ប្រទេសឥណ្ឌូនេស៊ី

តើការបណ្ដោយឲ្យតម្លៃប្រេងឡើងថ្លៃ ពិតជានឹងធ្វើអត្តឃាតនយោបាយរបស់លោកចូកូ វីដូដូ ឬយ៉ាងណា?


ក្រោយការឧបត្ថម្ភធនអស់ពេល៨ឆ្នាំ ប្រធានាធិបតីឥណ្ឌូនេស៊ីកាលពីដើមខែកញ្ញា បានសម្រេចចិត្តឈប់ផ្តល់ប្រាក់ឧបត្ថម្ភធនលើប្រេងឥន្ធនៈ ហើយបណ្តោយឱ្យប្រេងឡើងថ្លៃភ្លាមៗ ស្របទៅតាមនិន្នាការនៃអតិផរណាទីផ្សារ។ ប្រការនេះធ្វើឱ្យពលរដ្ឋមិនពេញចិត្ត ហើយបានចេញផ្លូវធ្វើបាតុកម្មទាមទារឱ្យមានអន្តរាគមន៍ពីរដ្ឋាភិបាលឡើងវិញ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន Nikkei។
ប្រជាប្រិយភាពនយោបាយរបស់ប្រធានាធិបតីឥណ្ឌូនេស៊ីទៅជាយ៉ាងណា?

មកទល់នឹងពេលនេះ ប្រធានាធិបតី​ឥណ្ឌូនេស៊ី លោកចូកូ វីដូដូ ហាក់មិនបាន​ផ្លាស់ប្តូរ​ការសម្រេចចិត្ត​របស់លោកនោះទេ ទោះបីពលរដ្ឋកាន់តែច្រើន​បន្តធ្វើបាតុកម្ម ដែលគំរាមកំហែង​ដល់ប្រជាប្រិយ​ភាព​នយោបាយ​របស់លោកក្តី។

នៅក្នុងកិច្ចប្រជុំជាមួយនឹងរដ្ឋបាលតាមតំបន់ លោកចូកូ វីដូដូ បានបញ្ជាឱ្យតំបន់នីមួយៗ ប្រើប្រាស់ថវិកាដែលមាន ផ្តល់ជំនួយសាច់ប្រាក់​ដល់អាជីវកម្ម​ខ្នាតតូច និងជួយ​ដល់ការឡើងថ្លៃ ម្ហូបអាហារ និងការដឹកជញ្ជូន តាមតំបន់រៀងៗខ្លួន។ លោក វីដូដូ បានបញ្ជាក់ថា ការផ្តល់ជំនួយ​លើកនេះ គឺបន្ថែមពីលើរបប​ដែលក្រសួងហិរញ្ញវត្ថុ បានផ្តល់សាច់ប្រាក់ទៅកាន់គ្រួសារក្រីក្រ និង កម្មករមានចំណូលទាប។ ប្រធានាធិបតីរូបនេះ ជឿជាក់ប្រសិន​បើតំបន់ទាំងនេះ អាចធ្វើបានអ្វីដែលលោកណែនាំ នោះគេនឹង​អាច​ទប់​​អតិផរណា​បាន។

ទោះយ៉ាងណា នេះមិនមែនជាអ្វីដែលពលរដ្ឋ ពិសេសគឺក្រុមបាតុករចង់បាននោះទេ។ ចាប់តាំងពីថ្ងៃទី៣ខែកញ្ញា ជាគ្រាដែលរដ្ឋចាប់ផ្តើមដំឡើងថ្លៃប្រេងដំបូង ចលនាបាតុកម្មផ្តើមចេញតាមផ្លូវការតែច្រើនទូទាំងប្រទេស និងស្ទើរតែរាល់ថ្ងៃទៅហើយ។ បាតុករថែមទាំងបានសន្យា បន្តធ្វើបាតុកម្ម​អហិង្សា រហូតដល់រដ្ឋាភិបាលក្រុងចាកាតា ព្រមផ្លាស់ប្តូរការសម្រេចចិត្ត មកផ្តល់ប្រាក់ឧបត្ថម្ភសម្រាប់ឥន្ធនៈឡើងវិញ​ ដើម្បីបញ្ចុះតម្លៃ។

យ៉ាងណាមិញ ដោយ​ការប្រឈមមុខដាក់គ្នាច្រើនថ្ងៃរវាងបាតុករ និងកងសន្តិសុខ ចលនាបាតុកម្មនៅតំបន់ខ្លះបានប្រែក្លាយជាហិង្សា រួមមានការបិទផ្លូវ និងការដុតកង់ឡានជាដើម។

មុនមកដល់ដំណាក់កាលនេះ អតិផរណានៅឥណ្ឌូណេស៊ីមានភាពធូរស្រាលជាងប្រទេសនានា បើទោះបីជាតម្លៃថាមពល និងអាហារកើនឡើងទូទាំងពិភពលោកដោយសារតែការលុកលុយរបស់រុស្ស៊ីមកលើអ៊ុយក្រែនក៏ដោយ។ នេះក៏ដោយសារតែគោលនយោបាយឧបត្ថម្ភធនប្រេងឥន្ធនៈ ដែលបានរក្សាតម្លៃប្រេងឥន្ធនៈលក់រាយក្នុងស្រុកភាគច្រើន ឱ្យនៅថេរអស់រយៈពេលជាច្រើនខែមកហើយ។ អតិផរណានៅក្នុងប្រទេសសេដ្ឋកិច្ចធំបំផុតរបស់អាស៊ីអាគ្នេយ៍មួយនេះ បានកើនឡើងដល់ជិត៥% កាលពីខែកក្កដា ដែលជាកម្រិតខ្ពស់បំផុតក្នុងរយៈពេលជិត៧ឆ្នាំចុងក្រោយ។ ទោះយ៉ាងណា ដោយសារតែតម្លៃប្រេងសកលកើនខ្ពស់ពេក ធ្វើឱ្យក្រុងហ្សាកាតា មិនមានលទ្ធភាពអាចទ្រាំទ្រ ផ្តល់ប្រាក់ឧបត្ថម្ភធនបន្តទៀតបាន ទើបសម្រេចចិត្តបញ្ឈប់គោលនយោបាយនេះ។

ក្រោយបញ្ចប់គោលនយោបាយឧបត្ថម្ភធនខាងលើ តម្លៃប្រេងបានហក់ឡើង៣០%ចាប់តាំងពីដើមខែកញ្ញា ធ្វើឱ្យសាំងធម្មតាមានតម្លៃ ១០ ០០០ រូភា ឬស្មើនឹងប្រមាណ ២៨០០រៀល ខណៈ​ប្រេងម៉ាស៊ូតមានតម្លៃ ៦៨០០រូភា ឬស្មើនឹងជិត ២០០០រៀល។

គួរជម្រាបថា ការដំឡើងថ្លៃប្រេងឥន្ធនៈ​នៅតែជា​ប្រធានបទរសើបខ្លាំង​នៅក្នុង​ប្រទេសឥណ្ឌូនេស៊ី។ អតីតរដ្ឋសមាជិកអង្គការ OPEC មួយនេះ​ ជាអ្នកនាំចូលប្រេងដ៏ធំមួយចាប់តាំងពីទសវត្សរ៍ឆ្នាំ ២០០០មក។ ការឡើងថ្លៃប្រេងនាពេលថ្មីនេះ នាំឱ្យមានការតវ៉ាកាន់តែដ៏ធំ និងចលាចលក្នុងសង្គម ហើយធ្វើ​ឱ្យគេនឹកភ្នក​ដល់កុបកម្មកាលពីឆ្នាំ១៩៩៨ ដែលនាំទៅដល់ការដួលរលំនៃការគ្រប់គ្រងរយៈពេល៣០ឆ្នាំរបស់ប្រធានាធិបតីស៊ូហាតូ។

ចំណែក លោកចូកូ​​ វីដូដូ ដែលជាប់ឆ្នោតជាប្រធានាធិបតីកាលពីឆ្នាំ២០១៤ គឺសំដៅចូលខ្លួនមកកសាងហេដ្ឋារចនាសម្ព័ន្ធប្រទេស តាមរយៈកាត់បន្ថយការឧបត្ថម្ភធនលើវិស័យថាមពល និងជួយជំរុញកំណើនសេដ្ឋកិច្ច តាមរយៈការជំរុញការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ។ ប៉ុន្តែចាប់ពីឆ្នាំ២០១៨នៅគ្រាដែលតម្លៃប្រេងសកលកើនឡើង ប្រធានាធិបតីរូបនេះបានផ្តើមចាប់ផ្តើមផ្តល់ប្រាក់ឧបត្ថម្ភធនឡើងវិញ​លើថាមពល ដើម្បីបញ្ជៀសអតិផរណា និងចលាចលសង្គម ដូចធ្លាប់កើតឡើងពីមុន។

ហេតុនេះហើយទើបអ្នកតាមដានព្រឹត្តិការណ៍សង្គមនៅឥណ្ឌូនេស៊ីមួយចំនួន បានដាក់ការងឿងឆ្ងល់ថា ការសម្រេចចិត្តរបស់លោកវីដូដូនៅពេលនេះ ជាការប្រថុយប្រថាននឹងជោគវាសនានយោបាយ ជាប្រធានាធិបតីរបស់លោក តាមរយៈការធ្វើឱ្យប៉ះពាល់ដល់ឱកាសឈ្នះឆ្នោតរបស់គណបក្សតស៊ូ​ដើម្បីប្រជាធិបតេយ្យឥណ្ឌូនេស៊ី (PDI-P) នៅដើមឆ្នាំ២០២៤ខាងមុខ ដែរឬយ៉ាងណា។

ឆ្លើយតបនឹងចំងល់នេះ ប្រធានាធិបតីវីដូដូបានឆ្លើយនៅក្នុងកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍ CNBC Indonesia ថា៖ «សម្រាប់សេដ្ឋកិច្ចជាតិវាជារឿងចាំបាច់ តែសម្រាប់រូបលោកផ្ទាល់វាគ្មានអ្វីត្រូវខាតបង់ទេ ព្រោះលោកមិនអាចឈរឈ្មោះជាបេក្ខជ​នប្រកួតប្រជែង​តំណែងប្រធានាធិបតីទៀតបានឡើយ»។

សូមបញ្ជាក់ថា ​រដ្ឋធម្មនុញ្ញ​ឥណ្ឌូនេស៊ី​បានចែង មិនឱ្យប្រធានាធិបតីមួយរូបអាចបន្តឈរឈ្មោះ នឹងដឹកនាំប្រទេសលើសពី ពីរ​អាណត្តិនោះទេ។ ប៉ុន្តែចូរកុំភ្លេចថា កូនប្រុស​របស់លោកវីដូដូ ដែលបច្ចុប្បន្នជាអភិបាលក្រុង និង​កូនប្រសា​របស់​លោក​​ក៏​ជា​សមាជិកនៃ​បក្ស​កាន់អំណាច​ដែរ។ ដូចនេះ​អ្នកសង្កេតព្រឹត្តិការណ៍សង្គមនៅឥណ្ឌូនេស៊ី យល់ឃើញថាការឡើងថ្លៃឥន្ធនៈនៅពេលនេះ​នឹងក្លាយជា ការធ្វើអត្តឃាតនយោបាយ របស់បក្សកាន់អំណាច តស៊ូដើម្បីប្រជាធិបតេយ្យឥណ្ឌូនេស៊ី និងកូនៗរបស់លោកក៏ថាបាន៕




អត្ថបទបន្ទាប់


ផ្សារទំនើប ខេ ម៉ល ព្រែកត្នោត- ទីតាំងផ្សារទំនើបសហគមន៍ថ្មីសម្រាប់លោកអ្នក

ព័ត៌មាន
ផ្សារទំនើប ខេ ម៉ល អភិវឌ្ឍដោយក្រុមហ៊ុន អឺបេនលែន (Urbanland) ប្រកាសពង្រីកគម្រោងផ្សារ ទំនើបមួយទៀតនៅក្នុងតំបន់ព្រែកត្នោត ភាគខាងត្បូងនៃទីក្រុ…

កត្តាអ្វីនៅពីក្រោយការធ្លាក់ចុះតម្លៃមាសពិភពលោក ដល់កម្រិតទាបបំផុតក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ?

ព័ត៌មាន
តម្លៃហាងឆេងមាសបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលជាង ២ ឆ្នាំមកនេះដែលបានរងសម្ពាធដោយសារប្រាក់ដុល្លារអាមេរិកឡើងថ្លៃ និងការកើនឡើងនៃទ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ