បើតាមរបាយការណ៍ដដែលនេះ បានឲ្យដឹងទៀតថា វិស័យទេសចរណ៍សកលលោកមានការធ្លាក់ចុះការធ្វើដំណើរដល់ទៅ ៧៤% នៅឆ្នាំ២០២០។ ជាមួយគ្នានេះ វិបត្តិមេរោគឆ្លងជាសកលកូវីដ-១៩ បានធ្វើឲ្យការងារផ្ទាល់នៅក្នុងវិស័យទេសចរណ៍ចន្លោះពី ១០០ ទៅ១២០លានការងារស្ថិតនៅក្នុងហានិភ័យ ហើយភាគច្រើននៃពួកគេគឺស្ថិតក្នុងវិស័យសហគ្រាសខ្នាតតូច និងមធ្យម។
របាយការណ៍អង្គការទេសចរណ៍ពិភពលោកបានគូសបញ្ជាក់ពីចក្ខុវិស័យឧស្សាហកម្មទេសចរណ៍ថា នឹងត្រូវទាមទារពេលវេលាយូរទៀត ដើម្បីអាចងើបឡើងមកដូចពេលធម្មតាវិញ។
ក្រុមអ្នកជំនាញទេសចរណ៍ ហាក់មានការប្រុងប្រយ័ត្នចំពោះការផ្ដល់នូវទស្សនវិស័យរបស់ពួកគេជុំវិញការងើបឡើងវិញនៃវិស័យទេសចរណ៍ពិភពលោក ដោយភាគច្រើនពួកគេមិនរំពឹងថា វិស័យទេសចរណ៍អាចនឹងវិលមកធម្មតាវិញនៅមុនឆ្នាំ២០២៣នោះទេ។
តាមរបាយការណ៍របស់អង្គការទេសចរណ៍ពិភពលោក វិស័យទេសចរណ៍នៅក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិកមានការធ្លាក់ចុះខ្លាំងជាងគេ នៅឆ្នាំ២០២០ ដោយមានអត្រាធ្លាក់ចុះ ៨៤% , នៅមជ្ឈិមបូព៌ា និងអាហ្វ្រិកធ្លាក់ចុះ ៧៥% ដូចគ្នា ខណៈដែលនៅអឺរ៉ុបធ្លាក់ចុះ ៧០% និងអាមេរិកធ្លាក់ចុះ ៦៩%៕