ប្រទេសនៅអឺរ៉ុបជាច្រើនបានបន្តបញ្ជូនកងទ័ពទៅដាក់ពង្រាយនៅលើកោះ ហ្រ្គីនឡែន កាលពីថ្ងៃព្រហស្បតិ៍ ទី១៥ ខែមករា ដើម្បីបង្ហាញការគាំទ្រដល់ប្រទេសដាណឺម៉ាក ខណៈការចរចារវាងតំណាងរបស់ប្រទេសដាណឺម៉ាក រួមជាមួយកោះ ហ្គ្រីនឡែន និងសហរដ្ឋអាម៉េរិកបានបង្ហាញពីចំណុចមិនឯកភាពគ្នាជាច្រើនលើជោគវាសនារបស់កោះអាកទិកមួយនេះ។ បណ្តាប្រទេសនៅអឺរ៉ុប ដែលបានបញ្ជូនកងទ័ពទៅដាក់ពង្រាយនៅលើកោះនេះមានដូចជាដាណឺម៉ាក ដែលកំពុងតែគ្រប់គ្រងកោះនេះស្រាប់ បារាំង អាល្លឺម៉ង់ អង់គ្លេស ន័រវេស ស៊ុយអែត និងហូឡង់ជាដើម។
អ្នកវិភាគបានលើកឡើងថា ការបញ្ជូនកងទ័ពអឺរ៉ុបទៅកាន់ហ្រ្គីនឡែននេះ មិនមែនដើម្បីប្រឈមមុខនឹងសហរដ្ឋអាម៉េរិក ដែលកំពុងចង់គ្រប់គ្រងកោះនេះនោះទេ ប៉ុន្តែជានិមិត្តរូបនៃសាមគ្គីភាព និងជាការឆ្លើយតបទៅកាន់ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ ថា ការកាន់កាប់កោះហ្គ្រីនឡែនរបស់អាម៉េរិកមិនចាំបាច់នោះទេ ព្រោះណាតូរួមគ្នាអាចការពារសន្តិសុខរបស់តំបន់អាកទិកនេះបាន បើទោះបីមានការចាប់អារម្មណ៍កាន់តែខ្លាំងឡើងរបស់រុស្ស៊ី និងចិនក៏ដោយ។
ប្រជាជនហ្រ្គីនលែនបានប្រកាសថា ពួកគេមិនចង់ក្លាយជាផ្នែកមួយរបស់សហរដ្ឋអាម៉េរិកនោះទេ។ លោក ជេន ហ្រ្វេឌឺរិច ញែលសិន (Jens-Frederik Nielsen) នាយករដ្ឋមន្រ្តីកោះហ្រ្គីនលែនបានអះអាងថា កោះនេះមិនមែនសម្រាប់លក់ ហើយក៏មិនចង់ស្ថិតក្រោមកម្មសិទ្ធិរបស់អាម៉េរិកនោះដែរ៕
ដោយៈ សរ សុជាតិ