គម្រោងមជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញនេះត្រូវបានសម្ពោធដាក់តាំងបង្ហាញជាផ្លូវការអមជាមួយកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះកាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០២២។
ឯកឧត្តម ហ៊ាង សុទ្ធាយុត្តិ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានគូសបញ្ជាក់ប្រាប់ ខេមបូណូមីសថា ក្រុមហ៊ុនសិង្ហបុរី YCH ដែលជាក្រុមហ៊ុនទទួលបានសិទ្ធិសិក្សា និងអភិវឌ្ឍន៍គម្រោងមជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ បានស្នើសុំពេលវេលាបន្ថែមទៀត ក្នុងការរៀបចំរៀបចំផែនការ អភិវឌ្ឍន៍គម្រោងនេះ។ បើតាមអ្នកនាំពាក្យរូបនេះ បច្ចុប្បន្នក្រុមហ៊ុននេះសំយោគបញ្ជូលនេះចំណុចសំខាន់ៗពាក់ព័ន្ធនឹងផែនការហិរញ្ញវត្ថុ និងការវាយតម្លៃផលប៉ះពាល់បរិស្ថាន ព្រមទាំងការពិនិត្យឡើងវិញ នៃច្បាប់គយ និងបទប្បញ្ញត្តិផ្សេងៗ ដើម្បីដាក់ឆ្លងមកក្រសួងសាធារណការ និងដឹកជញ្ជូន។
បើតាមមន្រ្តីជាន់ខ្ពស់រូបនេះ ក្រោយបញ្ចូលគ្នានូវចំណុចទាំង៣ខាងលើទៅក្នុងការសិក្សាសមិទ្ធិលទ្ធភាព (FS) និងបញ្ចូនរបាយការណ៍សិក្សាមកក្រសួង គណៈកម្មការអន្តរក្រសួង ដែលដឹកនាំដោយក្រសួងសាធារណការ និងដឹកជញ្ជូន នឹងពិនិត្យ ដើម្បីស្នើសុំទៅរាជរដ្ឋាភិបាល ដើម្បីឈានទៅរកការបើកការចរចារកិច្ចព្រមព្រៀងសម្បទានមុនឈានទៅដល់ចំណុចចាប់ផ្តើមអនុវត្តគម្រោងនេះ។
តាមរយៈការស្នើសុំនេះ សបញ្ជាក់ឱ្យឃើញថា ការបើកការដ្ឋានសាងសង់គម្រោងនេះនឹងត្រូវពន្យារពេលបន្ថែមទៀត ខណៈតាមផែនការគម្រោងដែលមានតម្លៃវិនិយោគប្រមាណ២រយលានដុល្លារអាម៉េរិកមួយនេះ គ្រោងបើកការដ្ឋានសាងសង់ដំណាក់កាលទី១ នៅអំឡុងឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ។ គម្រោងនេះបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌរវាងក្រសួងសាធារណការ និងដឹកជញ្ជូនជាមួយក្រុមហ៊ុន YCH កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១ ដើម្បីសិក្សាសមិទ្ធិលទ្ធភាពនៃគម្រោង។
លោក Robert Yap ប្រធានប្រតិបត្តិនៃក្រុមហ៊ុន YCH Group បានគូសបញ្ជាក់ក្នុងពិធីសម្ពោធដាក់តាំងបង្ហាញគម្រោងមជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញជាផ្លូវការក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះកាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០២២ ថា ការសាងសង់ដំណាក់កាលទី១នៃគម្រោងនេះ គ្រោងចំណាយពេលសាងសង់ប្រមាណ២ឆ្នាំ។ គម្រោងនេះនឹងសាងសង់ឡើងជា៣ដំណាក់កាល ជាមួយទុនវិនិយោគប្រមាណ២រយលានដុល្លារ។
គួរបញ្ជាក់ថា មុនកម្ពុជាសម្រេចជ្រើសរើសឲ្យក្រុមហ៊ុន YCH របស់សិង្ហបុរីសិក្សាលើគម្រោងសាងសង់មជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញនេះ កម្ពុជាបានពឹងឲ្យធនាគារអភិវឌ្ឍន៍អាស៊ី ADB សិក្សាម្តងរួចមកហើយ។ ក្រោយការសិក្សា ADB អះអាងថា គម្រោងនេះអាចប្រព្រឹត្តទៅបាន ហើយថែមទាំងអាចផ្តល់ប្រាក់ចំណេញដល់ក្រុមហ៊ុនវិនិយោគលើគម្រោងនេះទៀតផង។
គម្រោងមជ្ឈមណ្ឌលភស្ដុភារកម្មភ្នំពេញ ត្រូវបានអ្នកជំនាញក្នុងវិស័យដឹកជញ្ជូន និងឡូជីស្ទីក រំពឹងថា នឹងជួយជំរុញឲ្យវិស័យដឹកជញ្ជូនរបស់កម្ពុជា កាន់តែមានភាពល្អប្រសើរ ហើយវានឹងក្លាយជាកន្លែងប្រមូលផ្តុំដោយស្ថាប័នធំៗដូចជាគយ កន្លែងត្រួតពិនិត្យទំនិញ និងស្ថាប័នផ្តល់សេវាកម្មផ្សេងៗ ដែលអាចជួយសម្រួលឲ្យការដឹកជញ្ជូនទំនិញកាន់តែមានភាពងាយស្រួល និងឆាប់រហ័សជាងមុន៕