ទីម័រលេស្ត-សមាជិកទី១១ របស់អាស៊ាន

តើទីម័រលេស្ដ នឹងអាចសម្រេចគោលដៅក្លាយជាសមាជិកទី១១ របស់អាស៊ានដែរ ឬយ៉ាងណា?


អស់ពេល១១ឆ្នាំមកហើយដែលទីម័រខាងកើត ឬទីម័រលេស្ដ បានដាក់សំណើជាផ្លូវការចូលជាសមាជិករបស់សមាគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ ឬហៅថា អាស៊ាន។ កិច្ចខិតខំប្រឹងប្រែងអស់ជាង១ទសវត្សមកនេះ អាចសម្រេចបានតាមការចង់បានដែរឬទេ ខណៈដែលកម្ពុជាច្រើនឆ្នាំមកនេះបានខំប្រឹងប្រែងជ្រោមជ្រែងប្រទេសដីកោះតំបន់អាស៊ីអាគ្នេយ៍មួយនេះខ្លាំងមែនទែនក្នុងការចូលរួមជាសមាជិកអាស៊ាន ពិសេស នៅឆ្នាំ២០២២នេះតែម្ដង ស្របពេលដែលកម្ពុជាក្នុងនាមជាប្រធានប្តូរវេនអាស៊ាន។
តើទីម័រលេស្ដ នឹងអាចសម្រេចគោលដៅក្លាយជាសមាជិកទី១១ របស់អាស៊ានដែរ ឬយ៉ាងណា?

អំឡុងពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ានស្ទើរពេញមួយឆ្នាំ២០២២នេះ បេក្ខភាពរបស់ទីម័រខាងកើត ឬទីម័រលេស្ដចូលរួមជាមួយអាស៊ាន សុទ្ធតែជាប្រធានរបៀបវារៈមិនដែលបាត់មុខ ក្នុងជំនួបនានា មិនថាក្របខណ្ឌរដ្ឋមន្ត្រី ឬជំនួបកំពូលនោះទេ។

កម្ពុជាតែងសម្របសម្រួល ឱ្យមានការបើកផ្លូវទទួលយកទីម័រលេស្ដឱ្យបានឆាប់ ជាក់ស្តែងបញ្ហានេះត្រូវបានលើកឡើងក្នុងជំនួបរដ្ឋមន្ត្រីការបរទេសអាស៊ាន កាលពីពាក់កណ្តាលឆ្នាំនេះ បន្តរហូតមកដល់ជំនួបនានាក្នុងខែវិច្ឆិកាមុនពេលចាប់ផ្តើមកិច្ចប្រជុំអាស៊ាន និងសូម្បីតែអំឡុងកិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលអាស៊ានលើកទី៣១នៅថ្ងៃទី១០ខែវិច្ឆិកា ក៏ត្រូវបានក្រុមរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកមកជជែកបន្ថែមដែរ។ នេះបើតាមរដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជា ឯកឧត្តម គង់ ភោគ។

រដ្ឋលេខាធិការរូបនេះបញ្ជាក់បន្ថែមថា ពាក់ព័ន្ធនឹងសំណើរបេក្ខភាពរបស់ទីម័រលេស្ដ និងបន្តរុញទៅកាន់ថ្នាក់ដឹកនាំកំពូលអាស៊ាន ក្នុងជំនួបកំពូលនាថ្ងៃទី១១ខែវិច្ឆិកាឆ្នាំ២០២២បន្តទៀត។

គួរជម្រាបថា កាលពីចុងខែកញ្ញាអំឡុងពេលដែលសម្តេច តេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីកម្ពុជា ជួបសមភាគីទីម័រលេស្ដនៅឯអង្គការសហប្រជាជាតិ សម្តេចបានរំពឹងថា សមាជិកទី១១របស់អាស៊ាន គឺប្រទេសទីម័រខាងកើតនឹងត្រូវប្រកាសជាផ្លូវការនៅចុងឆ្នាំ២០២២នេះ ជាគ្រាដែលមេដឹកនាំអាស៊ានទាំងអស់មកជំនុំគ្នានៅភ្នំពេញ ហើយនឹងអាចចូលជាសមាជិកពេញសិទ្ធិនៅឆ្នាំ២០២៣ខាងមុខ។

គួររំឭកបន្ដិចដែរថា ប្រធានាធិបតីទីម័រលេស្ដក៏ទើបបានដឹកនាំគណប្រតិភូមកទស្សនកិច្ចនៅកម្ពុជាអស់ពេល៣ថ្ងៃហើយដែរ កាលកាលពីថ្ងៃទី១៩ ខែតុលាដល់ថ្ងៃទី២១តុលា ហើយកម្ពុជា-ទីម័រលេស្ត សម្រេចបានការចុះហត្ថលេខាលើឯកសារកិច្ចព្រមព្រៀងទ្វេភាគីចំនួន២ ទាក់ទងទៅនឹងវិស័យអាកាសចរណ៍ និងពាណិជ្ជកម្មស្រូវផងដែរ។

ទោះយ៉ាងណា ការដែលទីម័រអាចចូលជាសមាជិកអាស៊ាន បានឬមិនបាន មិនមែនអាស្រ័យលើកម្ពុជាតែឯងនោះទេ។ សំណើនេះទាមទារពេលវេលាច្បាស់លាស់ ដើម្បីឲ្យទីម័រខាងកើតបំពេញទៅតាមលក្ខខណ្ឌជាច្រើនរបស់អាស៊ាន ហើយត្រូវឈរលើគោលការណ៍កុងសង់ស៊ីសថែមទៀត ពោលគឺត្រូវទទួលបានការសម្រេចចិត្តរបស់បណ្ដាប្រទេសជាសមាជិកអាស៊ានទាំង១០។

មេដឹកនាំទាំង១០ប្រទេសនឹងមកជួបប្រជុំគ្នានៅថ្ងៃសុក្រទី១១វិច្ឆិកា ដូច្នេះ ទីម័រខាងកើតបានចូលជាសមាជិកនៅឆ្នាំ ឬត្រូវខកចិត្ត រង់ចាំបន្តទៀត? ចម្លើយយើងនឹងអាចដឹងក្នុងពេលឆាប់ៗ។

ទោះយ៉ាងណា ជុំវិញនឹងការស្នើសុំចូលជាសមាជិកអាស៊ាននេះដែរ នាពេលថ្មីៗនេះ ប្រធានាធិបតីទីម័រឡេស្តេ លោក Jose Ramos-Horta បានព្រលយពាក្យថា យ៉ាងយូរត្រឹមឆ្នាំ២០២៥ បើទីម័រឡេស្តេនៅតែមិនអាចរំកិលទៅមុខក្លាយជាសមាជិកអាស៊ានទី១១បានទៀត នោះខ្លួននឹងងាកជំហរទៅរកការពឹងពាក់ប្រទេសចិន ដែលជាមិត្តចាក់ទឹកមិនរបស់ខ្លួនជាក់ជាមិនខានឡើយ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Macau Business នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២២។

លោក Jose Ramos -Horta បានបែបនេះ នៅអំឡុងកិច្ចប្រជុំជាមួយអ្នកជំនួញនៅក្រុង Lisbon ប្រទេសព័រទុយហ្គាល់ លោក Ramos-Horta ដោយលោកបានគូសបញ្ជាក់ចំៗថា ប្រសិនបើការដាក់សមាជិកភាពថ្មីរបស់អាស៊ាននេះ នៅតែពន្យារពេលទៀត លោកនឹងទៅជួបមហាមិត្តចិន គឺលោកប្រធានាធិបតី ស៊ី ជិនពីង ហើយផ្អាកដំណើរការចូលជាសមាជិកអាស៊ាននេះតែម្តង។

លោកបន្តថា មានការងារជាច្រើនត្រូវបានធ្វើក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយប្រទេសអាស៊ានក៏បានបញ្ចប់ការវាយតម្លៃរបស់ពួកគេផងដែរកាលពីខែមិថុនា និង កក្កដាកន្លងទៅថា ទីម័រឡេស្តេជាប្រទេសស័ក្តិសមក្លាយជាសមាជិកថ្មីរបស់អាស៊ាន។ លោកអះអាងថា បើតាមសេណារីយ៉ូនេះ គឺទីម័រឡេស្តេអាចចូលរួមជាមួយអាស៊ានបាននៅខែមករា ឆ្នាំ២០២៣ខាងមុខនេះ ហើយបន្ទាប់មកទៀត ប្រទេសលោកនឹងទទួលបានការអញ្ជើញ និងធ្វើពិធីជាផ្លូវការ ក្នុងពេលឥណ្ឌូណេស៊ីធ្វើជាប្រធានអាស៊ានប្តូរវេននៅឆ្នាំក្រោយ។

លោកប្រធានាធិបតី ប្រទេសទីម័រឡេស្ដេ ក៏ធ្លាប់បានត្អូញត្អែរកាលពីពេលថ្មីៗនេះដែរថា «ចូលអាស៊ានពិបាកជាងឡើងឋានសួគ៌ទៀត»។




អត្ថបទបន្ទាប់


កម្ពុជា​នឹងសង់ផ្លូវល្បឿនលឿនទី២ តម្លៃជាង១ពាន់លានដុល្លារ នៅពាក់កណ្ដាលឆ្នាំ២០២៣

នៅទីបំផុតភាគីកម្ពុជា បានចុះហត្ថលេខាដើម្បីឈានទៅរកការចរចាបញ្ចប់កិច្ចព្រមព្រៀងសម្បទានលើគម្រោងសាងសង់ផ្លូវល្បឿនលឿនទី២ ភ្នំពេញ-បាវិត ជាមួយភាគី…

កិច្ចប្រជុំកំពូលអាស៊ាន បើកផ្លូវឲ្យអ៊ុយក្រែនពង្រីកទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយតំបន់អាស៊ីអាគ្នេយ៍

នៅក្នុងអំឡុងពេលនៃ កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានបើកផ្លូវឲ្យប្រទេសអ៊ុយក្រែន ក្នុ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ