញ្ចៀសការ​ដណ្ដើមគ្នា​លក់ និងការដណ្ដើម​គ្នាទិញ នៅពេលរដូវ​ប្រមូលផលម្ដងៗ​ ដែលតែងតែ​ជាបញ្ហា​ធ្វើឲ្យមាន​ផលប៉ះពាល់​ដល់តម្លៃទីផ្សារ។​ 

សូមជម្រាបដែរថា ទីផ្សារ​ដំឡូងមី​ឆ្នាំនេះ ហាក់បង្ហាញ​នូវសញ្ញាល្អ​សម្រាប់​កសិករ ដោយតម្លៃដំឡូងមីស្រស់១​គីឡូក្រាម មានតម្លៃ​ជុំវិញ​៣០០រៀល ខណៈដែល​ពីឆ្នាំមុន​មានប្រមាណ​តែ១៥០រៀលប៉ុណ្ណោះ។ 

​ការងើបឡើងវិញ​នៃតម្លៃដំឡូងមី​លើទីផ្សារនេះ​ទៀតសោត ក៏បានធ្វើ​ឲ្យការ​នាំចេញ​ចំណិត​ដំឡូងមី​ក្រៀមរបស់​កម្ពុជា​​នៅរយៈពេល​៩ខែឆ្នាំនេះ មានប្រមាណ​ជាង២,៣ លានតោន ទៅកាន់ទីផ្សារប្រទេសថៃ វៀតណាម និងចិន ខណៈដែល​ការនាំចេញ​ដំឡូងមីស្រស់​វិញមានរហូតដល់​ជាង​៧៥ម៉ឺនតោន៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុន AccorHotels ពង្រីក​បណ្ដាញ​សណ្ឋាគារ​​​ផ្កាយ៥​​ចំនួន​​បី​ទៀត​នៅ​កម្ពុជា

ព័ត៌មាន
ក្រុមហ៊ុន​សណ្ឋាគារ AccorHotels ដែល​ជា​ក្រុមហ៊ុន​សកលលោក​មួយ​​គ្រប់គ្រង​ផ្លាក​យីហោ​សណ្ឋា​លំដាប់​ផ្កាយ​៥ Sofitel និង Raffles នៅ​កម្ពុជា …

ហេតុផល ៤ យ៉ាង ដែលធ្វើឲ្យកសិករខ្មែរខ្ជិលដាំបន្លែ រង់ចាំតែបន្លែនាំចូល

ព័ត៌មាន
កម្ពុជា គឺជាប្រទេសដែលពិភពលោកទទួលស្គាល់ និង បានផ្តល់ងារឲ្យថា«ប្រទេសកសិកម្ម» ដោយសារតែប្រជាពលរដ្ឋប្រមាណ ជាង១៥លាននាក់ ក្នុងប្រទេសមួយនេះ មាន៨…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ