ស្របពេលសម័យប្រជុំសភាជាតិ ប្រជាជនចិន ជិតមកដល់ ចំណាប់អារម្មណ៍បានផ្តោតទៅលើព្យុះនៃការបោសសម្អាតដែលកំពុងកើតឡើងក្រោមការគ្រប់គ្រងរបស់លោកប្រធានាធិបតី និងអគ្គលេខាធិការបក្សកុម្មុយនីស្តចិន ស៊ី ជីនពីង។ ខណៈដែលព្យុះនេះគ្មានសញ្ញាថា នឹងស្ងប់ស្ងាត់ទៅវិញ ការព្យាករខាងនយោបាយបានរីកសាយភាយយ៉ាងខ្លាំង ថាតើនរណានឹងក្លាយជាបុគ្គលដំបូងគេ និងសំណាងអាក្រក់បំផុតក្នុងឆ្នាំនេះ ដែលនឹងត្រូវលោក ស៊ី បណ្តេញចេញពីតំណែង។
សម័យប្រជុំសភាជាតិឆ្នាំនេះកំពុងស្ថិតក្រោមស្រមោល នៃយុទ្ធនាការបន្សុទ្ធកម្មនយោបាយដ៏តឹងរ៉ឹងបំផុត។ កាលពីឆ្នាំមុន អនុប្រធានគណៈកម្មការយោធាមជ្ឈិម២រូប គឺលោក ចាង យូសៀ (Zhang Youxia) និងលោក ហ៊ើ វ៉ៃតុង (He Weidong) ដែលសុទ្ធតែជាសមាជិកការិយាល័យនយោបាយដ៏មានឥទ្ធិពលត្រូវបានបណ្ដេញចេញពីតំណែងយ៉ាងតក់ស្លុត។
ដោយឡែកនៅដើមឆ្នាំនេះ ក្រសែភ្នែកគ្រប់ជួរកំពុងសម្លឹងទៅរកលោក ម៉ា ស៊ីងរុយ (Ma Xingrui) បុរសខ្លាំងវ័យ៦៦ឆ្នាំ ដែលធ្លាប់ត្រូវបានគេចាត់ទុកថា ជាមនុស្សជំនិតបំផុតរបស់លោក ស៊ី ជីនភីង និងលោកស្រី ភឹង លីយួន។ លោក ម៉ា បានឡើងកាន់តំណែងខ្ពស់ៗយ៉ាងរហ័សក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយ ប៉ុន្តែការបាត់មុខដ៏អាថ៌កំបាំងរបស់លោកពីក្រសែភ្នែកសាធារណជនចាប់តាំងពីចុងខែវិច្ឆិកា ឆ្នាំមុន បានបង្កជាមន្ទិលសង្ស័យយ៉ាងខ្លាំង។
លោក ម៉ា បានអវត្តមានពីកិច្ចប្រជុំសំខាន់ៗជាច្រើន និងមិនបានបង្ហាញវត្តមានក្នុងវគ្គសិក្សារបស់ក្រុមការិយាល័យនយោបាយមជ្ឈិមបក្សឡើយ។ សញ្ញាដែលគួរឱ្យកត់សម្គាល់បំផុតនោះ គឺការខកខានមិនបានផ្ញើកម្រងផ្កាក្នុងពិធីបុណ្យសពព្រឹទ្ធបុរសបក្ស ដែលជាទម្លាប់នយោបាយដ៏សំខាន់នៅប្រទេសចិន។ សញ្ញាទាំងនេះនាំឱ្យគេសង្ស័យថា លោក អាចកំពុងស្ថិតក្រោមការស៊ើបអង្កេតពីបទពុករលួយ ឬការមិនស្មោះត្រង់នឹងខ្សែនយោបាយ។
សូមបញ្ជាក់ថា ក្រោយសមាជជាតិលើកទី២០ ក្នុងឆ្នាំ២០២២ ការិយាល័យនយោបាយមជ្ឈិមបក្សមានសមាជិក២៤រូប ប៉ុន្តែបន្ទាប់ពីការដកតំណែងលោក ចាងយូ សៀ និងលោក ហ៊ើ វ៉ៃតុង ចំនួននេះបានធ្លាក់មកនៅត្រឹម២២រូប។ ប្រសិនបើលោក ម៉ា ស៊ីងរុយ ត្រូវបានបោសសម្អាតមែននោះ ស្ថាប័នកំពូលនេះនឹងនៅសល់ត្រឹម២១រូបប៉ុណ្ណោះ ខណៈដែលលោក ស៊ី ជីនពីង នៅមិនទាន់សម្រេចចិត្តតែងតាំងបុគ្គលថ្មីមកបំពេញអាសនៈដែលទំនេរទាំងនេះនៅឡើយទេ៕
អត្ថបទៈ សួន ឡង់ទី