ការប្រមូលចំណូលពន្ធ

ការប្រមូលចំណូលពន្ធដោយគយ និងពន្ធដារឆ្នាំ២០២១ សម្រេចបាន ៥ពាន់លានដុល្លារ


ការប្រមូលចំណូលពន្ធដោយអគ្គនាយកដ្ឋានគយ និងរដ្ឋាករ និងអគ្គនាយកដ្ឋានពន្ធដារ បូកសរុបបញ្ចូលគ្នានៅពេញមួយឆ្នាំ២០២១នេះ នៅតែរក្សាបានតួលេខកំណើន២ខ្ទង់ បើធៀបនឹងផែនការកំណត់ដោយច្បាប់។ បើតាមការអះអាងរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅឆ្នាំ២០២១ ចំណូលពន្ធដែលប្រមូលដោយគយ និងពន្ធដារ សម្រេចបានប្រហែល ៥ពាន់លានដុល្លារ កើន២៤%នៃផែនការកំណត់ដោយច្បាប់ ឬស្មើនឹងកំណើនជាទឹកប្រាក់ជាង ៥០០លានដុល្លារ។
អគ្គនាយកដ្ឋានពន្ធដារ

សម្ដេច​តេ​ជោ ហ៊ុន​សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ថ្លែង​នៅ​ក្នុង​ពី​ធី​បើក​ការដ្ឋាន​សាងសង់ និង​លើក​កម្រិត​កម្ពស់​ភាព​ផ្លូវជាតិ​លេខ ៤៨ ថា នៅ​ក្នុង​ឆ្នាំ​២០២១ កន្លង​ទៅ​នេះ បើ​ទោះបីជា​កម្ពុជា​ស្ថិត​នៅ​ក្នុង​បរិបទ​នៃ​ជំងឺ​កូ​វី​ដ​-១៩ ក៏​ដោយ ប៉ុន្ដែ អគ្គនាយកដ្ឋាន​ពន្ធដារ ប្រមូល​ចំណូល​បាន​ជិត​២​ពាន់​៨​រយ​លាន​ដុល្លារ  កើន​លើស​ផែនការ រហូត​ដល់​ទៅ​២៤% ស្មើនឹង​ទឹកប្រាក់​ចំនួន​ជាង ៥00​លាន​ដុល្លា​អា​មេ​រិ​ក​។ ដោយឡែក អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​វិញ​ប្រមូល​បាន​ប្រមាណ ជិត​២​ពាន់​៣​រយ​លាន​ដុល្លារ ស្មើនឹង​ប្រមាណ ជាង ៩៧% នៃ​ផែនការ​។

ទោះ​យ៉ាងណា បើ​តាម​សម្តេច​តេ​ជោ ហ៊ុន សែន សរុប​ចំណូល​ដែល​ប្រមូល​បាន​ដោយ​ស្ថាប័ន​ជាតិ​ប្រមូល​ចំណូល​ពន្ធ​ទាំង​ពីរ​ខាងលើ​នេះ គឺ​សម្រេច​បាន​ប្រមាណ ៥​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​។

សម្ដេច​តេ​ជោ ហ៊ុន សែន បាន​គូសបញ្ជាក់​ថា ដោយ​យោង​តាម​ចំណូល​ដែល​បាន​មក​ពី​គយ និង​ពន្ធដារ​ទាំង​ពីរ​នេះ​បាន​បង្ហាញ​ថា សេដ្ឋកិច្ច​កម្ពុជា​នៅ​មាន​លំនឹង និង​មិន​អាច​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា​អាច​ដួល​រលំ​បាន​ទេ​។ ទន្ទឹម​នេះ សម្ដេច​ក៏​បាន​ប៉ាន់​ប្រមាណ​ថា ការ​ងើបឡើង​វិញ​នៃ​សេដ្ឋកិច្ច​កម្ពុជា​នៅ​ឆ្នាំ​២០២១​ដែល​ទើប​បិទ​បញ្ចប់​ទៅ​ថ្មី​ៗ​នេះ សម្រេច​បាន​នៅ​ក្នុង​រង្វង់ ៣% ខណៈ​ការ​វាយតម្លៃ​ចុង​ក្រោយ​នឹង​ធ្វើ​ឡើង​នៅ​ខែមីនា ឆ្នាំ​២០២២ ហើយ​ការ​ងើបឡើង​នៃ​សេដ្ឋកិច្ច​កម្ពុជា​នេះ គឺ​ជំរុញ​ដោយ​វិធានការ​បើក​ប្រទេស​ពេញលេញ ខណៈ​កម្ពុជា​ចាក់​វ៉ាក់សាំង​ជូន​ប្រជាជន​ជិត ១០០​ភាគរយ​ហើយ​។

សូម​បញ្ជាក់​ដែរ​ថា កាលពី​ឆ្នាំ​២០២០​កន្លង​ទៅ​នេះ ចំណូល​ពន្ធ​ដែល​ប្រមូល​ដោយ​គយ និង​ពន្ធដារ បូក​បញ្ចូល​គ្នា​សម្រេច​បាន​ប្រមាណ​ជិត ៥​ពាន់​៣​រយ​លាន​ដុល្លារ​អា​មេ​រិ​ក​។ ក្នុង​នោះ ចំណូល​ប្រមូល​ដោយ​ពន្ធដារ មាន​ជាង​២​ពាន់​៨​រយ​លាន​ដុល្លារ កើនឡើង​ជិត​៤% ធៀប​នឹង​ឆ្នាំ​២០១៩ ខណៈ​ដែល​ចំណូល​ប្រមូល​ដោយ​គយ​វិញ មាន​ជាង ២​ពាន់​៤​រយ​លាន​ដុល្លារ ថយ​ចុះ​២៤%៕

អត្ថបទ ហួន ស្រីនីត

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើវិស័យធានារ៉ាប់រងកម្ពុជាឆ្នាំ២០២១សម្រេចបានកំណើនកម្រិតណា?

ព័ត៌មាន
អ្នកជំនាញនៅក្នុងវិស័យធានារ៉ាប់រងអះអាងថា វិស័យធានារ៉ាប់រងនៅកម្ពុជាក្នុងឆ្នាំ២០២១ ដែលទើបតែបិទបញ្ចប់ទៅថ្មីៗនេះ នៅតែមានដំណើរការល្អប្រសើរ …

ក្រុមហ៊ុនវើលដ៍ប្រ៊ីដ ត្រេតឌីង នឹងមានអ្វីកាន់តែពិសេសបន្ថែម សម្រាប់ឱកាសឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មីនេះ

ព័ត៌មាន
ក្រុមហ៊ុនវើលដ៍ប្រ៊ីដ ត្រេតឌីង គឺជាក្រុមហ៊ុននាំចូលផ្តាច់មុខនូវសំបករថយន្ត៣ប្រភេទ គឺទី១ MICHELIN ទី២ BFGoodrich និងទី៣ គឺ Doublestar។ …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ