ក្រុមអាជីវករលក់សាច់សត្វនៅផ្សារដើមគ រាជធានីភ្នំពេញ បានគូសបញ្ជាក់ថា ទីផ្សារលក់សាច់សត្វដូចជាជ្រូក គោ មាន់ទាជាដើម ហាក់មិនមានការប្រែប្រួលគួរឱ្យកត់សម្គាល់នោះទេ នាពេលបច្ចុប្បន្ននេះ ខណៈតម្លៃវិញ គឺមានការប្រែប្រួលតិចតួចទៅតាមប្រភេទសាច់សត្វនីមួយៗ។ ជាក់ស្តែងសាច់ជ្រូកលក់លើទីផ្សារបច្ចុប្បន្នមានតម្លៃចន្លោះពី១ម៉ឺន៤ពាន់រៀល ទៅ១ម៉ឺន៨ពាន់រៀលក្នុង១គីឡូក្រាម មានការកើនឡើងតិចតួចបើធៀបនឹងប៉ុន្មានខែមុន ខណៈសាច់គោមានតម្លៃប្រមាណជិត៣ម៉ឺនរៀលក្នុងមួយគីឡូក្រាមមានការធ្លាក់ចុះបន្តិច។
យ៉ាងណាក៏ដោយចុះ នៅក្នុងចំណោមអាជីវករលក់សាច់សត្វទាំងនោះ មានអាជីវករមួយចំនួនបានជ្រើសរើសលក់សាច់សត្វ ដែលចិញ្ចឹមក្នុងស្រុក និងមួយចំនួនទៀតលក់ប្រភេទសាច់បង្កកនាំចូល។ ក្រុមអាជីវករលក់សាច់ក្នុងស្រុកបានអះអាងថា កត្តាដែលជំរុញឱ្យពួកគេលក់តែសាច់សត្វចិញ្ចឹមក្នុងស្រុក ក៏ដោយសារសាច់ប្រភេទនេះមានការនិយមចូលចិត្តបរិភោគច្រើនពីប្រជាពលរដ្ឋ ដ្បិតវាមានគុណភាពល្អ និងមានសុវត្ថិភាពសម្រាប់សុខភាពអ្នកបរិភោគ ជាពិសេសអាចជួយគាំទ្រ និងលើកកម្ពស់ដល់វិស័យចិញ្ចឹមសត្វនៅក្នុងស្រុកផងដែរ។
ជាមួយគ្នានេះ ក្រុមអាជីវករលក់សាច់សត្វបង្កកនាំចូលបានលើកឡើងថា កត្តាដែលជំរុញឱ្យពួកគេលក់សាច់បង្កកនាំចូល ដោយសារសាច់ប្រភេទនេះនៅតែមានតម្រូវការពីអតិថិជនមួយចំនួន ជាពិសេសនៅតាមហាងអាហារ បើទោះពីពួកគេបានព្យាយាមណែនាំឱ្យអតិថិជនទាំងនោះប្រើប្រាស់សាច់សត្វចិញ្ចឹមក្នុងស្រុកក៏ដោយ។ បើតាមការអះអាងរបស់ក្រុមអាជីវករ កត្តាដែលជំរុញឱ្យអតិថិជនមួយចំនួននៅតែបន្តគាំទ្រសាច់បង្កកនាំចូល ដោយសាច់ប្រភេទនេះត្រូវបានសម្អាត និងដកឆ្អឹងចេញរួចរាល់ ដែលអាចបង្កភាពងាយស្រួលដល់ការប្រើប្រាស់របស់អតិថិជន។
យ៉ាងណាមិញចំពោះប្រជាពលរដ្ឋដែលប្រើប្រាស់សាច់សម្រាប់ធ្វើម្អូបអាហារប្រចាំថ្ងៃនៅតាមផ្ទះវិញ គឺពួកគាត់និយមចូលចិត្តបរិភោគប្រភេទសាច់ដែលចិញ្ចឹមនៅក្នុងស្រុក ដោយសារវាមានគុណភាពល្អជាងសាច់បង្កកនាំចូល ដែលគ្មានស្តង់ដាត្រឹមត្រូវ។
បើតាមសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា ស្ថានភាពនៃការចិញ្ចឹមសត្វនៅកម្ពុជា នៅក្នុងរយៈពេល៩ខែឆ្នាំ២០២៤នេះ ហាក់មានស្ថានភាពល្អប្រសើរឡើងវិញ បន្ទាប់ពីបានរងព្យុះភ្លៀងជាច្រើននៅប៉ុន្មានឆ្នាំចុងក្រោយនេះ ពោលគឺកសិករចិញ្ចឹមជ្រូកបានបង្កើនការចិញ្ចឹមឡើងវិញបានប្រមាណជាង២០% បន្ទាប់ពីរាជរដ្ឋាភិបាល បានសម្រេចផ្អាកការនាំចូលបំណែកសាច់បង្កកប្រភេទគ្រឿងក្នុងអស់រយៈពេលជាច្រើនខែកន្លងមកនេះ ដែលបានធ្វើឱ្យតម្លៃជ្រូករស់ឡើងថ្លៃបានមួយកម្រិត៕