តុលាការធម្មនុញ្ញថៃបាននិយាយថា ខ្លួនបានបោះឆ្នោតជាឯកច្ឆ័ន្ទក្នុងការរំលាយគណបក្សឆ្ពោះទៅមុខ ដោយសារតែគណបក្សនេះប្រកាន់យកនូវយុទ្ធនាការ ដែលបំពានលើរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញរបស់ប្រទេសនៅក្នុងអំឡុងពេលនៃយុទ្ធនាការបោះឆ្នោតកាលពីជាង១ឆ្នាំមុន។ នៅក្នុងលទ្ធផលបោះឆ្នោតកាលណោះ គណបក្សឆ្ពោះទៅមុខដណ្តើមបានកៅអីសភាច្រើនជាងគេរហូតដល់១៤៨ ប៉ុន្តែមិនអាចបង្កើតរដ្ឋាភិបាលបាននោះទេ ដោយសារតែសមាជិកព្រឹទ្ធសភា ដែលនៅពេលនោះ ជាស្ថាប័នដែលតែងតាំងដោយយោធាបែបអភិរក្សនិយមបានបដិសេធមិនគាំទ្របេក្ខភាពនាយករដ្ឋមន្ត្រីរបស់គណបក្សនេះ។
ក្រោយមកគណៈកម្មាធិការរៀបចំការបោះឆ្នោត បានដាក់ញត្តិប្រឆាំងនឹងគណបក្សនេះ បន្ទាប់ពីតុលាការធម្មនុញ្ញបានសម្រេចកាលពីខែមករា ថា ខ្លួនត្រូវតែបញ្ឈប់ការតស៊ូមតិលើការផ្លាស់ប្តូរច្បាប់ ដែលការពាររបបរាជានិយមពីការរិះគន់ ដោយត្រូវផ្តន្ទាទោសដាក់ពន្ធនាគាររហូតដល់១៥ឆ្នាំ តែគណបក្សនេះនៅតែទទូចថា ខ្លួនចង់រក្សារបបរាជានិយមនៅពីលើនយោបាយ ប៉ុន្តែដាច់ខាតមិនត្រូវបានមានសិទ្ធិអំណាចនិងជាឧបករណ៍កេងប្រវ័ញ្ចផ្នែកនយោបាយឡើយ។
ទីភ្នាក់ងារព័ត៌មានស៊ីនហួរ បានរាយការណ៍ថា ការសម្រេចរបស់តុលាការកាលពីថ្ងៃពុធ ក៏បានដាក់បម្រាមមិនឲ្យមេដឹកនាំគណបក្សនេះចំនួន១១រូប ធ្វើនយោបាយរយៈពេល១០ឆ្នាំផងដែរ ដោយនៅក្នុងចំណោមនោះមានអតីតមេដឹកនាំដ៏មានប្រជាប្រិយ គឺលោក ភីថា លីមចារឿនរ៉ាត់ និងមេដឹកនាំបច្ចុប្បន្ន គឺលោក ឆៃថាវាត់ ធូឡាថុន (Chaithawat Tulaton)។
ក្រោយគណបក្សនេះត្រូវបានរំលាយ សមាជិកសភារបស់គណបក្ស ដែលមិនជាប់បម្រាមមិនឲ្យធ្វើនយោបាយចំនួន១៤៣រូបកំពុងតែលតោល ហើយក៏មានព័ត៌មានលេចលឺថា គណបក្សកាន់អំណាចកំពុងស្ទុះស្ទាអន្ទងពួកគេឱ្យចូលរួមជាមួយខ្លួន ដើម្បីធានាភាពខ្លាំងនៅក្នុងសភា ពីព្រោះគណបក្សភឿថៃ ក៏កំពុងរង្គោះរង្គឺ ស្របពេលដែលជោគវាសនារបស់លោក ស្រ៊ីថា ថាវីស៊ីន នាយករដ្ឋមន្ត្រីថៃបច្ចុប្បន្ន ក៏កំពុងរង់ចាំការសម្រេចពីតុលាការធម្មនុញ្ញនៅក្នុងខែសីហា នេះដូចគ្នា។
បើយោងតាមសេចក្តីរាយការណ៍របស់កាសែតបាងកកប៉ុស្តិ៍ សមាជិកគណបក្សភឿថៃ និងជាសមាជិករដ្ឋាភិបាល បានព្យាយាមទាក់ទងបញ្ចុះបញ្ចូលសមាជិកសភាគណបក្សឆ្ពោះទៅមុខ ជាមួយនឹងថ្នូរផ្តល់ថវិកាប្រមាណពី៥០ម៉ឺនទៅ៨០ម៉ឺនដុល្លារអាម៉េរិក។ តែយ៉ាងណាលោក ស្រ៊ីថា បានចេញមកបដិសេធ ដោយអះអាងថា លោកមិនបានដឹងជុំវិញរឿងបញ្ចុះបញ្ចូលសមាជិកសភាមកពីគណបក្សប្រឆាំងឲ្យផ្លាស់ប្តូរគណបក្សបែបនេះនោះទេ។
ដោយឡែកលោក ភីថា លីមចារឿនរ៉ាត់ វិញ បានលើកនៅក្នុងនាមជាប្រជាជនសកម្មមួយរូបថា ប្រជាជនអាចនឹងមានការខកចិត្តនៅថ្ងៃនេះ ប៉ុន្តែលោកចង់ស្នើឱ្យពួកគេបញ្ចេញការខកចិត្តរបស់ពួកគេតាមសន្លឹកឆ្នោតនៅគ្រប់ការបោះឆ្នោតចាប់ពីពេលនេះតទៅ។ លើសពីនេះ លោកបានលើកឡើងថា លោកពិតជាមានមោទនភាពយ៉ាងខ្លាំងចំពោះអ្វីដែលលោកបានសម្រេច ហើយមិនមានការសោកស្ដាយឡើយ។
សមាជិកសភានៃគណបក្សឆ្ពោះទៅមុខដែលត្រូវបានរំលាយ អាចរក្សាអាសនៈរបស់ពួកគេនៅក្នុងសភា ប្រសិនបើពួកគេផ្លាស់ទៅគណបក្សថ្មីក្នុងរយៈពេល៦០ថ្ងៃ។ ពាក់ព័ន្ធនឹងបញ្ហានេះ លោក ភីថា បានលើកឡើងថា លោកមានទំនុកចិត្តលើសមាជិកសភារបស់គណបក្សលោកថា នឹងបន្តប្រកាន់ខ្ជាប់នូវមនោគមវិជ្ជានយោបាយដ៏ម៉ឺងម៉ាត់ ហើយជឿជាក់ថា ពួកគេនឹងមិនចាកចេញពីគណបក្ស ដើម្បីប្រាក់ ឬផលប្រយោជន៍ផ្សេងឡើយ៕