ជម្លោះអ៊ីស្រាអែល និងអ៊ីរ៉ង់

តើមេដឹកនាំពិភពលោកធំៗមានប្រតិកម្មអ្វីខ្លះជុំវិញជម្លោះរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់?


គិតត្រឹមថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ មានរយៈពេល៦ហើយ ដែលអ៊ីស្រាអែល និងអ៊ីរ៉ង់ បានបើកការវាយប្រហារគ្នាតាមផ្លូវអាកាស ដែលបានបង្កគ្រោះមហន្តរាយ និងការខូចខាតទាំងសងខាង ស្របពេលជាមួយគ្នានោះ មេដឹកនាំនានា នៅលើពិភពលោកភាគច្រើនបានអំពាវនាវ និងសង្កត់ធ្ងន់ឲ្យភាគីទាំងពីរអត់ធ្មត់ ចំពេលមានការភ័យខ្លាចនៃការប៉ះទង្គិចកាន់តែទូលំទូលាយ។
ជម្លោះអ៊ីស្រាអែល និងអ៊ីរ៉ង់
ដោយ

ក្នុងនាមជាប្រទេសដែលគាំទ្រអ៊ីស្រាអែល លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក ត្រូវបានប្រព័ន្ធផ្សព្វផ្សាយនានា ដកស្រង់សម្តីមកចុះផ្សាយច្រើនជាងគេពាក់ព័ន្ធនឹងបញ្ហាសង្រ្គាមដែលលោកជំរុញឱ្យអ៊ីរ៉ង់ សុំចុះចាញ់ដោយគ្មានលក្ខខណ្ឌនេះ។

តាមសេចក្តីរាយការណ៍របស់សារព័ត៌មាន BBC លោក ដូណាល់ ត្រាំ កំពុងពិចារណាចូលរួមលើកដៃក្នុងការវាយប្រហាររបស់អ៊ីស្រាអែល លើទីតាំងនុយក្លេអ៊ែ​ ក្រោមដីរបស់អ៊ីរ៉ង់ ក្រោយប្រទេសទាំងពីរបានបាញ់ប្រហារគ្នាតាមផ្លូវអាកាសអស់រយៈពេល៦ថ្ងៃកន្លងមកនេះ។ នៅមុននេះបន្តិចលោក ត្រាំ បានអំពាវនាវឲ្យអ៊ីរ៉ង់ ចុះចាញ់អ៊ីស្រាអែល ដែលបានបើកការវាយប្រហារលើអ៊ីរ៉ង់ មុនដោយគ្មានលក្ខខណ្ឌ។

ឆ្លើយតបនឹងការអំពាវនាវនេះ មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោក អាយ៉ាតូឡាហ្វ អាលី ខាមេនី ( Ayatollah Ali Khamenei) បានចេញមកអះអាងថា លោកនឹងមិននិយាយជាមួយអ៊ីស្រាអែល ជាដាច់ខាត ហើយនឹងឆ្លើយតបយ៉ាងចាស់ដៃក្នុងការប្រយុទ្ធគ្នានេះ។

ដោយឡែក លោក អេម៉ានូអែល ម៉ាក្រុង ប្រធានាធិបតីបារាំង ឯនោះវិញ ត្រូវបានសារព័ត៌មានធំៗដកស្រង់សម្តីយកមកចុះផ្សាយថា បារាំង មិនចង់ឱ្យអ៊ីរ៉ង់ ទទួលបានអាវុធនុយក្លេអ៊ែ​ឡើយ ប៉ុន្តែកំហុសដ៏ធំបំផុតរបស់អ៊ីស្រាអែល គឺការវាយប្រហារដោយយោធា ដើម្បីផ្លាស់ប្តូររបបនេះ ព្រោះវានឹងធ្វើឱ្យមានភាពវឹកវរ ហើយការទទួលខុសត្រូវរបស់យើងត្រូវធ្វើឲ្យស្ថានការណ៍វិលមករកការពិភាក្សាឱ្យបានលឿនតាមដែលអាចធ្វើទៅបាន។

ជាមួយគ្នានេះ ​ប្រធានាធិបតីតួកគី លោក រីស៊ីប តាយីប អឺដូកាន ( Recep Tayyip Erdogan) បាននិយាយថា អ៊ីស្រាអែល កំពុងធ្វើឲ្យតំបន់ទាំងមូលក្លាយជាភ្នក់ភ្លើងសង្គ្រាម។ លោក​បានប្រាប់ព្រះអង្គម្ចាស់ មូហាមេដ ប៊ិន សាលម៉ាន (Mohammed bin Salman) នៃប្រទេសអារ៉ាប៊ីសាអូឌីតថា អ៊ីស្រាអែល ចាំបាច់ត្រូវបញ្ឈប់សកម្មភាពគំរាមកំហែងចំពោះស្ថិរភាព និងសន្តិសុខនៅក្នុងតំបន់។ ​លោកបានសង្កត់ធ្ងន់ថា បញ្ហាកម្មវិធីនុយក្លេអ៊ែ​របស់អ៊ីរ៉ង់ អាចដោះស្រាយបានតាមរយៈការចរចា មិនចាំបាច់ឈានដល់ការប្រើកងកម្លាំងយោធានោះទេ។

ដោយឡែកលោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន បាននិយាយទៅកាន់សមភាគីអ៊ីរ៉ង់ និងអ៊ីស្រាអែល ហើយបានបញ្ជាក់យ៉ាងច្បាស់ពីការគាំទ្ររបស់ទីក្រុងប៉េកាំង ចំពោះទីក្រុងតេអេរ៉ង់​។ លោក វ៉ាង បានអះអាងថា ទីក្រុងប៉េកាំង គាំទ្រអ៊ីរ៉ង់ ក្នុងការការពារអធិបតេយ្យភាពជាតិ ការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់ និងធានាសុវត្ថិភាពប្រជាជនរបស់ខ្លួន។ ប្រមុខការទូតចិន រូបនេះ បានសង្កត់ធ្ងន់ថា សកម្មភាពរបស់អ៊ីស្រាអែល បានបំពានយ៉ាងធ្ងន់ធ្ងរលើបទដ្ឋានជាមូលដ្ឋាន ដែលគ្រប់គ្រងទំនាក់ទំនងអន្តរជាតិ។

ជាមួយគ្នានេះ លោក អេមៀ ស៊ិក តាមីម ប៊ិន ហាមេដ អាល ថានី (Emir Sheikh Tamim bin Hamad Al Thani) ប្រមុខដឹកនាំកាតា បានចេញមកថ្កោលទោស និងបរិហារយ៉ាងខ្លាំងលើការវាយប្រហាររបស់អ៊ីស្រាអែល សំដៅលើទឹកដីអ៊ីរ៉ង់ ដែលជាការរំលោភលើអធិបតេយ្យភាព និងសន្តិសុខរបស់អ៊ីរ៉ង់ និងជាការបំពានច្បាប់ និងគោលការណ៍នៃច្បាប់អន្តរជាតិ។ យ៉ាងណាក៏ដោយ លោកបានអំពាវនាវឱ្យភាគីដំណោះស្រាយតាមរយៈការទូត ដើម្បីឈានទៅដល់សន្តិភាពយូរអង្វែង និងទូលំទូលាយនៅក្នុងតំបន់៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ថៃ បង្កើតក្រុមការងារគ្រប់គ្រងស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ដើម្បីដោះស្រាយវិវាទព្រំដែនជាមួយកម្ពុជា ឱ្យបានចប់ក្នុងរយៈពេល១ខែ

នាយករដ្ឋមន្ត្រីថៃ លោកស្រី ផៃថងថាន ស៊ីណាវ៉ាត្រា បានបញ្ជាឱ្យបង្កើតមជ្ឈមណ្ឌលប្រតិបត្តិការពិសេសសម្រាប់ការគ្រប់គ្រងស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ (SOC…

ធនាគារកណ្ដាលអាម៉េរិក ត្រូវបានគេរំពឹងថា ទំនងជារក្សាអត្រាការប្រាក់ឱ្យនៅដដែល

មន្ត្រីធនាគារកណ្តាលអាម៉េរិក (Fed) ត្រូវបានគេរំពឹងយ៉ាងទូលំទូលាយថា អាចនឹងរក្សាអត្រាការប្រាក់ឱ្យនៅដដែលនៅក្នុងកិច្ចប្រជុំលើកទី៤ នៅថ្ងៃពុធ សប្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ