អ្នកឧកញ៉ា លី ហួរ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន លី ហួរ គ្រុប និងជាអ្នកជំនួញចាស់វស្សាមួយរូបនៅកម្ពុជាបានណែនាំដល់យុវជនថា ដើម្បីគ្រប់គ្រងហិរញ្ញវត្ថុឱ្យមានប្រសិទ្ធភាព គឺទាមទារឱ្យចេះបែងចែកនូវរំហូរសាច់ប្រាក់ឱ្យបានត្រឹមត្រូវ តាមរយៈការចេះសន្សំសំចៃប្រាក់ចំណូល និងមានការកំណត់គោលដៅច្បាស់លាស់ទៅថ្ងៃអនាគត។ បើតាមអ្នកជំនួញចាស់វស្សារូបនេះ ការចេះសន្សំសំចៃ និងការកាត់បន្ថយការចំណាយឥតបានការមួយចំនួន និងការចេះស្គាល់ខ្លួនឯងឱ្យច្បាស់ នោះវានឹងជួយធ្វើឱ្យយុវជន ឬអ្នកជំនួញមានលំនឹងផ្នែកហិរញ្ញវត្ថុ និងភាពរឹងមាំផ្នែកផ្លូវចិត្ត។ តាមរយៈការរក្សាលំនឹងផ្នែកហិរញ្ញវត្ថុ និងភាពរឹងមាំខាងផ្លូវចិត្ត ព្រមទាំងមានមហិច្ឆតាត្រឹមត្រូវ វាជាជាហានមួយដ៏ប្រសើរក្នុងការឈានឆ្ពោះទៅសម្រេចភាពជោគជ័យនាពេលអនាគត។
បើតាមអ្នកឧកញ៉ា លី ហួរ ភាពជោគជ័យណាមួយមិនមែនកើតឡើងភ្លាមៗនោះឡើយ ហើយក៏មិនមែនកើតឡើងដោយងាយស្រួលនោះដែរ ប៉ុន្តែទាមទារឱ្យចេះគិតពិចារណា តស៊ូ អត់ធ្មត់ និងត្រូវចេះផ្លាស់ប្ដូរទៅតាមរបត់ដែលវិជ្ជមាន។ សម្រាប់អ្នកជំនួញចាស់វស្សារូបនេះ ដើម្បីអាចគ្រប់គ្រង និងចាត់ចែងហិរញ្ញវត្ថុរបស់អាជីវកម្ម ឬក្រុមហ៊ុនមួយឱ្យមានប្រសិទ្ធភាព គឺទាមទារឱ្យអ្នកជំនួញចេះគ្រប់គ្រងស្ថានភាពប្រាក់ចំណូល និងចំណាយឱ្យបានត្រឹមត្រូវ បើពុំដូច្នេះទេ អាចប្រឈមនឹងការខាតបង់ និងធ្វើឱ្យប្រតិបត្តិការអាជីវកម្មជួបបញ្ហា។
ជាមួយគ្នានេះ អ្នកឧកញ៉ា លី ហួរ លើកទឹកចិត្តដល់អ្នកធ្វើការដែលមានប្រាក់ចំណូលទាបត្រូវខិតខំអភិវឌ្ឍន៍ខ្លួនតាមរយៈការរៀននូវមុខជំនាញណា ដែលកំពុងមានតម្រូវការពីទីផ្សារ ដើម្បីអាចទទួលបាននូវប្រាក់ចំណូលសមរម្យ។ លើសពីនេះ អ្នកជំនួញចាស់វស្សារូបនេះ លើកទឹកចិត្តឱ្យយុវជនដែលកំពុងធ្វើការក្នុងវិស័យឯកជន និងរដ្ឋត្រូវចេះរៀបចំផែនការអាជីវកម្ម និងគោលដៅក្នុងការក្លាយជាសហគ្រិននាពេលអនាគត ដ្បិតថា គ្មានបុគ្គលណាម្នាក់អាចធ្វើការឱ្យគេរហូតនោះទេ៕
អត្ថបទ៖ បូ ដូឡា