
ភាពជោគជ័យក្នុងវិស័យបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត និងការគាំទ្ររបស់ប្រធានាធិបតីចិន លោក ស៊ី ជិនភីង កាលពីពេលថ្មីៗចំពោះបណ្ដាសហគ្រិនក្នុងវិស័យឯកជន ដូចជា កំពូលមហាសេដ្ឋី Jack Ma ដែលជាស្ថាបនិកក្រុមហ៊ុនយក្ស Alibaba ជាដើម បានជំរុញឱ្យភាគហ៊ុនចិន ហក់ឡើងស្រឺតៗគួរឱ្យភ្ញាក់ផ្អើលនៅមុនកិច្ចប្រជុំសភាប្រជាជនចិន នាថ្ងៃទី៥ ខែមីនា ដ៏ខ្លីខាងមុខនេះ។
ទោះជាយ៉ាងណា ការដំឡើងពន្ធថ្មី១០% របស់លោក ដូណាល់ ត្រាំ លើទំនិញចិន ដែលគ្រោងចូលជាធរមាននៅថ្ងៃទី៤ ខែមីនា ពោលគឺមួយថ្ងៃមុនពេលនាយករដ្ឋមន្ត្រីចិន លោក លី ឈាង ដែលជាអនុរបស់ប្រធានាធិបតី ស៊ី ជិនភីង បង្ហាញផែនការសេដ្ឋកិច្ចរបស់ប្រទេសចិននោះ កំពុងធ្វើឱ្យសុទិដ្ឋិនិយមខាងលើធ្លាក់ចុះ។
យោងតាមអ្នកវិភាគភាគច្រើនដែលត្រូវបានស្ទង់មតិដោយសារព័ត៌មាន Bloomberg បានឱ្យដឹងថា ប្រតិភូជាន់ខ្ពស់រាប់ពាន់នាក់ រួមទាំងថ្នាក់ដឹកនាំក្រសួង និងថ្នាក់ដឹកនាំខេត្ត នឹងជួបជុំគ្នានៅថ្ងៃពុធ ទី៥ ខែមីនា សម្រាប់កិច្ចប្រជុំសភាប្រជាជនចិន ហើយតាមការរំពឹងទុក ក្រុមអ្នកបង្កើតគោលនយោបាយចិន អាចនឹងប្រកាសកំណត់គោលដៅកំណើនសេដ្ឋកិច្ចចិន ក្នុងរង្វង់ប្រមាណ៥% សម្រាប់ឆ្នាំ២០២៥ នេះ។
ក្រុមអ្នកវិភាគបានលើកឡើងថា ដើម្បីសម្រេចគោលដៅកំណើន៥% នេះ ក្រុមអ្នកបង្កើតគោលនយោបាយចិន ប្រហែលជាត្រូវជំរុញឱ្យឱនភាពថវិកាផ្លូវការរបស់មហាយក្សចិន កើនឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានក្នុងរយៈពេលជាង៣ទសវត្សរ៍មកនេះ ដោយរដ្ឋាភិបាលចិន អាចនឹងត្រូវចាក់បញ្ចូលមូលធនច្រើនរយពាន់លានដុល្លារអាម៉េរិក ទៅក្នុងប្រព័ន្ធសេដ្ឋកិច្ច ដើម្បីទប់អតិផរណា ដោះស្រាយវិបត្តិអចលនទ្រព្យ និងសង្គ្រាមពាណិជ្ជកម្មជាមួយសហរដ្ឋអាម៉េរិក។
សូមបញ្ជាក់ថា នៅក្នុងរយៈពេលជិតពីរខែនៃការឡើងកាន់អំណាចជាថ្មីរបស់ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ទំនាក់ទំនងរវាងប្រទេសមហាអំណាចសេដ្ឋកិច្ចធំបំផុតទាំងពីររបស់ពិភពលោកនេះហាក់ប្រេះឆា និងកើនឡើងកម្ដៅកាន់តែខ្លាំង ហើយដោយសារតែការនាំចេញរបស់មហាយក្សចិនទំនងជាគ្មានសន្ទុះកើនឡើងខ្លាំងដូចក្នុងឆ្នាំ២០២៤ មេដឹកនាំចិន កំពុងផ្ដោតការយកចិត្តទុកដាក់ខ្ពស់លើការជំរុញកំណើនតម្រូវការក្នុងស្រុក៕
ដោយ: តែម សុខុម