បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Business Inquirer បានឱ្យដឹងថា ក្រុមហ៊ុនជប៉ុនដែលកំពុងធ្វើប្រតិបត្តិការនៅក្នុងប្រទេសចិន បានសម្រេចរើផលិតកម្មចេញពីមហាអំណាចសេដ្ឋកិច្ចលេខ២លើពិភពលោកមួយនេះទៅតំបន់អាស៊ីអាគ្នេយ៍មានការកើនឡើងគួរឲ្យកត់សម្គាល់។ ស្ថានភាពនេះបានកើតមានឡើងនៅចំពេល ដែលកំណើនសេដ្ឋកិច្ចចិនធ្លាក់ចុះ និងក្តីបារម្ភពីការកើនឡើងហានិភ័យនៃការធ្វើអាជីវកម្មនៅក្នុងប្រទេសចិន ដែលបណ្តាលមកពីសង្រ្គាមពាណិជ្ជកម្មជាមួយនឹងសហរដ្ឋអាម៉េរិក និង ការព្រួយបារម្ភពីករណីចាប់ខ្លួនដោយហេតុផលមិនច្បាស់លាស់នៅក្នុងប្រទេសនេះ។
សេដ្ឋកិច្ចចិន កំពុងស្ថិតក្នុងសភាពទ្រឹង បើទោះបីជាផលិតផលក្នុងស្រុកសរុបរបស់ប្រទេសមហាអំណាចសេដ្ឋកិច្ចទី២លើពិភពលោកមួយនេះនៅត្រីមាសទី២ឆ្នាំ២០២៤ បានកើនឡើង៤,៧% ក៏ដោយ ។ ស្ថិតិវិនិយោគបានបង្ហាញថា លំហូរទុនវិនិយោគផ្ទាល់ពីបរទេសរបស់ចិន នៅក្នុងឆមាសទី១ឆ្នាំនេះមានការធ្លាក់ចុះជាង២៩% ដោយសារតែហានិភ័យនៃការដាក់សម្ពាធពន្ធរបស់អាម៉េរិក មកលើទំនិញនាំចេញពីចិន។
បើយោងតាមការកត់ត្រាមួយរបស់ក្រុមហ៊ុន Teikoku Databank បានឲ្យដឹងថា ចំនួនក្រុមហ៊ុនផលិតកម្មដែលបានចុះបញ្ជីនៅក្នុងប្រទេសជប៉ុននៅឆ្នាំ២០១២ មានសរុបជាង១ម៉ឺន៤ពាន់ក្រុមហ៊ុន តែនៅក្នុងឆ្នាំ ២០២៣ កន្លងទៅ គឺបានធ្លាក់ចុះមកនៅត្រឹមតែជាង១ម៉ឺន៣ពាន់ក្រុមហ៊ុនតែប៉ុណ្ណោះ។ ដោយក្រុមខ្លះបានផ្លាស់ទៅសហរដ្ឋអាម៉េរិក ខ្លះទៅថៃ ខ្លះទៅសិង្ហបុរី និងខ្លះទៀតទៅប្រទេសវៀតណាម ។
ជាមួយគ្នានេះ ក្រុមហ៊ុន Sony ក៏កំពុងដំណើរការកែសម្រួលផលិតកម្មរបស់ខ្លួនផងដែរ ដោយកាលពីឆ្នាំ២០២៣ កន្លងទៅ ក្រុមហ៊ុននេះ បានរើផលិតកម្មកាមេរ៉ាចេញពីប្រទេសចិន ទៅបង្កើតនៅថៃ ដោយរក្សាផលិតកម្មនៅចិន គឺសម្រាប់តែទីផ្សារនៅចិនប៉ុណ្ណោះ។ ដោយឡែកក្រុមហ៊ុន Kyocera ក៏មានគម្រោងផ្ទេរផ្នែកមួយនៃផលិតកម្មឧបករណ៍អគ្គិសនីរបស់ខ្លួននៅក្នុងប្រទេសចិន ទៅកាន់ប្រទេសវៀតណាមផងដែរ៕
ដោយៈ សរ សុជាតិ