ទិន្នន័យផ្លូវការបានបង្ហាញថា ទីផ្សារខុនដូក្រុងបាងកក បានធ្លាក់ចុះខ្លាំងគួរឱ្យកត់សម្គាល់នៅឆមាសទី១ ដើមឆ្នាំ២០២៤ ដោយខុនដូ ដែលត្រូវបានដាក់លក់មានត្រឹមតែ៨.៦៧៤យូនីតប៉ុណ្ណោះ ពោលគឺតិចជាង៥០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ទោះបីជាការបើកគម្រោងអភិវឌ្ឍន៍អគារខុនដូថ្មីៗមានតិចយ៉ាងណាក្ដី ក៏តម្លៃខុនដូបានហក់ឡើងតែបន្តិចបន្តួចប៉ុណ្ណោះ ដោយសារតែអ្នកទិញភាគច្រើនផ្ដោតសំខាន់ ឬចាប់អារម្មណ៍តែលើអចលនទ្រព្យប្រណីតៗ។
ទិន្នន័យបង្ហាញថា ចំនួនសរុបនៃការបើកលក់ខុនដូថ្មីៗនៅឆ្នាំ២០២៤ នេះ ត្រូវបានរំពឹងថានឹងមានចំនួនតិចជាង២៥.០០០យូនីត ពោលគឺធ្លាក់ចុះខ្លាំងពីការព្យាករដំបូងដែលរំពឹងមាន៣០.០០០យូនីតទៅ៣៥.០០០យូនីត។
ពេលនេះបណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍កំពុងជួបបញ្ហាការលក់ធ្លាក់ចុះ និងបញ្ហាប្រឈមផ្សេងៗទៀត ដែលបណ្ដាលមកពីធនាគារនានាច្រានចោលសំណើកម្ចីទិញផ្ទះ ទោះបីជាមានការលើកទឹកចិត្តផ្នែកពន្ធលើអចលនទ្រព្យយ៉ាងណាក៏ដោយ៕
ដោយ: តែម សុខុម