បើទោះបីជា វិស័យធនាគារ និងហិរញ្ញវត្ថុ បានរួមចំណែកផ្ដល់ប្រភពទុនកម្ចី ឬឥណទានជាច្រើន សម្រាប់ដំណើរការអាជីវកម្មយ៉ាងណាក្ដី ប៉ុន្ដែម្ចាស់អាជីវកម្មមួយចំនួន នៅតែពិបាក ក្នុងការទទួលបានប្រាក់កម្ចី។ ទោះបីការទទួលបានឥណទាន ពីវិស័យធនាគារផ្តល់នូវអត្ថប្រយោជន៍ជាច្រើន ក្នុងការប្រកបអាជីវកម្មរបស់ខ្លួន ឬដើម្បីបំពេញនូវតម្រូវការ ផ្នែកហិរញ្ញវត្ថុ ប៉ុន្តែមុនពេលទទួលយកឥណទានណាមួយ អ្នកស្នើសុំឥណទានត្រូវចាំបាច់ពិចារណាឲ្យបានល្អិតល្អន់ ដើម្បីឲ្យប្រាកដថាមានលទ្ធភាពសងត្រឡប់មកវិញ និងចៀសផុត ពីបំណុលវណ្តក នៅពេលស្ថានភាពហិរញ្ញវត្ថុជួបនូវការប៉ះពាល់ជាអវិជ្ជមានណាមួយ។ នៅមានម្ចាស់អាជីវកម្មមួយចំនួន ទៅទទួលយកឥណទានក្រៅប្រព័ន្ធធនាគារ ដែលមិនមានការអនុញ្ញាតិពីអាជ្ញាធរ ដែលឥណទានទាំងនោះមានការយកការប្រាក់ខ្ពស់ និងមិនមានការរៀបចំគ្រប់គ្រងបានត្រឹមត្រូវ។
របាយការណ៍ពីធនាគារជាតិ នៃកម្ពុជាបង្ហាញថា គិតត្រឹមចុងឆ្នាំ២០២៣ ទំហំឥណទានសរុប ដែលវិស័យស្ថានធនាគារ បានផ្ដល់ទៅឲ្យអតិថិជន កើនដល់ ៥១ពាន់លានដុល្លារ ស្មើនឹងអត្រាកំណើនជិត ១៥% បើធៀបនឹងចុងឆ្នាំ២០២២។ ក្នុងនោះ ភាគច្រើននៃប្រាក់កម្ចីទាំងនោះ គឺត្រូវបានយកទៅប្រើប្រាស់ លើអាជីវកម្ម នៅក្នុងវិស័យជាច្រើន ជាពិសេសក្នុងវិស័យជួញដូររាយ ដែលមានដល់ទៅ ១៧,៦% នៃទំហំឥណទានសរុប។ របាយការណ៍ដដែលនេះ បានបង្ហាញទៀតថា អនុបាតឥណទានមិនដំណើរការ (NPL) នៅក្នុងវិស័យធនាគារ បានបន្ដកើនឡើងដល់ទៅ ៥,៤% នៅឆ្នាំ២០២៣។
ជាទូទៅ ការផ្ដល់កម្ចីក្រៅផ្លូវការ ឬកម្ចីខុសច្បាប់ទាំងនេះ អ្នកផ្ដល់កម្ចីពុំមានការសិក្សា ឬមានលក្ខខណ្ឌតម្រូវច្រើននោះទេ ប៉ុន្ដែអត្រាការប្រាក់វិញ គឺមានខ្ពស់ខ្លាំង បើធៀបនឹង កម្ចីផ្លូវការ ដែលផ្ដល់ដោយគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ ដែលមានអាជ្ញាបណ្ណស្របច្បាប់។
ធនាគារជាតិ នៃកម្ពុជា នាពេលកន្លងមក ក៏បានក្រើនរំឭកជារឿយៗ ឲ្យពលរដ្ឋមានការប្រុងប្រយ័ត្ន និងជៀសវាងការប្រើប្រាស់សេវាហិរញ្ញវត្ថុក្រៅផ្លូវការទាំងនេះ ហើយគប្បីប្រឹក្សាជាមួយគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ ដែលមានអាជ្ញាបណ្ណត្រឹមត្រូវ សម្រាប់ការស្វែងរកប្រាក់កម្ចី។
បើតាមលោក ហុង ជៀប នាយកសេវាហិរញ្ញវត្ថុពាណិជ្ជកម្ម នៃធនាគារ CIMB បានបញ្ជាក់ផងដែរថា កម្ចីពីធនាគារ ផ្តល់នូវអត្ថប្រយោជន៍ជាច្រើន ដល់អតិថិជន ដែលរួមមានអត្រាការប្រាក់ល្អ រយៈពេលវែង និងទំហំបង់រំលោះទាបជាដើម។ ជាមួយនឹងការសិក្សា និងប្រឹក្សាយោបល់ច្បាស់លាស់របស់ធនាគារ ស្របទៅតាមអាជីវកម្មនីមួយៗ កម្ចីធនាគារគឺជាប្រភពទុនដ៏សុវត្ថិភាព ដែលអាចជំរុញដល់ភាពរីកចម្រើនរបស់ម្ចាស់អាជីវកម្ម និងបញ្ចៀសការខូចប្រវត្តិឥណទានរបស់ពួកគេផងដែរ។
ដើម្បីលម្អិតបន្ថែម អំពីប្រធានបទនេះ សូមរង់ចាំទស្សនាកិច្ចសម្ភាសន៍ របស់កម្មវិធី «លុយខ្ញុំ អនាគតខ្ញុំ» ជាមួយនឹង លោក ហុង ជៀប នាយកសេវាហិរញ្ញវត្ថុពាណិជ្ជកម្ម នៃធនាគារ CIMB នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៤ ដែលនឹងមានផ្សាយជូនទស្សនា នៅលើទំព័រហ្វេសប៊ុក និងយូធូបរបស់ខេមបូណូមីស និងធនាគារ CIMB៕