នរណាអាចក្លាយជានាយករដ្ឋមន្រ្តីទី៣២របស់ថៃ

តើនរណាអាចក្លាយជានាយករដ្ឋមន្រ្តីទី៣២របស់ថៃ ជំនួសលោកស្រី ផែថងថាន ដែលខ្ទាតចេញពីតំណែង?


ក្រោយលោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា ដែលកាន់អំណាចបាន១០ខែ១៥ថ្ងៃខ្ទាតចេញពីកៅអីនាយករដ្ឋមន្ត្រី ដោយសារសាលក្រមតុលាការធម្មនុញ្ញកាលពីសប្តាហ៍មុន បេក្ខជនដែលគេគិតថា អាចឡើងកាន់អំណាចបន្តមានចំនួន៥រូប។
នរណាអាចក្លាយជានាយករដ្ឋមន្រ្តីទី៣២របស់ថៃ
ដោយ

ប៉ុន្តែនៅពេលនេះបេក្ខជនដែលលេចធ្លោមានតែពីររូប គឺលោក ឆៃកាសេម នីទិស៊ីរី (Chaikasem Nitisiri) មកពីគណបក្សភឿថៃ និងជាអ្នកដែលទំនាក់ទំនងជិតដិតនឹងលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា និងលោក អានុទិន ឆានវីរ៉ាគុល (Anutin Charnvirakul) មេដឹកនាំគណបក្សភូមិចៃថៃ ដែលធ្លាប់កាន់តំណែងជាឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីមហាផ្ទៃ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bloomberg។

សភាថៃ អាចនឹងកោះប្រជុំ ដើម្បីជ្រើសរើសនាយករដ្ឋមន្រ្តីថ្មីជំនួសលោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា ដែលត្រូវបានតុលាការធម្មនុញ្ញបញ្ចប់តំណែងកាលពីថ្ងៃទី២៩ ខែសីហា ចន្លោះពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែកញ្ញា ខាងមុខនេះ។ នៅពេលនេះ បេក្ខជននាយករដ្ឋមន្ត្រីដែលមានភាពលេចធ្លោ​ជាងគេមានចំនួនពីររូប រួមមាន លោក ឆៃកាសេម នីទិស៊ីរី មកពីគណបក្សភឿថៃ និងលោក អានុទិន មកពីគណបក្សភូមិចៃថៃ។

អ្នកវិភាគបានលើកឡើងថា រវាងបេក្ខជនទំាំងពីរ ប្រសិនបើបេក្ខជនណាមួយអាចទាក់ទាញការគាំទ្រពីតំណាងរាស្រ្តមកពីគណបក្សប្រឆាំង គឺគណបក្សប្រជាជនថៃ ដែលមានសមាជិកសភាភាគច្រើនលើសលុបជាអតីតសមាជិកគណបក្សឆ្ពោះទៅមុខ ដែលឈ្នះឆ្នោតតែមិនមានឱកាសកាន់អំណាច ហើយត្រូវតុលាការធម្មនុញ្ញរំលាយចោល នោះនឹងអាចក្លាយជានាយករដ្ឋមន្រ្តីថៃ ទី៣២។

បច្ចុប្បន្នទាំងតំណាងគណបក្សភឿថៃ ដែលគាំទ្រលោក ឆៃកាសេម និងគណបក្សភូមិថៃថៃ ដែលដាក់បេក្ខភាពលោក អានុទិន កំពុងប្រឹងប្រែងទាក់ទាញការគាំទ្រពីគណបក្សប្រជាជនថៃ។ ស្ថិតក្នុងស្ថានភាពដ៏ប្រទាញប្រទង់គ្នានេះ គណបក្សប្រជាជនថៃ បានដាក់នូវលក្ខខណ្ឌមើលទៅសាមញ្ញបំផុត ប៉ុន្តែវាបង្កប់នូវអត្ថន័យដែលពិបាកទទួលយកសម្រាប់គណបក្សទាំងពីរ ក្នុងនោះគណបក្សនេះទាមទារឱ្យរំលាយសភាក្នុងរយៈពេល៤ខែ ដើម្បីបោះឆ្នោតជាថ្មី និងការធ្វើប្រជាមតិលើរដ្ឋធម្មនុញ្ញថៃ។ ហើយមកដល់ពេលនេះ គណបក្សនេះមិនទាន់បានបញ្ជាក់ថា ខ្លួនគាំទ្របេក្ខភាពណាមួយនៅឡើយទេ។

លោក ធីទីណាន ភុងសុឌីរក្ស (Thitinan Pongsudhirak) សាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រនយោបាយនៅសាកលវិទ្យាល័យជូឡាឡុងកន បានអះអាងថា ច្បាប់ថៃ ពេលខ្លះហាក់មានចំណុចខ្សោយ ដែលរៀបចំឡើង ដើម្បីរក្សាគណបក្ស និងអ្នកនយោបាយទន់ខ្សោយ តែពេលខ្លះច្បាប់នោះហាក់ដូចជាតឹងតែងនាំឱ្យមានភាពរញ៉េរញ៉ៃយ៉ាងខ្លាំង។

អ្នកវិភាគបានព្រមានថា ប្រសិនបើស្ថានភាពនយោបាយថៃ នៅតែស្ថិតក្នុងស្ថានភាពមិនមានមេដឹកនាំពិតប្រាកដដូចសព្វថ្ងៃនេះ នោះសេដ្ឋកិច្ចថៃនឹងជួបបញ្ហាកាន់តែធ្ងន់ធ្ងរ ស្របពេលដែលប្រទេសនេះកំពុងមានអរិភាពព្រំដែនជាមួយកម្ពុជា និងមីយ៉ាន់ម៉ា ដែលធ្វើឱ្យរាំងស្ទះពាណិជ្ជកម្ម និងលំហូរនៃទេសចរ។ ជាក់ស្តែងភាពចលាចលនយោបាយផ្ទៃក្នុងថៃ បានទាញទម្លាក់តម្លៃភាគហ៊ុនថៃ ឱ្យធ្លាក់ចុះជិត១២% ដែលជាការធ្លាក់ចុះដ៏អាក្រក់បំផុតនៅអាស៊ី៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ក្រុមហ៊ុន Vietjet ប្រកាសដាក់ដំណើរការផ្លូវហោះហើរថ្មី ស្របពេលការធ្វើសវនកម្មបង្ហាញលទ្ធផលហិរញ្ញវត្ថុដ៏រឹងមាំនៅឆមាសទីមួយនៃឆ្នាំ 2025 ការបន្តបង្កើនកងនាវាអាកាសចរ និងការពង្រីកបណ្តាញជាសកល

(ភ្នំពេញ ថ្ងៃទី 01 ខែកញ្ញា ឆ្នាំ 2025) - ក្រុមហ៊ុន Vietjet បានចេញផ្សាយរបាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្មរបស់ខ្លួនសម្រាប់ឆមាសទីមួយនៃឆ្ន…

លោក ស៊ី ជីនពីង និងលោក ពូទីន បង្ហាញមហិច្ឆតាចង់បង្កើតសណ្ដាប់ធ្នាប់ពិភពលោកថ្មី ដើម្បីប្រឆាំងលោកខាងលិច

មហាយក្សចិន នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ បានជំរុញឱ្យក្រុមមេដឹកនាំពិភពលោកដែលមានវត្តមានចូលរួមក្នុងកិច្ចប្រជុំកំពូល នៃអង្គការសហប្រតិបត្តិការស…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ