អត្ថបទក្រុមហ៊ុន

ក្រុមហ៊ុន Smart Axiata គាំទ្រវេទិកាយុវជនជជែកពិភាក្សាអំពីបរិស្ថានឆ្នាំ២០២២


ក្រុមហ៊ុន Smart Axiata ដែលជាប្រតិបត្តិករទូរស័ព្ទចល័តឈានមុខគេនៅកម្ពុជា បានរួមសហការជាមួយក្រសួងបរិស្ថាន និងក្រសួងអប់រំ យុវជន និងកីឡា ដើម្បីគាំទ្រវេទិកាយុវជនជជែកពិភាក្សាអំពីបរិស្ថានឆ្នាំ២០២២។ក្នុងឆ្នាំនេះ វេទិកាយុវជនជជែកពិភាក្សាអំពីបរិស្ថានត្រូវបានបែងចែកជាបីវគ្គគឺ វគ្គណែនាំ វគ្គប្រកួតដំបូង វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងវគ្គប្រកួតផ្តាច់ព្រ័ត្រ។ គោលបំណងរបស់វេទិកានេះគឺដើម្បីលើកទឹកចិត្តយុវជនកម្ពុជាឱ្យចូលរួមក្នុងការគ្រប់គ្រងបរិស្ថានសម្រាប់អនាគតរបស់ប្រទេសកម្ពុជា។
ក្រុមហ៊ុន Smart Axiata គាំទ្រវេទិកាយុវជនជជែកពិភាក្សាអំពីបរិស្ថានឆ្នាំ២០២២

វគ្គ​​ប្រកួតផ្តាច់​ព្រ័ត្រឆ្នាំនេះធ្វើឡើងនៅខេត្តព្រះសីហនុ ហើយវិទ្យាល័យ ហ៊ុន សែន កំពង់សិលា ខេត្តព្រះសីហនុ ទទួលបានជ័យលាភីលេខ១ ក្នុងវេទិកា​យុវជន​ជជែក​ពិភាក្សា​អំពី​បរិស្ថាន​នៅ​​ឆ្នាំ២០២២ នេះ ខណៈ​វិទ្យាល័យ ហ៊ុន សែន ព្រៃនប់ ទទួល​បាន​ជ័យលាភីលេខ២ និង​វិទ្យាល័យ ហ៊ុន សែន បាក់ខ្លង ជាប់ចំណាត់​ថ្នាក់​លេខ៣។ វេទិកា​យុវជន​ជជែក​ពិភាក្សា​អំពី​បរិស្ថាន​ឆ្នាំ​២០២២ ត្រូវបាន​រៀបចំឡើង​ដោយ​ក្រសួងបរិស្ថាន សហការ​ជាមួយ​ក្រសួង​អប់រំ យុវជន និងកីឡា។ ក្រុមហ៊ុន Smart Axiata គឺជាអ្នកឧបត្ថម្ភធំមួយក្នុងចំណោមអ្នកឧបត្ថម្ភផ្សេងទៀត។

វេទិកា​យុវជន​ជជែក​ពិភាក្សា​អំពី​បរិស្ថាន​ឆ្នាំ​២០២២ បានរៀបចំ​ធ្វើឡើង​ចាប់ពី​ខែ​មិថុនា​ដល់​ខែ​សីហា​ឆ្នាំ​២០២២។ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ​​ក្រសួង​បរិស្ថាន និង​ឯកឧត្តម ឡុង ឌីម៉ង់ អភិបាល​រង​នៃគ​ណៈ​អភិបាល​ខេត្ត​ព្រះ​សីហនុ បាន​អញ្ជើញ​ចូលរួម​ជាមួយ​ភាគីពាក់ព័ន្ធ​មួយចំនួន​ទៀតនៅក្នុង​វេទិការ​នេះ។

ឯកឧត្តម នេត្រ ភក្ត្រា បាន​មាន​ប្រសាសន៍​ថា៖ «ព្រះ​រាជាណាច​ក្រកម្ពុជា​​​មាន​ការ​រីក​ចម្រើន​យ៉ាង​ឆាប់​រហ័ស​ដោយ​សារ​​មាន​សន្តិភាព និង​ស្ថិរភាព​នយោបាយ​ជា​បន្ត​បន្ទាប់។ រាជ​រដ្ឋា​ភិបាល​​​ក៏​កំពុង​ពិចារណា​អំពី​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ និង​និរន្តរភាព​ផង​ដែរ ដូច​ដែល​​អនុវត្ត​ចំពោះ​កំណើន​សង្គម​-សេដ្ឋកិច្ច។ ការ​គិត​គូរ​អំពី​បរិស្ថាន​នៅតែ​បន្ត​នាំមុខ​គេ​ចំពោះ​​វិស័យ​​សាធារណៈ និង​ឯកជន ដូច្នេះ​ហើយ​បានជា​​យើង​រៀបចំ​វេទិកា​យុវជន​នេះ​ឡើង»។

លោក Feiruz Ikhwan នាយកប្រតិបត្តិស្តីទីរបស់ក្រុមហ៊ុន Smart Axiata មានប្រសាសន៍ថា៖ «ការ​អភិរក្ស និង​​ការពារ​​បរិស្ថាន​​​គឺ​ជា​សរសរស្តម្ភ​​មួយ​នៃ​កម្មវិធីទំនួលខុសត្រូវសង្គមរបស់​យើង។ ក្នុង​នាម​ជា​ប្រតិបត្តិករ​ទូរស័ព្ទចល័តឈានមុខគេ​នៅ​កម្ពុជា ក្រុមហ៊ុន Smart Axiata តែងតែ​​ខិត​ខំ​ព្យាយាម​ឱ្យ​មាន​​និរន្តរភាព​​នៅ​ក្នុង​គម្រោង និង​កម្មវិធី​ទាំង​អស់​របស់​យើង។ យើង​​ក៏ចង់​លើក​ទឹក​ចិត្ត​​យុវជន​​​កម្ពុជា​​ឱ្យ​ចូលរួមក្នុងការការពារ​ធនធាន​ធម្មជាតិ ការ​អភិរក្ស​ជីវ​ចម្រុះ និង​​ការ​រស់​​នៅ​​ប្រកប​ដោយ​​និរន្តរភាព ដើម្បីជា​ប្រយោជន៍​រួម​​ ដូច្នេះ​ហើយ​បានជា​យើង​​​គាំទ្រ​វេទិកានេះ»។

វេទិកានេះ​ផ្តល់​ឱ្យ​យុវជន​នូវ​ឱកាសមួយ​ដើម្បីសិក្សា ស្រាវជ្រាវ និងផ្លាស់ប្តូរ​ចំណេះ​ដឹង និង​បទពិសោធ​​ជាមួយ​អ្នក​ជំនាញ​បរិស្ថាន។ នៅ​ក្នុង​ដំណើរការ​នេះ យើងសង្ឃឹម​ថា យុវជន​នឹង​មាន​ការ​យល់​ដឹង​កាន់​តែ​ច្បាស់​អំពី​របៀប​គ្រប់​គ្រង​បរិស្ថាន។

ប្រធានបទ​ចំនួនបី​ត្រូវ​បាន​លើក​យក​មក​ពិភាក្សា​នៅ​ក្នុងវគ្គ​ផ្តាច់​ព្រ័ត្រ​​នេះ ដែល​រួម​មាន ការអប់រំ​បរិស្ថាននៅ​វត្តអារាមមាន​ប្រសិទ្ធភាព​ក្នុងការផ្លាស់​ប្តូរ​ឥរិយាបទ​ស្រលាញ់​បរិស្ថាន​ជាង​នៅ​សាលារៀន, សំណល់​ប្លាស្ទិកគឺ​ជាប្រភព​ចម្បង​នៃ​ការបំពុល​បរិស្ថានសមុទ្រ​ និងការ​បង្កើត​មុខរបរ​ឱ្យសហគមន៍​មូលដ្ឋាន​បាន​ចូលរួម​ចំណែក​ដល់​ការ​អភិរក្ស​ជីវៈចម្រុះ​។

ក្រុមហ៊ុន Smart Axiata កំពុងចូលរួមចំណែកយ៉ាង​សកម្មក្នុងការឆ្លើយតបនឹងបញ្ហា​អាកាសធាតុ​បន្ទាន់ តាម​រយៈ​ការ​​ពិនិត្យតាមដាន និង​គ្រប់គ្រង​បរិមាណ​​កាបូន​​ដែលបញ្ចេញ​ដោយ​ក្រុមហ៊ុន ពោលគឺ​​ជា​ផ្នែក​មួយ​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​ក្រុមហ៊ុន​ក្នុង​ការ​លើក​កម្ពស់​និរន្តរភាព។

កាល​ពីដើម​ឆ្នាំ​នេះ ក្រុមហ៊ុន Smart Axiata គឺជាអ្នកឧបត្ថម្ភធំ​មួយ​ក្នុង​កម្មវិធី ​ “ទិវាមួយ​ម៉ោង​សម្រាប់​ភពផែនដី” នៅ​កម្ពុជា ដែលមាន​ការ​ជួបជុំ​គ្នា​រវាង​​ក្រសួងនានា​របស់​រាជ​រដ្ឋាភិបាល សហគមន៍​មូលដ្ឋាន យុវជន អង្គភាព​សាធារណៈ​និងឯកជន អង្គការ​មិន​មែន​រដ្ឋាភិបាល ប្រព័ន្ធ​ផ្សព្វផ្សាយ និងប្រជាពលរដ្ឋ​នៅ​ទូទាំង​ប្រទេស​កម្ពុជា ដើម្បី​បង្ហាញ​សកម្មភាព​របស់​ពួកគេ​ឆ្ពោះទៅ​រក​អនាគតដែល​កាន់តែ​មាន​សុខភាពល្អ​និង​កាន់តែ​ប្រសើរ​សម្រាប់​ទាំង​អស់គ្នា។

សម្រាប់​​ព័ត៌មាន​​បន្ថែមអំពី​​កិច្ច​ប្រឹង​ប្រែង​ទាក់ទង​នឹង​បរិស្ថាន​​​របស់​​​ក្រុមហ៊ុន Smart Axiata សូម​តាមដាន​​ទំព័រ​​ហ្វេសប៊ុក Smart​ for Cambodia តាមរយៈ​គេហទំព័រ ​www.facebook.com/smartforcambodia




អត្ថបទបន្ទាប់


ក្រុមប្រទេសក្នុងក្របខណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិក នឹងពិចារណាបង្កើតស្តុកបន្ទះឈីបសម្រាប់គ្រាមានអាសន្ន

ព័ត៌មាន
បណ្ដាប្រទេសក្នុងក្របខណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិក (IPEF) ដែលដឹកនាំដោយសហរដ្ឋអាមេរិក នឹងពិចារណាលើការបង្កើតប្រព័ន្ធផ្លូវការរួមគ្នាមួយ សម្រាប់ទ…

និយ័តករបរធនបាលកិច្ច ធ្វើកិច្ចសហប្រតិបត្តិការនឹង CEO Master Club លើការជំរុញ និងយល់ដឹងអំពីវិស័យបរធនបាលកិច្ចនៅកម្ពុជា

ព័ត៌មាន
ដោយទទួលបានការអនុញ្ញាតពី ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ