នៅក្នុងកិច្ចប្រជុំបិទទ្វារមួយ តំណាងប្រតិភូចិននៅ WTO បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ក្រោយពីអង្គការអន្តរជាតិមួយនេះបានកាត់ក្តីឲ្យចិនចាញ់ក្តីអាមេរិកជាបន្តបន្ទាប់ ក្នុងសំណុំរឿងបន្ទះសូឡា។ ប្រតិភូចិនរូបនេះ បានអះអាងថា អាមេរិកបានធ្វើខុសទៅនឹងច្បាប់អន្តរជាតិ ពិសេសច្បាប់នៃការធ្វើពាណិជ្ជកម្មអន្តរជាតិ ប៉ុន្តែ WTO បែរជាសម្រេចឲ្យចិនចាញ់ក្តីទៅវិញ។ ភាគីចិនបានហៅទង្វើនេះថា ជារឿងគ្រោះថ្នាក់សម្រាប់ប្រព័ន្ធពាណិជ្ជកម្មសកល។
គួររំឭកថា កាលពីឆ្នាំ២០១៨ សហរដ្ឋអាមេរិកបានចាប់ផ្តើមដំឡើងរនាំពន្ធគយ លើការនាំចូលបន្ទះសូឡាពីប្រទេសចិន ព្រមទាំងបានកាត់បន្ថយការនាំចូលផងដែរ ក្រោយមានការត្អូញត្អែរពីអ្នកផលិតនៅក្នុងស្រុក អំពីបញ្ហាទីផ្សារ និងការប្រកួតប្រជែងតម្លៃ។
ក្រោយមកទៀត ប្រទេសចិនបានជំទាស់នឹងវិធានការខាងលើរបស់សហរដ្ឋអាមេរិក ជាបន្តបន្ទាប់ ដោយបានចោទរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនថា មិនបានទុកពេល និងជូនដំណឹងដល់ភាគីចិនជាមុន ដែលប្រការនេះ បានបង្កអន្តរាយដល់ឧស្សាហកម្មផលិតក្នុងស្រុករបស់ប្រទេសចិន។
យ៉ាងណាមិញកាលពីដើមខែនេះ ក្នុងចំណោមអ្នកកាត់សេចក្តីក្នុងសំណុំរឿងជម្លោះចិន-អាមេរិកទាំង៣រូបមកពីអង្គការពាណិជ្ជកម្មពិភពលោក គឺបានសម្រេចកាត់សេចក្តីឲ្យអាមេរិកឈ្នះការប្តឹងផ្តល់នេះ ដោយបានអះអាងថា ការកំណត់ការនាំចូលបន្ទះសូឡាពីប្រទេសចិន ដោយសហរដ្ឋអាមេរិក មិនបានរំលោភលើច្បាប់ពាណិជ្ជកម្មអន្តរជាតិនោះទេ។
សូមជម្រាបថា មិនមែនតែផលិតផលបន្ទះសូឡាមួយមុខនោះទេ ដែលអាមេរិកបានដំឡើងងថ្លៃពន្ធគយក្នុងការនាំចូលពីទីផ្សារប្រទេសចិន។ ក្រៅពីនេះ ក៏មានទំនិញរាប់រយមុខផ្សេងទៀត ដែលអាមេរិកបានធ្វើការរឹតត្បិតការនាំចូលដូចគ្នាដែរ៕