ប្រទេសចំនួន៥ នៅក្នុងចំណោម១១ប្រទេសដែលជាសមាជិកអាស៊ាន កំពុងស្ថិតក្នុងស្ថានភាពមន្ទិល នៃការជួបបញ្ហាប្រឈមយ៉ាងហោចណាស់១ ដែលទាក់ទងនឹងបញ្ហានយោបាយ ការទូត និងសេដ្ឋកិច្ច ដែលបញ្ហាទាំងនេះអាចបង្កឡើងដោយសារការបោះឆ្នោតនៅប្រទេសមួយចំនួន និងភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចសកល។ ប្រទេសទាំង៥នោះ រួមមានកម្ពុជា ថៃ មីយ៉ាន់ម៉ា ម៉ាឡេស៊ី និងឥណ្ឌូនេស៊ី ដែលមានប្រជាជនសរុបជិត ៧០% នៃប្រជាជននៅអាស៊ានទាំងមូល។
សម្រាប់ប្រទេសកម្ពុជា មិនមានបញ្ហានយោបាយក្នុងស្រុកនោះទេ ហើយសេដ្ឋកិច្ចនៅតែរក្សាបានកំណើនបើទោះបីមិនខ្ពស់ ប៉ុន្តែត្រូវបានជាប់ជំពាក់នឹងបញ្ហាធ្ងន់ធ្ងរ នៃការឈ្លានពានរបស់ថៃ ដែលបានបង្កឲ្យផ្ទុះចលនា និងភាពតានតឹងខាងការទូតនៅក្នុងតំបន់ និង អន្តរជាតិ។ បច្ចុប្បន្នប្រទេសទាំងពីរកំពុងអនុវត្តបទឈប់បាញ់ ប៉ុន្តែសង្រ្គាមការទូតនៅតែក្តៅ។
ដោយឡែកសម្រាប់ប្រទេសថៃ ឯណោះវិញ អ្នកវិភាគខ្លះបានលើកឡើងថា ការប៉ះទង្គិចនៅព្រំដែនជាមួយកម្ពុជា បានក្លាយជាហ្គេមនយោបាយជាតិនិយម ដែលត្រូវបានគណបក្សនយោបាយប្រើជាឈ្នាន់ ដើម្បីដណ្តើមប្រជាប្រិយភាព និងទាក់ទាញសំឡេងគាំទ្រ ដើម្បីប្រកួតប្រជែងគ្នាក្នុងការបោះឆ្នោត ដែលគ្រោងធ្វើឡើងនៅថ្ងៃទី៨ ខែកុម្ភៈ។ ការបោះឆ្នោតនេះអាចជាការសាកល្បងកម្លាំងរវាងក្រុមអ្នកនយោបាយអភិរក្សចាស់ៗ ដែលរក្សាឥទ្ធិពលរាជានិយម និង យោធានិយម ជាមួយនឹងក្រុមយុវជន ដែលមានបំណងកែសម្រួលអំណាចយោធា និងរាជវាំងចេញពីរដ្ឋបាលស៊ីវិល។ ជាមួយគ្នានេះប្រទេសថៃជាប្រទេសមួយដែលមានកំណើនសេដ្ឋកិច្ចយឺតបំផុត ហើយវិបត្តិបំណុលគ្រួសារក៏កើនខ្ពស់ ថែមទាំងយាយីដោយគ្រោះធម្មជាតិធ្ងន់ធ្ងរផងដែរ។
ហើយបើក្រឡេកទៅមើលប្រទេសមីយ៉ាន់ម៉ា របបយោធាបានរៀបចំការបោះឆ្នោតជាដំណាក់កាល ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ សហគមន៍អន្តរជាតិបានចាត់ទុកថា នេះជាការបោះឆ្នោតនិមិត្តរូប ដោយសារតែគណបក្សប្រឆាំងសំខាន់ៗបានបោះបង់ចោលការចូលរួម ដូច្នេះមីយ៉ាន់ម៉ា ទំនងជានឹងបន្តស្ថិតក្នុងស្ថានភាពវិបតិ្តនយោបាយផ្ទៃក្នុងដ៏រាំរ៉ៃដដែល ហើយសង្រ្គាមស៊ីវិលអាចនឹងកាន់តែស្មុគស្មាញ។
សម្រាប់ប្រទេសម៉ាឡេស៊ី ឯណោះវិញ មើលពីក្រៅទៅនយោបាយហាក់មានស្ថិរភាព ប៉ុន្តែការឯកភាពគ្នាក្នុងរដ្ឋាភិបាលដឹកនាំដោយលោក អាន់វ៉ា អ៊ីប្រាហ៊ីម ហាក់នៅមានភាពផុយស្រួយនៅឡើយ។ ហើយក្រឡេកទៅមើលប្រទេសឥណ្ឌូនេស៊ីនោះវិញ ប្រធានាធិបតី ប្រាបូវ៉ូ ស៊ូប៊ីយ៉ានតូ នៅពេលនេះកំពុងប្រឈមមុខនឹងការសាកល្បងទំនុកចិត្តពីសាធារណជន បន្ទាប់ពីបញ្ហាប្រឈមនៃការគ្រប់គ្រងវិបត្តិ និងឧបសគ្គសេដ្ឋកិច្ចបានធ្វើឱ្យខូចដល់ទស្សនៈសុទិដ្ឋិនិយមពីសាធារណៈជនមកលើរូបលោកយ៉ាងខ្លាំង៕
ដោយៈ សរ សុជាតិ