
ស្របពេលដែលប្រទេសថៃ ប្រឈមមុខនឹងភាពតានតឹងកាន់តែខ្លាំងឡើងជាមួយប្រទេសកម្ពុជា នៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ កងទ័ពថៃ កំពុងសម្លឹងជ្រើសរើសឧត្ដមសេនីយ៍ទោ វីរៈយុទ្ធ រ៉ាក់ស៊ីប (Weerayuth Raksilp) ជាបេក្ខភាពជំនួសតំណែងមេបញ្ជាការភូមិភាគ២ ប៊ុនស៊ីន ផាតឃ្លាំង ដែលនឹងចូលនិវត្តន៍នៅខែកញ្ញា ខាងមុខនេះ។
ឧត្តមសេនីយ៍ទោ វីរៈយុទ្ធ រ៉ាក់ស៊ីប ដែលបច្ចុប្បន្នជាមេបញ្ជាការរងទទួលបន្ទុកផ្នែកប្រតិបត្តិការ និងចារកម្មនៅក្នុងជួរកងទ័ពទី២របស់ថៃ គឺជាមន្រ្តីយោធាដែលមានបទពិសោធន៍ច្រើន និងបានបញ្ចប់ការសិក្សាជំនាញយោធាជំនាន់ទី២៦ នៅសាលាត្រៀមកងយោធពលថៃភូមិន្ទ ដូចគ្នានឹងឧត្តមសេនីយ៍ឯក ផាណា ខ្លេវផ្លូតធុក (Pana Klaewplodthuk) អគ្គមេបញ្ជាការកងទ័ព និងឧត្តមសេនីយ៍ឯក ប៊ុនស៊ីន ផាតឃ្លាំង ដែលជិតចូលនិវត្តន៍ដែរ។
ការតែងតាំងឧត្ដមសេនីយ៍ទោ វីរៈយុទ្ធ រ៉ាក់ស៊ីប ត្រូវបានគេមើលឃើញថា ជាយុទ្ធសាស្ត្រថ្មីមួយដើម្បីធានាបានថា អាចគ្រប់គ្រងស្ថានការណ៍ជម្លោះព្រំដែនកម្ពុជា-ថៃ បានយ៉ាងរឹងមាំ។
សូមបញ្ជាក់ថា លោក វីរៈយុទ្ធ រ៉ាក់ស៊ីប បានដើរតួនាទីយ៉ាងសំខាន់នៅក្នុងកិច្ចការការទូតព្រំដែននាពេលថ្មីៗនេះ ដោយលោកបានដឹកនាំយោធាថៃទៅចូលរួមក្នុងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នៅប្រទេសម៉ាឡេស៊ី ហើយលោកត្រូវបានតែងតាំងជាប្រធានបញ្ជាការដ្ឋានជួរមុខក្បែរតំបន់មុំបី។ លើសពីនេះ លោកធ្លាប់បានអមដំណើរគណៈប្រតិភូថៃ មកចូលរួមកិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក (JBC) កម្ពុជា-ថៃ កាលពីពេលថ្មីៗនេះនៅរាជធានីភ្នំពេញ ដែលទាំងនេះបង្ហាញថា លោកទទួលបានការជឿទុកចិត្តពីមេបញ្ជាការជាន់ខ្ពស់ និងក្រសួងការបរទេសថៃ។
យោងតាមវិទ្យាស្ថានជាតិ នៃរដ្ឋបាលអភិវឌ្ឍន៍ (NIDA) បានឱ្យដឹងថា ការជឿទុកចិត្តរបស់សាធារណជនថៃ លើកងទ័ពថៃ នៅក្នុងការដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ គឺរឹងមាំណាស់ដែលមានរហូតដល់ទៅជាង៧៥%៕
ដោយ: តែម សុខុម