វិស័យថាមពល

តើប្រទេសណាខ្លះបានដាក់ចេញវិធានការបន្ទាន់ដើម្បីទប់ទល់នឹងវិបត្តិតម្លៃប្រេងហក់ឡើងខ្ពស់?


ស្របពេលដែលសង្រ្គាមនៅមជ្ឈិមបូព៌ារុញច្រានឱ្យតម្លៃប្រេងហក់ឡើងដល់ជិត១២០ដុល្លារក្នុងមួយបារ៉ែល បានធ្វើឱ្យប្រទេសជាច្រើនប្រឈមនឹងហានិភ័យ នៃការខ្វះថាមពល និងតម្លៃប្រេងលក់រាយហក់ឡើងខ្ពស់។ កត្តានេះបានជំរុញឱ្យរដ្ឋាភិបាលរបស់ប្រទេសមួយចំនួននៅតំបន់អាស៊ាន និងអាស៊ីប្រកាសដាក់ចេញនូវវិធានការបន្ទាន់ជាបន្តបន្ទាប់ ដើម្បីជួយសម្រាលហានិភ័យទាំងនេះ។
វិស័យថាមពល
ដោយ

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន VN Express ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម បានជំរុញឱ្យម្ចាស់អាជីវកម្មនានា រៀបចំឱ្យបុគ្គលិកធ្វើការពីផ្ទះ ដើម្បីសន្សំសំចៃប្រេងឥន្ធនៈ។ វិធានការនេះធ្វើឡើងក្នុងបរិបទ ដែលការផ្គត់ផ្គង់ប្រេងប្រឈមនឹងសម្ពាធខ្លាំងដោយសារអស្ថិរភាពនៅមជ្ឈិមបូព៌ា។ អាជ្ញាធរវៀតណាម បានព្រមានថា កង្វះខាតប្រេងអាចកើតមាននៅតំបន់មួយចំនួន ហើយបានណែនាំឱ្យពលរដ្ឋប្រើប្រាស់ថាមពលដោយសន្សំសំចៃបំផុត។

ជាមួយគ្នានេះ រដ្ឋាភិបាលវៀតណាម គ្រោងលើកលែងពន្ធនាំចូលប្រេង ដើម្បីធានាការផ្គត់ផ្គង់ប្រេង និងកាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋ។ គួរជម្រាបថា កាលពីឆ្នាំ២០២៥ ការប្រើប្រាស់ប្រេងនៅវៀតណាម មានប្រមាណជិត២៩ពាន់លានលីត្រ ឬប្រមាណ១៨២លានបារ៉ែល ដែលភាគច្រើនពឹងផ្អែកលើការនាំចូល។

ដោយឡែកសារព័ត៌មាន Nikkei Asia បានរាយការណ៍ថា នៅប្រទេសហ្វីលីពីន មន្ត្រីរាជការត្រូវបានអនុញ្ញាតឱ្យធ្វើការត្រឹមតែ៤ថ្ងៃប៉ុណ្ណោះក្នុងមួយសប្តាហ៍ ដើម្បីកាត់បន្ថយការប្រើប្រាស់ថាមពល ខណៈដែល៩៦% នៃប្រេងឥន្ធនៈក្នុងប្រទេសនេះ គឺនាំចូលពីតំបន់មជ្ឈិមបូព៌ា។ រដ្ឋាភិបាលហ្វីលីពីន រំពឹងថា យុទ្ធសាស្ត្រនេះនឹងអាចជួយសន្សំសំចៃធនធានប្រេងបានចន្លោះពី១០% ទៅ២០%។

ក្រៅពីតំបន់អាស៊ាន ប្រទេសនៅអាស៊ីចំនួនពីរផ្សេងទៀត រួមមាន បង់ក្លាដែស និងប៉ាគីស្ថាន ក៏បានដាក់ចេញវិធានការបន្ទាន់ ដើម្បីទប់ទល់នឹងហានិភ័យនៃវិបត្តិខ្វះប្រេង និងការកើនឡើងតម្លៃប្រេងឥន្ធនៈផងដែរ។ បើយោងតាមសារព័ត៌មាន Reuters រដ្ឋាភិបាលបង់ក្លាដែស បានសម្រេចបិទសាកលវិទ្យាល័យបណ្តោះអាសន្ន ដើម្បីកាត់បន្ថយការចំណាយលើប្រេង អគ្គិសនី និងកាត់បន្ថយការកកស្ទះចរាចរណ៍។

ដោយឡែកនៅប្រទេសប៉ាគីស្ថានឯណោះវិញ រដ្ឋាភិបាលប្រទេសនេះបានសម្រេចកាត់បន្ថយថ្ងៃធ្វើការមកនៅត្រឹម៤ថ្ងៃក្នុងមួយសប្តាហ៍ និងប្រកាសបិទសាលារៀនមួយរយៈដោយសារវិបត្តិកង្វះខាតប្រេងឥន្ធនៈយ៉ាងធ្ងន់ធ្ងរ។

សម្រាប់កម្ពុជាវិញ ទោះបីជាមិនទាន់មានការប្រកាសអាសន្នអំពីកង្វះខាតប្រេងពីស្ថាប័នជំនាញក៏ដោយ ប៉ុន្តែក្រសួងពាណិជ្ជកម្ម និងក្រសួងរ៉ែ និងថាមពល កំពុងតាមដានយ៉ាងយកចិត្តទុកដាក់លើសន្និធិប្រេងក្នុងស្រុក។ ជាមួយគ្នានេះ ក្រសួង ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋបង្កើនការសន្សំសំចៃក្នុងការប្រើប្រាស់ប្រេងឥន្ធនៈ ក្នុងអំឡុងពេលដែលតម្លៃកំពុងហក់ឡើងខ្លាំង៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


តើរដ្ឋគួរធ្វើដូចម្តេចដើម្បីទាញពលរដ្ឋឱ្យងាកមកប្រើរថយន្តក្រុងសាធារណៈ ស្របពេលតម្លៃប្រេងកំពុងហក់ឡើងខ្ពស់?

ស្របពេលសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ាជំរុញឱ្យតម្លៃប្រេងសកលរួមទាំងនៅកម្ពុជា ហក់ឡើងថ្លៃខ្ពស់នៅមួយរយៈចុងក្រោយនេះ អ្នកជំនាញលើកទឹកចិត្តឱ្យប្រជាពលរដ្ឋ…

សង្គ្រាមនៅអ៊ីរ៉ង់កំពុងធ្វើឱ្យរង្គោះរង្គើដល់គោលនយោបាយរូបិយវត្ថុរបស់ធនាគារកណ្តាលនានានៅអាស៊ី

សង្គ្រាមអាម៉េរិករួមដៃជាមួយសម្ពន្ធមិត្តអ៊ីស្រាអែលបញ្ឆេះឡើងប្រឆាំងប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃទី២៨ ខែកុម្ភៈដែលកំពុងបន្តឆាបឆេះរីករាលដាលពេញតំបន់ម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ