ការសាមគ្គីភាពជាធ្លុងមួយ

ស្របពេលកម្ពុជា កំពុងមានជម្លោះជាមួយថៃ តើការសាមគ្គីគ្នាជាធ្លុងមួយរបស់ពលរដ្ឋខ្មែរមានសារសំខាន់យ៉ាងណាដែរ?


ខ្មែររួបរួមខ្មែរឈ្នះ! នេះជាពាក្យស្លោកមួយ ដែលបុព្វបុរសខ្មែរបង្កើតឡើងដើម្បីពញាក់ស្មារតីរបស់ពលរដ្ឋខ្មែរឱ្យចេះរួមរួម និងសាមគ្គីគ្នាជាធ្លុងមួយ ក្នុងការជម្នះ និងដោះស្រាយបញ្ហាប្រឈមនានា មិនថា បញ្ហាតូចឬធំនោះឡើយ។ យ៉ាងណាមិញ ស្របពេលដែលកម្ពុជា កំពុងមានជម្លោះព្រំដែនជាមួយថៃ អ្នកជំនាញយល់ថា ការរួបរួមសាមគ្គីផ្ទៃក្នុងជាធ្លុងមួយរបស់ពលរដ្ឋខ្មែរ វាជាកម្លាំងចលករមួយដ៏សំខាន់ក្នុងការជួយដោះស្រាយ និងទប់ស្កាត់ការរំលោភបំពានរបស់កងទ័ពថៃ មកលើដែនអធិបតេយ្យភាពរបស់កម្ពុជា។
ការសាមគ្គីភាពជាធ្លុងមួយ
ដោយ

អ្នកជំនាញមើលឃើញថា នៅមួយរយៈចុងក្រោយនេះ ថៃ ហាក់កំពុងប្រើល្បិចបំបែកបំបាក់សាមគ្គីភាពផ្ទៃក្នុងរបស់ពលរដ្ឋខ្មែរ ព្រោះខ្មែរមានប្រៀបជាងថៃ ត្រង់មានឯកភាពជាតិតែមួយ។

លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការ នៃរាជបណ្ឌិត្យសភាកម្ពុជា កត់សម្គាល់ឃើញថា បច្ចុប្បន្នថៃ បានប្រើគ្រប់វិធីសាស្រ្ត ដើម្បីញុះញង់ធ្វើយ៉ាងណាឱ្យកម្ពុជា បែកបាក់ផ្ទៃក្នុង ដោយសារថៃ បានដឹងពីភាពខ្លាំងរបស់កម្ពុជា ត្រង់ថា មានសាមគ្គីភាពផ្ទៃក្នុង ហើយកាលណាកម្ពុជា នៅតែរក្សាឯកភាពជាតិជាធ្លុងមួយ នោះនឹងធ្វើឱ្យកម្ពុជា កាន់តែរឹងម៉ាំ។ ជាមួយគ្នានេះ អ្នកជំនាញរូបនេះ អំពាវនាវដល់រដ្ឋាភិបាល ប្រជាពលរដ្ឋ និងអ្នកនយោបាយឱ្យបន្តរួបរួមគ្នាក្នុងការតតាំងជាមួយខ្មាំងសត្រូវ ដើម្បីកុំឱ្យថៃ សម្រេចបំណងឈ្លានពានលើកម្ពុជា ហើយអ្វីដែលកម្ពុជា ត្រូវការនៅពេលនេះ គឺការអនុវត្តច្បាប់អន្តរជាតិ ច្បាប់កាទូត និងការឯកភាពជាតិ។

ជាមួយគ្នានេះ លោក សេង វណ្ណលី អ្នកតាមដានភូមិសាស្ត្រនយោបាយ យល់ឃើញថា ខណៈពេលដែលថៃ កំពុងធ្វើទុក្ខបុកម្នេញលើកម្ពុជា គ្រប់រូបភាព រដ្ឋាភិបាល ក៏ដូចជាពលរដ្ឋត្រូវតែបន្តរួបរួមសហការ និងសាមគ្គីគ្នាជាធ្លុងមួយ ដើម្បីធ្វើយ៉ាងណាដាក់សម្ពោធដល់ភាគីថៃ ឱ្យគោរព និងអនុវត្តបទឈប់បាញ់ឱ្យបានខ្ជាប់ខ្ជួន និងបញ្ឈប់រាល់សកម្មភាពឈ្លានពានមកលើកម្ពុជា ជាពិសេសរំលោភលើដែនអធិបតេយ្យភាពកម្ពុជា។

គួរបញ្ជាក់ថា នាពេលថ្មីៗនេះទាហានថៃ បានប្រើល្បិចមករាយបន្លាលួសចូលដីផ្ទះប្រជាពលរដ្ឋខ្មែរ ដោយអះអាងថា ជាទឹកដីរបស់ខ្លួន ដែលធ្វើឱ្យប្រជាពលរដ្ឋមានការខឹងសម្បារយ៉ាងខ្លាំងចំពោះទង្វើរបស់ទាហានថៃនេះ ហើយក៏បាននាំគ្នារុះរើបន្លាលួសចេញដោយខ្លួនឯង។ ជាមួយគ្នានេះ អាជ្ញាធរពាក់ព័ន្ធ ក៏បានអំពាវនាវដល់​ពលរដ្ឋកុំឱ្យមានការប្រើប្រាស់អំពើហិង្សានៅទីតាំងមានជម្លោះ ព្រោះវាអាចរុញស្ថានការណ៍ឱ្យកាន់តែក្ដៅ និងប៉ះពាល់ដល់ការអនុវត្តបទឈប់បាញ់ផងដែរ៕

អត្ថបទដោយ៖ ជា ម៉ារ៉ា




អត្ថបទបន្ទាប់


តើព្យុះទីហ្វុង កាជិគី បានបង្កការរំខាន និងបំផ្លិចបំផ្លាញអ្វីខ្លះនៅក្នុងប្រទេសវៀតណាម ថៃ និងឡាវ?

ព្យុះទីហ្វុង កាជិគី (Kajiki) ដែលបានវាយប្រហារបណ្តាខេត្តមួយចំនួនក្នុងប្រទេសវៀតណាម ឡាវ និងថៃត្រូវបានគេរាយការណ៍ថា បានឆក់យកជីវិតមនុស្ស៤នាក…

SDF និង CETA កសាងភាពជាដៃគូ ដើម្បីលើកកម្ពស់ការអភិវឌ្ឍជំនាញ ក្នុងវិស័យអេឡិចត្រូនិច និងបច្ចេកវិទ្យា

ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) និងសមាគមអេឡិចត្រូនិច និងបច្ចេកវិទ្យាកម្ពុជា (CETA) បានរៀបចំសិក្ខាសាលារួមគ្នាមួយ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ