បុរសខ្លាំងរដ្ឋចិន

បុរសខ្លាំងរដ្ឋចិន លោក ស៊ី ជីនពីង៖ លទ្ធិប្រជាធិបតេយ្យបស្ចិមលោកនាំឱ្យមានសង្គ្រាម ចលាចល និងក្ដីវេទនារបស់មនុស្សជាតិ


លោកប្រធានាធិបតីចិន Xi Jinping បានប្រាប់មន្ត្រីកំពូលរបស់ចិនកាលពីពេលថ្មីៗនេះថា ការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យរបស់បស្ចិមលោកបានបង្កឱ្យមានសង្គ្រាម ភាពចលាចល និងការផ្លាស់ទីលំនៅរបស់មនុស្សប្រកបដោយក្ដីវេទនានៅជុំវិញពិភពលោក។
លោកប្រធានាធិបតីចិន Xi Jinping

លោក Xi ​ ថែមទាំងបាន រិះគន់ចំៗទៀតថា ប្រទេសលោកខាងលិច​មួយចំនួន​ ​"លើក​កម្ពស់​ទាំង​បង្ខំ​នូវគោលគំនិត និងប្រព័ន្ធលទ្ធិប្រជាធិបតេយ្យ ​និងសិទ្ធិមនុស្ស​របស់ខ្លួន ​ដោយ​ទាញយកផលប្រយោជន៍ពីបញ្ហាសិទ្ធិមនុស្ស​ដើម្បីជ្រៀតជ្រែកចូល​កិច្ចការផ្ទៃក្នុងនៃប្រទេសផ្សេង​ទៀត​"​។​ នេះ​បើ​តាម​ការ​រាយ​ការណ៍​របស់​កាសែត​ចិន​ The South China Morning Post នៅថ្ងៃ​សុក្រ​នេះ​។

​លោក ស៊ី ជីនពីង ប្រធានាធិបតីចិន រួមទាំង​មន្ត្រីជាន់ខ្ពស់​ជាច្រើនៗទៀត នៅប៉ុន្មានខែចុងក្រោយនេះបានវាយ​ប្រហារ​អាមេរិក និងលោកខាងលិច​ចំៗ​​តែ​ម្ដង ​​ជុំវិញសង្រ្គាមនៅ​អ៊ុយក្រែន​ និងបញ្ហាប្រឈម​ដែលបង្កឡើងដោយក្រុមតាលីបង់​​​ដណ្តើមកាន់កាប់​អាហ្វហ្គានីស្ថាន ​សង្គ្រាមស៊ីវិលនៅស៊ីរី និងបញ្ហា​សន្តិសុខក្នុងប្រទេសអ៊ីរ៉ាក់ជាដើម។

យ៉ាងណាមិញ នៅថ្ងៃទី ១៥ មិថុនា​កន្លងទៅនេះ លោក ស៊ី ជីនពីង បាននិយាយនៅក្នុងសុន្ទរកថារបស់លោកទៅកាន់សមាជិក ២៤ នាក់ផ្សេងទៀត​នៃការិយាល័យនយោបាយ​របស់​លោក​ថា លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សមិនមែនសម្រាប់​​ជាការ​តុបតែង​នោះ​ទេ។ ប្រទេសបស្ចិម​លោក​មួយចំនួនក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ បាន​ប្រឈមមុខនឹង​ភាពរើសអើង​នយោបាយ​យ៉ាង​ខ្លាំង​ ការរំលោភបំពានលើ​ទំនុក​ចិត្តរបស់រដ្ឋាភិបាល ភាពមិនប្រក្រតី​នៃសង្គម និងការផ្ទុះឡើង​នៃមេរោគ​ដែលគ្មាន​ការគ្រប់គ្រង។​

លោក ស៊ី ​បានកត់សម្គាល់ ដោយនិយាយ​ផ្ដោតទៅកាន់ប្រទេសលោកខាងលិចថា "កំពុងមានភាពលំអៀងផ្នែកនយោបាយ មានគម្លាតកាន់​តែ​ខ្លាំង​ឡើង​រវាងអ្នកមាន និងអ្នកក្រ និងការប្រឆាំង​ជនជាតិភាគតិច គឺ​មាន​សភា​​កាន់តែខ្លាំងឡើងដែរ​។ ជាមួយគ្នានេះ ការប្រកាន់​ជាតិសាសន៍ លទ្ធិប្រជានិយម និងការរើស​អើង​ពូជសាសន៍បានកើត​មាន​ជា​បន្ត​បន្ទាប់​​ ហើយបញ្ហាសិទ្ធិមនុស្សកាន់តែលេចធ្លោឡើង​ផង​ដែរ​។

លោក ស៊ី ជីនពីង ក៏បានអំពាវនាវដល់មន្ត្រីឱ្យ«ចូលរួមយ៉ាងសកម្មនៅក្នុងកិច្ចការសិទ្ធិមនុស្សរបស់អង្គការ​សហប្រជាជាតិ​»​ និងបង្កើនឥទ្ធិពលរបស់ប្រទេសចិន​លើស្ថាប័នសិទ្ធិមនុស្ស​ពហុភាគីបែបនេះ។​

ទីក្រុងប៉េកាំងបានបន្តការវាយប្រហារ​កាន់តែខ្លាំងឡើងនៅក្នុងបញ្ហា​សិទ្ធិមនុស្ស​ ដោយបានសហការគ្នា​ជាមួយប្រទេសចំនួន ៦៩​ នៅឯកិច្ចប្រជុំសិទ្ធិមនុស្ស​របស់អង្គការសហ​ប្រជា​ជាតិ ដោយចិន​តែងតែចាត់ទុកថា ការដាក់បន្ទុកលើផ្នែកសិទ្ធិមនុស្សមកលើខ្លួន ពិសេសពីសំណាក់​លោកខាងលិច គឺជាការ​​ជ្រៀតជ្រែក​ក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិនតែប៉ុណ្ណោះ។

ប្រទេស​កោះ​គុយបា​​តំណាង​ឱ្យ​​ប្រទេសទាំង ៦៩ ទៀត​ បានប្រាប់​ក្រុមប្រឹក្សា​នេះ​ថា ខេត្ត​ស៊ីនជាំង​ ទី​ក្រុង​ហុងកុង និងតំបន់​ទីបេ គឺជាកិច្ចការ​ផ្ទៃ​ក្នុង​របស់​ប្រទេស​ចិន។​

សេចក្តីថ្លែងការណ៍រួមនេះ បានធ្វើឡើងជាការឆ្លើយតបទៅនឹងប្រទេសហូឡង់ សហរដ្ឋអាមេរិក និងរដ្ឋសមាជិកក្រុម​ប្រឹក្សាសិទ្ធិ​មនុស្សនៅ​សហ​ប្រជា​ជាតិ​​​ចំនួន ៤៥​ ផ្សេងទៀតភាគ​ច្រើន​ជាប្រទេសលោកខាងលិចដែលបាន​លើកឡើង​ពី​ "ការព្រួយបារម្ភយ៉ាងខ្លាំង" ពី​ស្ថានភាពសិទ្ធិមនុស្សនៅក្នុងខេត្ត​ស៊ីន​ជាំង​ ដែលជាតំបន់​ដែលធ្លាប់មានការសង្ស័យថា មានការរំលោភបំពានសិទ្ធិមនុស្សធ្ងន់ធ្ងរ​លើ​ជនជាតិអ៊ុយហ្គ័រ និងអ្នកកាន់សាសនា​ម៉ូស្លីម​ដែលរស់នៅទីនោះ។ កន្លងមក​ អាមេរិក ក៏បាន​ចោទ​ប្រកាន់ចិនថា បាន​ប្រព្រឹត្តិអំពើប្រល័យពូជសាស្ត្រ​នៅទីនោះផងដែរ ប៉ុន្ដែ ក៏ត្រូវបាន​ចិន​បដិសេធ​យ៉ាងដាច់អហង្ការផងដែរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ផែនការមេ១០ឆ្នាំ ចំណាយថវិកា៥០ពាន់លានដុល្លារអភិវឌ្ឍន៍វិស័យឡូជីស្ទីកកម្ពុជា

ព័ត៌មាន
ថ្នាក់ដឹកនាំក្រសួងសាធារណៈការនិងដឹងជញ្ជូន ក៏បានបង្ហាញពីផែនការមេរយៈពេល១០ឆ្នាំក្នុងការអភិវឌ្ឍន៍វិស័យដឹកជញ្ជូននិងឡូជីស្ទីកនៅកម្ពុជា ដោយផែន…

WTO បានអនុម័តកិច្ចព្រមព្រៀងមួយចំនួនហើយ ក្រោយឆ្លងកាត់កិច្ចប្រជុំដ៏ចម្រូងចម្រាសអស់៥ថ្ងៃ

ព័ត៌មាន
នៅទីបំផុត កិច្ចប្រជុំដ៏ចម្រូងចម្រាសរបស់អង្គការពាណិជ្ជកម្មពិភពលោក ដែលប្រទេសជាសមាជិកទាំង ១៦៤ ប្រទេស បានឈានដល់ការអនុម័តយល់ព្រមលើកិច្ចព្រមព្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ