កសិកម្ម​នៅកម្ពុជា

ធនាគារ​អភិវឌ្ឍន៍​អាស៊ី៖ គ្រោះ​រាំង​ស្ងួត​ធ្វើ​ឱ្យ​កំណើន​​វិស័យ​កសិកម្ម​ថម​ថយ​ចុះ


ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) បាន​និយាយ​នៅ​ក្នុង​របាយការណ៍​ប្រចាំ​ឆ្នាំ​របស់​ខ្លួន ថា គ្រោះ​រាំង​ស្ងួត​នៅ​ពាក់​កណ្តាល​ឆ្នាំ​២០១៩​នេះ បាន​រារាំង​ដល់​ការ​លូត​លាស់​ដំណាំ​កសិកម្ម និង​ទិន្នផល​ជលផល ដូច្នេះ​ហើយ បាន​ព្យាករ​ថា កំណើន​ក្នុង​វិស័យ​កសិកម្ម​នឹង​មាន​តែ ១,១% ប៉ុណ្ណោះ ក្នុង​ឆ្នាំ​២០១៩​នេះ។
កសិករ​កំពុង​សាកល្បង​ប្រើប្រាស់​ឧបករណ៍កសិកម្ម​ទំនើប​។ ឆ្នាំ​២០១៩នេះ ធនាគារអភិវឌ្ឍន៍​អាស៊ី ព្យាករថា កំណើន​វិស័យ​កសិកម្ម​ថមថយ​ចុះ​ដោយសារ​គ្រោះរាំងស្ងួត។
ដោយ

របាយការណ៍ ដែល​មាន​ចំណងជើង​ថា ទស្សនវិស័យ​អភិវឌ្ឍន៍​អាស៊ី​ឆ្នាំ​២០១៩ និង​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​ពុធ ទី​២៥ ខែ​កញ្ញា បាន​ឲ្យ​ដឹង​ថា កាល​ពី​មុន ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ធ្លាប់​បាន​ព្យាករ​ថា កំណើន​ក្នុង​វិស័យ​កសិកម្ម​នឹង​មាន​ចំនួន ១,៧%។

ទន្ទឹម​នឹង​នេះ​ដែរ ធនាគារ​អភិវឌ្ឍន៍​អាស៊ី បាន​និយាយ​ផងដែរ​ថា កំណើន​ផលិតកម្ម​សម្លៀក​បំពាក់ ស្បែក​ជើង និង​ទំនិញ​ធ្វើ​ដំណើរ នាំ​ឱ្យ​មាន​ការព្យាករ​កំណើន​ពី ១០,១% ទៅ ១០,៦%។

វិស័យ​ទេសចរណ៍៍​បន្ត​ភាព​រឹងមាំ​ជាមួយ​នឹង​កំណើន ១១,២% ក្នុង​រយ:ពេល​៦​ខែ ឆ្នាំ​២០១៩​នេះ ហើយ​ការ​នាំចេញ​របស់​កម្ពុជា ក៏​នៅ​មាន​ភាព​ខ្លាំង​ដដែល ដោយ​មាន​កំណើន​ពី ១៤,៣% ក្នុង​រយ:ពេល​៥​ខែ​ដំបូង​នៃ​ឆ្នាំ​២០១៨ មក​ចំនួន ២១,៨% នៃ​ពេល​វេលា​ដូច​គ្នា ក្នុង​ឆ្នាំ​២០១៩​នេះ។

ការ​នាំចេញ​ទៅ​កាន់​អឺរ៉ុប​បាន​កើន ១,៣% ក៏​ប៉ុន្តែ​ការនាំចេញ​ទៅ​សហរដ្ឋ​អាមេរិក​កើន​ឡើង​ខ្ពស់​ដល់ទៅ ៤១,២%។ នេះ​បើ​យោងតាម​របាយការណ៍​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ដដែល។

លោកស្រី Sunniya Durrani-Jamal នាយក​ប្រចាំ​ប្រទេស​របស់ ADB ប្រចាំ​នៅ​ប្រទេស​កម្ពុជា បាន​និយាយ​ដូច្នេះ​ថា «សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​បន្ត​រីក​ចម្រើន​ក្នុង​ល្បឿន​មួយ​ដ៏​រឹងមាំ ដោយសារ​តែ​ការ​បន្ត​ពង្រឹង​នៅ​ក្នុង​វិស័យ​ប្រពៃណី ដូចជា សម្លៀក​បំពាក់ ទេសចរណ៍ ពាណិជ្ជកម្ម និង​សំណង់។»

លោកស្រី Sunniya Durrani-Jamal បាន​និយាយ​បន្ត​ថា ជាមួយនឹង​ភាព​មិន​ប្រាកដ​ប្រជា​កាន់​តែ​កើន​ឡើង​នៅ​ក្នុង​បរិយាកាស​ពាណិជ្ជកម្ម​ពិភព​លោក និង​​ផល​ប៉ះពាល់​លើ​វិស័យ​ទេសចរណ៍ កម្ពុជា​ត្រូវការ​ជា​បន្ទាន់​នូវ​យុទ្ធសាស្ត្រ រួមទាំង​ការ​ទាមទារ​ឱ្យ​កាត់​បន្ថយ​ហានិភ័យ​លើ​ការ​ផ្តល់​ប្រាក់​កម្ចី​ដល់​វិស័យ​អចលនទ្រព្យ​ហួស​ប្រមាណ។

របាយការណ៍​ដដែល បាន​និយាយ​បន្ថែម​ដែរថា ហានិភ័យ​ក្នុង​ស្រុក​សម្រាប់​កម្ពុជា​គឺ​ជា​ការ​បន្ត​កំណើន​ឥណទាន​ដល់​វិស័យ​អចលនទ្រព្យ​និង​អាជីវកម្ម​ដែល​ពាក់ព័ន្ធ។

ធនាគារ​អភិវឌ្ឍន៍​អាស៊ី បាន​និយាយ​ផងដែរ​ថា ហានិភ័យ​ពី​ខាង​ក្រៅ​ចំពោះ​កំណើន​ក្នុង​រយៈពេល​ដ៏​ខ្លី​ខាង​មុខ​នេះ សម្រាប់​ប្រទេស​កម្ពុជា គឺ​លទ្ធភាព​ដែល​ថា សហភាព​អឺរ៉ុប​អាច​នឹង​ផ្អាក​មួយ​ផ្នែក​ឬ​ទាំង​ស្រុង​នៃ​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម (EBA) លើ​បញ្ហា​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ៕




អត្ថបទបន្ទាប់


ទំហំពាណិជ្ជកម្មចិន នឹងប្រទេសក្នុងគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវសម្រេចបានជាង ៨២០ពាន់លានដុល្លារ

ព័ត៌មាន
នៅក្នុងរយៈពេល ៨ខែ ដើមឆ្នាំ ២០១៩នេះ ការធ្វើពាណិជ្ជកម្មរបស់ប្រទេសចិន ជាមួយនឹងបណ្តាប្រទេស ក្នុងគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ បានកើនឡើងល…

ចិនបញ្ចប់​ការ​សាងសង់​រោងចក្រ​ផលិត​រថយន្ត​ធំ​ជាង​គេ​បង្អស់ តម្លៃ​វិនិយោគ​ជិត ៣​ពាន់​លាន​ដុល្លារ​អាមេរិក

ព័ត៌មាន
មហាអំណាច​សេដ្ឋកិច្ច​លំដាប់​ទី២​របស់​ពិភពលោក មាន​ផែនការ​ពង្រីក​ការផលិត​រថយន្ត​ឲ្យ​កាន់​តែ​ច្រើនថែមទៀត ​សម្រាប់​ឆ្លើយ​តប​ទៅ​នឹង​ទីផ្សារ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ