ធនាគារពិភពលោកព្យាករទម្លាក់សេដ្ឋកិច្ចភូមា

ធនាគារពិភពលោកព្យាករទម្លាក់សេដ្ឋកិច្ចភូមាដាំក្បាលចុះ១៨% នៅឆ្នាំ២០២១


ធនាគារពិភពលោកបានបញ្ចេញរបាយការណ៍ស្រាវជ្រាវថ្មីមួយ ដោយបានកែប្រែការព្យាករ សេដ្ឋកិច្ចប្រទេសភូមា ថា នឹងដាំក្បាលចុះដល់ទៅ ១៨% ក្នុងឆ្នាំ២០២១នេះ។ ការធ្លាក់ចុះនេះគឺវាទាបជាងអ្វីដែលបានព្យាករកាលពីលើកមុនជិតពីរដងឯណោះ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានជប៉ុន នីកេ Nikkei។
សេដ្ឋកិច្ចភូមាដាំក្បាលធ្លាក់ចុះ
ដោយ

សេដ្ឋកិច្ច​ភូមា​ដាំដូង​ចុះ​ខ្លាំង​បែប​នេះ ត្រូវ​បាន ធនាគារពិភពលោក បញ្ជាក់​អះអាង​ថា បណ្តាល​មក​ពី​វិបត្តិ​នយោបាយ​ចលាចល​ក្នុង​ប្រទេស កើតឡើង​ចាប់តាំងពី​ពេល​មាន​រដ្ឋប្រហារ​យោធា​ថ្ងៃ​ទី​០១​កុម្ភៈ​ដើមឆ្នាំ​នេះ​មក​ម្ល៉េះ ស្រប​ពេល​ដែល​ព្យុះ​លក​ឆ្លង​កូ​វី​ដ​១៩ កំពុង​បោកបក់​ផ្ទួន​ៗ​ក្នុង​ប្រទេស​ភូមា​។ ធនាគារពិភពលោក​បាន​ព្យាករ​ទៀត​ថា​នៅ​ប៉ុន្មាន​ខែ​ទៅ​មុខ​ទៀត​នេះ សេដ្ឋកិច្ច​ភូមា​នឹង​កាន់តែ​បន្ដ​ធ្លាក់​ចុះ​ដុនដាប​កាន់តែ​ខ្លាំង​ថែម​ទៀត​។

ការ​ព្យាករ​របស់​ធនាគារពិភពលោក​ពី​ការ​ធ្លាក់​ចុះ​សេដ្ឋកិច្ច​មី​យ៉ា​ន់​ម៉ា​ដូចនេះ ធ្វើ​ឡើង​នៅ​បន្ទាប់​ពី​គេ​មើលឃើញ ឥទ្ធិពល​នៃ​រោគរាតត្បាត​កូ​វី​ដ​-១៩ ដែល​កំពុង​ចរាចរ​ក្នុង​ប្រទេស​មី​យ៉ា​ន់​ម៉ា​យ៉ាង​សកម្ម​នៅ​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​។ ជាក់ស្តែង​គិត​ត្រឹម​ថ្ងៃ​ទី​២៤ ខែកក្កដា ករណី​ឆ្លង​សរុប​នៅ​មី​យ៉ា​ន់​ម៉ា​បាន​កើនឡើង​ដល់ ២៦​ម៉ឺន​នាក់ ខណៈ​អ្នក​ស្លាប់​សរុប​មាន​ចំនួន​ជិត ៦.៥០០​នាក់ ហើយ​បើ​គេ​គិត​ជា​មធ្យម​អ្នក​ឆ្លង​កូ​វី​ដ​១៩​ថ្មី​ប្រចាំ​ថ្ងៃ​ក្នុង​ភូមា​មាន​ដល់​ជិត ៦​ពាន់​ករណី​។

សេដ្ឋវិទូ​ជាន់ខ្ពស់​របស់​ធនាគារពិភពលោក​ប្រចាំ​នៅ​ប្រទេស​មី​យ៉ា​ន់​ម៉ា បាន​គូស​បញ្ចា​ក់ថា ទោះបីជា​ការ​ដឹក​ជញ្ជូន និង​សកម្មភាព​របស់​ប្រជាជន​ហាក់បីដូចជា​ត្រឡប់​មក​រក​សភាព​ដើម​បន្តិច​មែន ប៉ុន្តែ​សកម្មភាព​សេដ្ឋកិច្ច​ជា​រួម​នៅ​មាន​ភាព​ទន់ខ្សោយ​នៅឡើយ ហើយ​សេដ្ឋកិច្ច​មី​យ៉ា​ន់​ម៉ា​នឹង​បន្ត​ដាំ​ក្បាល​ធ្លាក់​ចុះ​បន្ថែម​ទៀត ចាប់​ខែកក្កដា​នេះ​តទៅ​។

ចក្ខុវិស័យ​សេដ្ឋកិច្ច​របស់​ប្រទេស​ភូមា​ក្នុងឆ្នាំនេះ ក៏​ត្រូវ​បាន​ទាញ​ទម្លាក់​ដោយសារ​តែ​មាន​ផល​ប៉ះពាល់​បង្ក​ដោយ​វិបត្តិ​នយោបាយ​ផ្ទៃក្នុង​យ៉ាងធ្ងន់ធ្ងរ ដែល​បាន​អូស​បន្លាយ​តាំងពី​ព្រឹត្តិការណ៍​រដ្ឋប្រហារ​ថ្ងៃ​ទី​០១​ខែកុម្ភៈ​។ ក្រោយ​រដ្ឋប្រហារ​ដោយ​របប​សឹក​ភូមា និង​ភាព​ចលាចល​ក្នុង​សង្គម ចំណូល​ពលរដ្ឋ​ធ្លាក់​ចុះ​ខ្លាំង ភាព​គ្មាន​ការងារ​ធ្វើ​កើនឡើង​ច្រើន ការ​ដឹក​ជញ្ជូន និង ការ​វិនិយោគ​ថ្មី​ៗ​ត្រូវ​បាន​រាំងស្ទះ​។

ស្ថាប័ន​ស្រាវជ្រាវ​សេដ្ឋកិច្ច Fitch Solutions កាលពី​ខែមិថុនា​កន្លង​ទៅ​នេះ បាន​ព្យាករ​ដែរ​ថា សេដ្ឋកិច្ច​ភូមា​នៅ​ឆ្នាំ​សារពើរ​ពន្ធ ២០២១ គិត​ទៅ​ដល់​ដំណាច់​ខែកញ្ញា​ខាង​មុខ​នេះ នឹង​មានការ​ធ្លាក់​ចុះ​ដល់​ទៅ ២០%​ឯណោះ​។

តាម​រយៈ​ការ​ព្យាក​របស់​ធនាគារពិភពលោក​ថ្មី​ៗ​នេះ បាន​បង្ហាញ​ឲ្យ​ឃើញ​ថា សេដ្ឋកិច្ច​ភូមា​នៅ​ឆ្នាំ​២០២១ គឺ​មាន​ទំហំ​រួញ​តូច​ជាង​មុន​ដល់​ទៅ ៣០% បើ​ធៀប​ទៅ​នឹង កាលពី​ប្រទេស​នេះ មិន​ទាន់​មានការ​រាតត្បាត​កូ​វី​ដ​-១៩ ចូលលុក​លុយ និង មិន​មានការ​ច្បាម​យក​អំណាច​ដោយ​រដ្ឋប្រហារ​យោធា​។

ជាក់ស្តែង ក្នុង​ចំណោម​ក្រុមហ៊ុន​សរុប ៥០០​ក្រុមហ៊ុន ដែល​ធនាគារពិភពលោក​បាន​ធ្វើការ​ស្ទង់​មា​តិ មាន​ជាង ៣​ភាគ​៤ នៃ​ក្រុមហ៊ុន​ទាំង​អស់នោះ បាន​និយាយ​ថា ព្រឹត្តិការណ៍​រដ្ឋប្រហារ​បាន​បង្ក​ផល​ប៉ះពាល់​ខ្លាំង ជាង​ផល​ប៉ះពាល់ ដែល​បង្ក​ឡើង​ដោយ​កូ​វី​ដ​១៩​ទៅ​ទៀត​។

ធនាគារពិភពលោក បាន​អះអាង​ថា ចំពោះ​ការ​នាំ​ចេញ​របស់​ប្រទេស​ភូមា​វិញ នៅ​រយៈ​៥​ខែ ឆ្នាំ​២០២១ មានការ​ធ្លាក់​ចុះ​១៨% និង ការ​នាំ​ចូល​ធ្លាក់​ចុះ​២៦%​។

ធនាគារពិភពលោក​បាន​ឲ្យ​ដឹង​ទៀត​ថា មានការ​ងារ​ប្រហែល ១​លាន​ការងារ អាច​នឹង​ត្រូវ​បាន​បាត់បង់​នៅ​ក្នុង​ប្រទេស​ភូមា ដែល​មាន​ប្រហែល ៤ ទៅ ៥​ភាគរយ នៃ ចំនួន​អ្នកមាន​ការងារ​សរុប​នៅ​ឆ្នាំ​២០១៩ ខណៈ​ដែល​អ្នក​នៅ​បន្ដ​មានការ​ងារ​ធ្វើ​ត្រូវ​បាន​កាត់​បន្ថយ​ម៉ោង​ការងារ និង​ប្រាក់​ចំណូល​ផង​ដែរ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ប្រធានាធិបតីបារាំងបន្ដអំពាវនាវឲ្យពលរដ្ឋមកចាក់វ៉ាក់សាំងកូវីដ-១៩ ទោះមានការរិះគន់ខ្លាំងៗពីក្រុមអ្នកតវ៉ា

ព័ត៌មាន
ប្រធានាធិបតីបារាំងលោក Macron បានអំពាវនាវឲ្យមានការរួបរួមគ្នា និងការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំ ដើម្បីប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ-១៩ ដែលក…

ពលរដ្ឋម៉ាឡេស៊ីជិត៨លាននាក់ប្រឈមបាត់បង់ការងារធ្វើ ប្រសិនបើការបិទខ្ទប់អូសបន្លាយហួសខែកញ្ញា

ព័ត៌មាន
សមាគមសហគ្រាសធុនតូច និងមធ្យម ប្រទេសម៉ាឡេស៊ី បានសម្តែងការព្រួយបារម្ភខ្លាំងក្រោយមើលឃើញថា ពាក់កណ្តាលនៃកម្មករនិយោជិតសរុបជិត ១៦លាននាក់ ដែលធ្វ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ