ការប្រយុទ្ធគ្នារវាងរបបយោធាមីយ៉ាន់ម៉ា និងក្រុមបះបោរជនជាតិដើមភាគតិចកំពុងរីករាលដាលទូទាំងប្រទេស។ ប្រជាជនដែលភៀសខ្លួនចេញពីតំបន់ជនបទដែលមានការប្រយុទ្ធគ្នា កំពុងសម្រុកទៅកាន់ទីក្រុងម៉ាន់ដាឡាយ (Mandalay) ជាទីក្រុងធំទី២ របស់ប្រទេសនេះ។ ហើយជាលទ្ធផលនៃការរត់ភៀសខ្លួននេះបានជំរុញឱ្យប្រជាជនដែលរស់នៅក្នុងទីក្រុងម៉ាន់ដាឡាយ (Mandalay) កាន់តែច្រើនឡើងបង្ខំចិត្តផ្លាស់ទីលំនៅទៅកាន់ទីក្រុងយ៉ាងហ្គោន។
ការហក់ឡើងតម្លៃលំនៅឋាននេះ មួយផ្នែកក៏បណ្តាលមកពីប្រជាជនសម្រុនាំគ្នាបង្វែរការវិនិយោគរបស់ពួកគេទៅលើអចលនទ្រព្យផងដែរ ដោយសារពួកគេខ្លាចរូបិយប័ណ្ណរបស់ប្រទេសមីយ៉ាន់ម៉ា កាន់តែធ្លាក់ថ្លៃបន្ថែមទៀត ក៏ដូចជាគ្មានទំនុកចិត្តលើសុវត្ថិភាពនៃប្រាក់បញ្ញើដែលដាក់នៅតាមធនាគារ។
របាយការណ៍របស់ក្រុមហ៊ុនកម្រៃជើងសារអចលនទ្រព្យមួយបានបង្ហាញថា ខុនដូធម្មតានៅទីក្រុងយ៉ាងហ្គោន (Yangon) ត្រូវបានដាក់លក់ក្នុងតម្លៃដល់ទៅប្រមាណ៩១.០០០ដុល្លារអាម៉េរិកក្នុងមួយយូនីតកាលពីអំឡុងខែសីហា ឆ្នាំនេះ។ តួលេខនេះបង្ហាញពីការហក់ឡើងថ្លៃរហូតដល់ទៅជាង៧០% ពីកម្រិតក្នុងខែកុម្ភៈ ឆ្នាំ២០២១ ជាពេលដែលយោធាបានចូលកាន់កាប់រដ្ឋាភិបាលមីយ៉ាន់ម៉ា។ ហើយត្រឹមរយៈពេល២ខែប៉ុណ្ណោះ ពោលគឺពីខែមិថុនា ដល់ខែកក្កដា ឆ្នាំ២០២៤ តម្លៃលំនៅឋានជាមធ្យមបានហក់ឡើងរហូតដល់ទៅប្រមាណ៣០% ឯណោះ។
ការហក់ឡើងថ្លៃស្រឺតៗនៃលំនៅឋាននេះបានធ្វើឱ្យក្រុមហ៊ុនធំៗ ដូចជាក្រុមហ៊ុនវិនិយោគពហុវិស័យឈានមុខគេរបស់មីយ៉ាន់ម៉ា Yoma Group ជាដើមចំណេញកប់ក្ដោង និងកំពុងសប្បាយកើបលុយ ខណៈដែលប្រជាជនកំពុងតែរងទុក្ខវេទនា និងរស់នៅដោយការភ័យខ្លាច៕
ដោយ: តែម សុខុម