តើកោះនេះមានលក្ខណៈពិសេសអ្វីបានជាលោក ត្រាំ ចិញ្ចឹមចិត្តចង់បានយកមកគ្រប់គ្រងបែបនេះ?
សេតវិមានបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ថា កត្តាដែលជំរុញឱ្យលោក ដូណាល់ ត្រាំ នៅតែចិញ្ចឹមចិត្តចង់ក្រសោបយកកោះហ្គ្រីនលែន របស់ដាណឺម៉ាក មកគ្រប់គ្រង គឺដោយសារបញ្ហាសន្តិសុខ ព្រោះលោក ត្រាំ បារម្ភខ្លាចសត្រូវប្រើប្រាស់កោះនេះធ្វើជាច្រកដើម្បីវាយទម្លុះចូលសហរដ្ឋអាម៉េរិក។ បើតាមការអះអាងរបស់សេតវិមាន លោក ត្រាំ និងក្រុមការងាររបស់លោកកំពុងពិភាក្សាអំពីជម្រើសក្នុងការក្រសោបយកកោះហ្គ្រីនលែន ក្នុងនោះការប្រើប្រាស់យោធាជាជម្រើសអាទិភាពមួយ។ តែយ៉ាងណាមេដឹកនាំកោះ ហ្រ្គីនលែន បានអះអាងម្តងហើយម្តងទៀតថា ខ្លួនមិនចង់ក្លាយជាផ្នែកមួយរបស់សហរដ្ឋអាម៉េរិក នោះទេ ហើយមេដឹកនាំអឺរ៉ុប ក៏បានបង្ហាញការជំទាស់នឹងមហិច្ឆតានេះដែរ។
ជាមួយគ្នានេះនាយករដ្ឋមន្ត្រីដាណឺម៉ាក លោកស្រី ម៉េត ហ្វ្រេដឺរិកស៊ិន (Mette Frederiksen) បានព្រមាននថា អង្គការបក្សសម្ព័ន្ធយោធា NATO អាចនឹងដួលរលំ ប្រសិនបើអនុញ្ញាតឱ្យសហរដ្ឋអាម៉េរិក វាយដណ្តើមកាន់កាប់តំបន់ហ្គ្រីនលែន ព្រោះការវាយប្រហារណាមួយរបស់អាម៉េរិក លើប្រទេសជាសមាជិកនៃអង្គការ NATO នោះវាស្មើនឹង NATO ដួលរលំហើយវានឹងគំរាមកំហែងដល់សន្តិសុខអន្តរជាតិ។
គួរបញ្ជាក់ថា ហ្គ្រីនលែន ដែលជាតំបន់ស្វយ័តរបស់ដាណឺម៉ាក ជាកោះធំជាងគេបំផុតរបស់ពិភពលោក។ បច្ចុប្បន្នកោះ ហ្រ្គីនលែន មានប្រជាពលរដ្ឋរស់នៅត្រឹមតែប្រមាណ៥ម៉ឺន៧ពាន់នាក់ប៉ុណ្ណោះ ដោយសេដ្ឋកិច្ចរបស់កោះពឹងផ្អែកខ្លាំងលើការនេសាទ ហើយវាអាចជាកោះដែលមានកំណប់រ៉ែដ៏មហាសាល។
បើយោងតាមអត្ថបទវិភាគរបស់សារព័ត៌មាន Channel News Asia កោះនេះវាស្ថិតនៅទីតាំងយុទ្ធសាស្ត្រមួយ ដែលលាតសន្ធឹងនៅមហាសមុទ្រអាត្លង់ទិកខាងជើង និងតំបន់អាកទិក។ វាជាឃ្លាំងស្តុករ៉ែកម្រជាច្រើន និងឥន្ធនៈហ្វូស៊ីលដ៏ធំល្វឹងល្វើយ ហើយក្រៅពីអាម៉េរិក សូម្បីរុស្ស៊ី និងចិនក៏ចង់បានកោះនេះដែរ។ អត្ថបទដដែលនេះបានបញ្ជាក់ទៀតថា ដោយសារតែកោះនេះមានទីតាំងមិនឆ្ងាយពីអាម៉េរិក បានធ្វើឱ្យមហាអំណាចនេះបារម្ភថា ទីនោះអាចក្លាយជាទីតាំងសម្រាប់ដាក់មីស៊ីលរយៈចម្ងាយខ្លី ដែលអាចវាយប្រហារដល់សហរដ្ឋអាម៉េរិក ស្របពេលកងទ័ពអាម៉េរិកកំពុងតម្លើងប្រព័ន្ធរ៉ាដា សម្រាប់បំពេញបេសកម្មឃ្លាំមើលការរំលោភបំពាញដែនអាកាស និងការពារមីស៊ីលនៅក្នុងតំបន់ដែលខ្លួនកំពុងដាក់មូលដ្ឋានទ័ពមួយនេះ៕
ដោយៈ សរ សុជាតិ