ប្រទេសចិនបានក្លាយជាតួអង្គដ៏សំខាន់មួយ ក្រោយអ៊ីរ៉ង់បានប្រឈមមុខនឹងភាពចលាចលក្នុងស្រុក និងការដួលរលំសេដ្ឋកិច្ច។ កាលពីដើមខែមករា ឆ្នាំ២០២៦ បាតុកម្មតវ៉ាទ្រង់ទ្រាយធំនៅក្នុងប្រទេសអ៊ីរ៉ង់ ដែលបង្កឡើងដោយភាពក្រីក្រ ការមិនពេញចិត្តចំពោះនយោបាយដឹកនាំជាតិ និងសម្ពាធពីបរទេស បានបង្កបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរបំផុតមិនធ្លាប់មានសម្រាប់មេដឹកនាំអ៊ីរ៉ង់ក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ។
ភាពចលាចលនេះកើតមានឡើង ស្របពេលជាមួយនឹងការប្រឈមមុខដាក់គ្នាក្នុងតំបន់កាន់តែខ្លាំងឡើង។ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានបញ្ជូនកងទ័ពជើងទឹកអាម៉េរិកយ៉ាងច្រើនទៅកាន់តំបន់មជ្ឈិមបូព៌ា ហើយបានព្រមានអ៊ីរ៉ង់ឱ្យរំសាយកម្មវិធីនុយ
ក្លេអ៊ែរបស់ខ្លួន។ យោងតាមសេចក្ដីរាយការណ៍បានឱ្យដឹងថា នៅអំឡុងមហាបាតុកម្មនៅអ៊ីរ៉ង់ ប្រទេសចិនបានជួយអ៊ីរ៉ង់អនុវត្តការកាត់ផ្តាច់បណ្ដាញសារគមនាគមន៍ ជាពិសេសការកាត់ផ្ដាច់អ៊ីនធឺណិត ដើម្បីកុំឱ្យធ្លាយការបង្ក្រាបឃោរឃៅទៅពិភពខាងក្រៅ។
នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ រដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi បានថ្កោលទោសការគំរាមកំហែងរបស់សហរដ្ឋអាម៉េរិកថា ជាការប្រើច្បាប់ព្រៃ ខណៈដែលចិនបានដើរតួនាទី
ស្ថាបនាក្នុងការរក្សាសាមគ្គីភាពរបស់ប្រជាជនអ៊ីរ៉ង់។
ជាមួយគ្នានេះកាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់បាននិយាយថា អ៊ីរ៉ង់មានគម្រោងធ្វើសមយុទ្ធកងទ័ពជើងទឹករួមគ្នាជាមួយចិន និងរុស្ស៊ី នៅពាក់កណ្តាលខែកុម្ភៈ ឆ្នាំនេះនៅភាគខាងជើងនៃមហាសមុទ្រឥណ្ឌា។ កត្តានេះបានបង្កឱ្យមានការជជែកវែកញែកយ៉ាងក្ដៅគគុកតាមបណ្ដាញអ៊ីនធឺណិតថា តើចិនអាចនឹងផ្តល់ជំនួយយោធាដល់អ៊ីរ៉ង់ ឬធ្វើអន្តរាគមន៍ដែរទេ ប្រសិនបើអាម៉េរិកវាយប្រហារអ៊ីរ៉ង់។
ចិនជាដៃគូសេដ្ឋកិច្ច និងការទូតដ៏សំខាន់សម្រាប់អ៊ីរ៉ង់ជាយូរមកហើយ ដោយចិន បានជួយ
អ៊ីរ៉ង់ឱ្យគេចផុតពីទណ្ឌកម្មរបស់សហរដ្ឋអាម៉េរិក ហើយនៅតែត្រូវបានភ្ជាប់ទំនាក់ទំនងជាមួយពាណិជ្ជកម្មអន្តរជាតិ។ ទំនាក់ទំនងនេះកាន់តែជិតស្និទ្ធ បន្ទាប់ពីសង្គ្រាមរយៈពេល១២ថ្ងៃរបស់អ៊ីរ៉ង់ជាមួយអ៊ីស្រាអែល កាលពីអំឡុងខែមិថុនា ឆ្នាំ២០២៥ ជាមួយនឹងរបាយការណ៍អំពីការពង្រីកកិច្ចសហប្រតិបត្តិការសន្តិសុខ និងការចែករំលែកព័ត៌មានស៊ើបការណ៍សម្ងាត់។
ទោះជាយ៉ាងណា លោក Hamidreza Azizi មកពីវិទ្យាស្ថានអន្តរជាតិសម្រាប់ការសិក្សាយុទ្ធ
សាស្ត្របានលើកឡើងថា ចិនទំនងជាមិនជួយការពារអ៊ីរ៉ង់នោះទេ ប្រសិនបើអាម៉េរិកវាយប្រហារ។ ខុសពីការគាំទ្រដ៏រឹងមាំរបស់ខ្លួនចំពោះប៉ាគីស្ថាន អំឡុងពេលប៉ះទង្គិចជាមួយឥណ្ឌា ក្នុងឆ្នាំ២០២៥ ចិនមិនទាន់បានបង្ហាញពីកម្រិតនៃការគាំទ្រដូចគ្នាចំពោះអ៊ីរ៉ង់នៅឡើយទេ។
ជាការកត់សម្គាល់ភាគច្រើនចិន គ្រាន់តែប្រឆាំងចំពោះសកម្មភាពរបស់សហរដ្ឋអាម៉េរិក ប៉ុណ្ណោះ គឺគ្មានបំណងជួយការពាររដ្ឋាភិបាលអ៊ីរ៉ង់នោះទេ។ ភាពចលាចលដែលកំពុងបន្តកើតមាន និងអំពើពុករលួយធ្វើឱ្យអ៊ីរ៉ង់ក្លាយជាកន្លែង ដែលមានហានិភ័យសម្រាប់ការ
វិនិយោគ។ នៅឆ្នាំ២០២៤ ពាណិជ្ជកម្មរបស់ចិនជាមួយបណ្តាប្រទេសឈូងសមុទ្រមានចំនួនសរុបរហូតដល់ទៅ២៥៧ពាន់លានដុល្លារ ខណៈដែលពាណិជ្ជកម្មរបស់ចិនជាមួយអ៊ីរ៉ង់មានចំនួនតិចជាង១៤ពាន់លានដុល្លារ។
ក្រុមអ្នកជំនាញកត់សម្គាល់ថា អ៊ីរ៉ង់ពឹងផ្អែកលើប្រទេសចិនច្រើនជាងចិនពឹងផ្អែកលើអ៊ីរ៉ង់។ ការដាក់សម្ពាធលើទីក្រុងតេអេរ៉ង់ មិនទំនងជាធ្វើឱ្យប្រទេសចិនរងផលប៉ះពាល់ខ្លាំងនោះទេ ដូចនេះ ចិនអាចនឹងមិនសូវអើពើ ដែលធ្វើឱ្យអ៊ីរ៉ង់ផុងខ្លួនតែម្នាក់ឯង ហើយចុងក្រោយតែលតោលគ្មានអ្នកជួយក្នុងករណីសហរដ្ឋអាម៉េរិកបើកការវាយប្រហារ៕
ដោយ: តែម សុខុម