យោងតាមការចុះផ្សាយដោយសាររព័ត៌មាន South China Morning Post, ប្រទេសចិនកំពុងរកមើលដៃគូថាមពលនៅក្នុងតំបន់អាស៊ីកណ្តាល ស្របពេលដែលគម្រោងថាមពលនេះត្រូវគេរំពឹងថានឹងក្លាយជារបៀបវារៈសម្រាប់កិច្ចប្រជុំកំពូលរវាងមេដឹកនាំចិននិងមេដឹកនាំនៃប្រទេសក្នុងតំបន់អាស៊ីកណ្តាលនៅថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះ។
ប្រធានាធិបតីចិន លោក ស៊ី ជីនពីង រួមជាមួយមេដឹកនាំប្រទេសកាហ្សាក់ស្ថាន កៀហ្ស៊ីស៊ីស្ថាន តាជីគីស្ថាន តួកម៉េនីស្ថាន និងអ៊ូសបេគីស្ថាន ត្រូវចូលរួមកិច្ចប្រជុំនៅទីក្រុង ស៊ីអាន ភាគពាយ័ព្យនៃប្រទេសចិន។ ជំនួបកំពូលនេះកើតឡើង ចំពេលដែលប្រទេសចិនកំពុងប្រឈមមុខនឹងសម្ពាធកាន់តែខ្លាំងឡើង បណ្ដាលមកពីការប៉ុនប៉ងផ្ដាច់ទំនាក់ទំនងសេដ្ឋកិច្ច ដោយប្រទេសលោកខាងលិច ក្រោមការដឹកមុខរបស់សហរដ្ឋអាមេរិក។
លោក គួយ ស៊ូជុន សាស្ត្រាចារ្យផ្នែកទំនាក់ទំនងអន្តរជាតិនៅសាកលវិទ្យល័យ រេនមិន ក្នុងទីក្រុងប៉េកាំង បាននិយាយថា ជាតំបន់ក្បែរខាងជាប់នឹងប្រទេសចិន អាស៊ីកណ្តាលបានក្លាយជាទីកន្លែងដ៏លេចធ្លោសម្រាប់បរិយាកាសការទូតទាំងមូលរបស់ចិន ជាមួយនឹងការសហការផ្នែកថាមពល ដើម្បីធ្វើជាយុទ្ធវិធីប្រកបដោយប្រសិទ្ធភាពក្នុងការរុញច្រានកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗទៀត ចាប់ពីសេដ្ឋកិច្ច ទៅដល់សន្តិសុខ និងនយោបាយ។
លាតសន្ធឹងពីប្រទេសចិននៅភាគខាងកើត ទៅសមុទ្រកាសព្យែននៅភាគខាងលិច អាស៊ីកណ្តាលត្រូវបានគេដឹងតាំងពីដើមមកថាជាធ្លាក្រោយផ្ទះរបស់រុស្ស៊ី។ តំបន់នេះមានធនធានប្រេង ឧស្ម័ន និងធ្យូងថ្មលើសលុប ជាពិសេសនៅក្នុងប្រទេសកាហ្សាក់ស្ថាន អ៊ូសបេគីស្ថាន និងតួកម៉េនីស្ថាន។ យោងតាមធនាគារពិភពលោក ក៏មានដែរថាមពលវារីអគ្គិសនីដ៏ធំសម្បើមដែលមិនទាន់ប្រើប្រាស់នៅឡើយ នៅក្នុងប្រទេសតាជីគីស្ថាន និងកៀហ្ស៊ីស៊ីស្ថាន។
យ៉ាងណាមិញ លោក ជូ យ៉ុងប៉ៅ សាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រនយោបាយ និងទំនាក់ទំនងអន្តរជាតិ នៅសាកលវិទ្យាល័យ ឡានចូវ បាននិយាយថា បើប្រៀបធៀបជាមួយមហាអំណាចផ្សេងទៀត ប្រទេសចិនគឺជា«ដៃគូថាមពលដែលមានស្ថេរភាព និងគួរឱ្យទុកចិត្ត» សម្រាប់បណ្តាប្រទេសអាស៊ីកណ្តាល។ លោកបានគូសបញ្ជាក់ថា ការនាំចូលឧស្ម័នធម្មជាតិ និងប្រេងតាមបំពង់ពីអាស៊ីកណ្តាល ត្រូវបានគេចាត់ទុកថាមានសុវត្ថិភាព និងមានតម្លៃថោក ជាមួយនិងតម្លៃត្រឹមតែ១០%នៃតម្លៃឧស្ម័នធម្មជាតិរាវរបស់អាមេរិកប៉ុណ្ណោះ។ លោក ជូ យ៉ុងប៉ៅ បានបញ្ជាក់ថា៖ «បើនិយាយពីហានិភ័យសុវត្ថិភាព ការនាំចូលពីអាស៊ីកណ្តាល មានអត្ថប្រយោជន៍ផ្សេងគ្នាបើធៀបនឹងការដឹកជញ្ជូនតាមកប៉ាល់ ឬផ្លូវដែក»។
លើសពីនេះទៅទៀត ទំនាក់ទំនងក្នុងវិស័យថាមពលរវាងចិននិងអាស៊ីកណ្តាលក៏ហាក់ដូចជាមិនរងផលប៉ះពាល់ពីសង្គ្រាមនៅអ៊ុយក្រែនទេ។ នេះបើយោងតាមអ្នកស្រី អីរីកា ដោនស៍ អ្នកស្រាវជ្រាវជាន់ខ្ពស់នៅមជ្ឈមណ្ឌលគោលនយោបាយថាមពលនៃសកលវិទ្យាល័យកូឡាំបៀ។ អ្នកស្រាវជ្រាវរូបនេះបានបន្តថា «សង្រ្គាមពិតជាមិនប៉ះពាល់ដល់កិច្ចសហប្រតិបត្តិការថាមពលចិន-អាស៊ីកណ្តាលទេ។ ប្រទេសចិនហាក់ដូចជាត្រៀមខ្លួនក្នុងការបង្កើនការនាំចូលឧស្ម័នតាមបំពង់ពីអាស៊ីកណ្តាលថែមទៀត»។
ការពិភាក្សាអំពីសន្តិសុខថាមពលរបស់ប្រទេសចិនបានឡើងកំដៅក្នុងរដូវរងារនៅពេលដែលការផ្គត់ផ្គង់ឧស្ម័នធម្មជាតិពីអាស៊ីកណ្តាលត្រូវបានរំខានដោយសារតែកង្វះថាមពលក្នុងស្រុក។ ចាប់តាំងពីសង្រ្គាមនៅអ៊ុយក្រែនមក មានការអំពាវនាវឱ្យប្រទេសចិនរៀនមេរៀនពីអឺរ៉ុប និងធ្វើពិពិធកម្មប្រពភនៃការនាំចូលថាមពលរបស់ខ្លួនបន្ថែមទៀត ដើម្បីធានាឱ្យការផ្គត់ផ្គង់មានស្ថិរភាព៕