
ទិន្នន័យពីវិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិ ក្រុងស្កុតខុល (SIPRI) នៃប្រទេសស៊ុយអែត បានបង្ហាញថា ការកើនឡើនភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយបានធ្វើឱ្យការចំណាយលើវិស័យយោធាកើនឡើងនៅទូទាំងពិភពលោក ជាពិសេសកើនឡើងយ៉ាងឆាប់រហ័សនៅអឺរ៉ុប និងមជ្ឈិមបូព៌ា។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
វិទ្យាស្ថាននេះ បានបញ្ជាក់ថា ជាង១០០ប្រទេសជុំវិញពិភពលោកបានបង្កើនការចំណាយរបស់ខ្លួនលើវិស័យយោធានៅក្នុងឆ្នាំ២០២៤ ហើយថា រដ្ឋាភិបាលនៃប្រទេសនានាផ្ដោតអាទិភាពលើសន្តិសុខយោធាកាន់តែខ្លាំងឡើង ដោយត្រូវកាត់បន្ថយចំណាយសម្រាប់វិស័យផ្សេងៗទៀត ហើយស្ថានភាពនេះអាចនឹងជះផលអាក្រក់ដល់សង្គមនៃប្រទេសទាំងនោះជាច្រើនឆ្នាំទៅមុខ។
សង្គ្រាមនៅអ៊ុយក្រែន និងមន្ទិលសង្ស័យលើការប្តេជ្ញាចិត្តរបស់សហរដ្ឋអាម៉េរិក ចំពោះអង្គការបក្សសម្ព័ន្ធយោធាណាតូ បានធ្វើឱ្យការចំណាយលើវិស័យយោធានៅអឺរ៉ុប រួមទាំងរុស្ស៊ី ផងកើនឡើង១៧% ដែលខ្ពស់ជាងកម្រិតដែលបានកត់ត្រានៅពេលសង្គ្រាមត្រជាក់បញ្ចប់ទៅទៀត។
ការចំណាយលើវិស័យយោធារបស់រុស្ស៊ី បានឈានដល់ប្រមាណ១៤៩ពាន់លានដុល្លារអាម៉េរិក ក្នុងឆ្នាំ២០២៤ ដោយកើនឡើង៣៨% បើធៀបនឹងឆ្នាំ២០២៣ និងកើនឡើងទ្វេដងបើធៀបនឹងឆ្នាំ២០១៥។ តួលេខចំណាយនេះ គឺស្មើនឹង៧,១%នៃផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសរុស្ស៊ី និងស្មើ១៩%នៃការចំណាយរបស់ប្រទេសនីមួយៗ។ ចំណែកឯការចំណាយសរុបលើវិស័យយោធារបស់អ៊ុយក្រែន បានកើនឡើង២,៩% ឈានដល់៦៤,៧ពាន់លានដុល្លារអាម៉េរិក ដែលស្មើនឹង៤៣%នៃការចំណាយរបស់រុស្ស៊ី។
ទន្ទឹមនេះ ការចំណាយលើវិស័យយោធានៅអាស៊ី ក៏បានកើនឡើងខ្លាំងមិនធម្មតាដែរ។ តួយ៉ាង ការចំណាយលើយោធានៅអាស៊ីបូព៌ា បានកើនឡើង៧,៨% ឈានដល់៤៣៣ពាន់លានដុល្លារអាម៉េរិក ក្នុងឆ្នាំ២០២៤ ខណៈដែលប្រទេសនានា បានបន្តបង្កើនសមត្ថភាពប្រយុទ្ធក្នុងសង្គ្រាម ស្របពេលមានភាពតានតឹងកាន់តែខ្លាំងឡើងនៅក្នុងតំបន់។
ទិន្នន័យពីវិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិ ក្រុងស្កុតខុល (SIPRI) នៃប្រទេសស៊ុយអែត បានបង្ហាញថា ការចំណាយរបស់អាស៊ីបូព៌ា មានចំណែកគ្របដណ្ដប់រហូតដល់ទៅ៦៩%នៃទំហំទឹកប្រាក់៦២៩ពាន់លានដុល្លារអាម៉េរិក ដែលត្រូវបានចំណាយនៅទូទាំងអាស៊ី និងទ្វីបអូសេអានី (Oceania) ទាំងមូល។
ក្នុងនោះមហាយក្សចិន ដែលជាប្រទេសចំណាយលើយោធាច្រើនជាងគេបំផុតទី២ ក្នុងពិភពលោកបន្ទាប់ពីសហរដ្ឋអាម៉េរិក បានចំណាយលើវិស័យយោធាចំនួន៣១៤ពាន់លានដុល្លារអាម៉េរិក ក្នុងឆ្នាំ២០២៤ កើនឡើង៧% បើធៀបនឹងឆ្នាំ២០២៣ និងជាការកើនឡើងខ្ពស់បំផុតមិនធ្លាប់មានចាប់តាំងពីឆ្នាំ២០១៥ មក។ សូមបញ្ជាក់ថា មហាយក្សចិន បានបង្កើនការចំណាយលើវិស័យយោធារយៈពេល៣០ឆ្នាំជាប់ៗគ្នាមកហើយ។
ទន្ទឹមនេះ ជប៉ុន បានចំណាយលើវិស័យយោធាជាង៥៥ពាន់លានដុល្លារអាម៉េរិក កើនឡើង២១% បើធៀបនឹងឆ្នាំ២០២៣ ខណៈកោះតៃវ៉ាន់ បានបង្កើនការចំណាយលើវិស័យយោធាត្រឹមតែ១,៨% ហើយកូរ៉េខាងត្បូង បានបង្កើនការចំណាយត្រឹមតែ១,៤% ប៉ុណ្ណោះ។ ប៉ុន្តែអ្វីដែលជាការកត់សម្គាល់ឃើញថា មីយ៉ាន់ម៉ា ជាប្រទេសក្រីក្រដែលកំពុងកើតមានសង្គ្រាមស៊ីវិលចាប់តាំងពី២០២១ បានបង្កើនការចំណាយលើវិស័យយោធារហូតដល់៦៦% ឈានដល់៥ពាន់លានដុល្លារអាម៉េរិក៕
ដោយ: តែម សុខុម