
អង្គការពាណិជ្ជកម្មពិភពលោកបានព្រមានថា ការដោះដូរពាណិជ្ជកម្មទូទាំងពិភពលោកនឹងធ្លាក់ចុះនៅឆ្នាំនេះ និងឆ្នាំក្រោយ ហើយកត្តាចម្បងបំផុតនៃការធ្លាក់ចុះនេះ គឺដោយសារគំនាបពន្ធគយរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ដែលបានដាក់លើទំនិញរបស់ប្រទេសនានាពេលនាំចូលទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក។ WTO បានបញ្ជាក់នៅក្នុងរបាយការណ៍របស់ខ្លួនដែលទើបចេញផ្សាយកាលពីពេលថ្មីៗនេះថា ក្រោយសម្រេចបានកំណើន ២,៩% នៅឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មសកលនៅឆ្នាំ២០២៥ នឹងធ្លាក់ចុះមកនៅត្រឹម០,៩% ដែលទាបជាងកំណើនដែលខ្លួនបានព្យាករកាលពីខែមេសា ប្រមាណ០,២%។
ជាមួយគ្នានេះ អង្គការ WTO បានព្យាករថា នៅឆ្នាំក្រោយការដោះដូរពាណិជ្ជកម្មទូទាំងពិភពលោកនឹងសម្រេចបានកំណើនក្នុងរង្វង់ ១,៨% តែវាទាបជាងអ្វីដែលអង្គការនេះបានព្យាករកាលពីពេលកន្លងទៅ ដែលរំពឹងសម្រេចបានកំណើនយ៉ាងហោចណាស់ក្នុងរង្វង់ ២,៥%។
លោកស្រី ងូហ្ស៊ី អូកុនចូ អ៊ីវៀឡា (Ngozi Okonjo-Iweala) អគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក បានលើកឡើងថា ស្រមោលនៃភាពមិនច្បាស់លាស់ននៃការដាក់ពន្ធរបស់អាម៉េរិក នៅតែបន្តចោលទម្ងន់ធ្ងន់ទៅលើទំនុកចិត្តការធ្វើអាជីវកម្ម ការវិនិយោគ និងខ្សែច្រវាក់ផ្គត់ផ្គង់ពិភពលោក។ លោកស្រីបានចាត់ទុកភាពមិនច្បាស់លាស់នេះ នៅតែជាកម្លាំងរំខានធំបំផុតក្នុងបរិយាកាសពាណិជ្ជកម្មសកល៕
ដោយៈ សរ សុជាតិ