ការព្រមាន និងការបង្ហាញក្ដីបារម្ភរបស់ទីក្រុងវ៉ាស៊ីងតោននេះ បានធ្វើឡើងនៅពេលលោកស្រី យេឡិន បានជួបពិភាក្សាជាមួយនឹងឧបនាយករដ្ឋមន្ត្រីចិន លោក ហេ លីហ្វឹង ( He Lifeng) រយៈពេល២ថ្ងៃនៅសហរដ្ឋអាម៉េរិក។
នៅចំពោះមុខលោក លីហ្វឹង លោកស្រី យេឡិន បានលើកឡើងពីការព្រួយបារម្ភរបស់អាម៉េរិកថា ឧបករណ៍ដែលមានប្រយោជន៍ចំពោះយោធារបស់រុស្ស៊ី កំពុងតែគេចវេសពីការដាក់ទណ្ឌកម្ម និងធ្វើដំណើរទៅកាន់ទីក្រុងម៉ូស្គូ ដើម្បីជួយដល់ការធ្វើសង្រ្គាមរបស់រុស្ស៊ី ប្រឆាំងនឹងប្រទេសអ៊ុយក្រែន។
លោកស្រី យេឡិន បានប្រាប់អ្នកយកព័ត៌មានក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូសហរដ្ឋអាម៉េរិកថា ក្រុមហ៊ុនមួយចំនួនមិនត្រូវផ្តល់ជំនួយជាសម្ភារដល់វិស័យឧស្សាហកម្មការពារជាតិរបស់រុស្ស៊ីឡើយ ហើយប្រសិនបើពួកគេធ្វើបែបនេះមែន ពួកគេនឹងប្រឈមមុខនឹងផលវិបាកសំខាន់ៗមួយចំនួន។
លោកស្រីបន្តថា សហរដ្ឋអាម៉េរិក ប្តេជ្ញាចិត្តថា នឹងខំប្រឹងឱ្យអស់ពីលទ្ធភាពតាមដែលអាចធ្វើទៅបាន ដើម្បីទប់ស្កាត់រំហូរសម្ភារដែលអាចជួយដល់ប្រទេសរុស្ស៊ីក្នុងការធ្វើសង្រ្គាមដ៏ឃោរឃៅ និងខុសច្បាប់នេះ ដោយលោកស្រីបានព្រមាន ដោយចំហថា បើសិនក្រុមហ៊ុនណាមួយហ៊ានជួយដល់ការខំប្រឹងធ្វើសង្រ្គាមរបស់ទីក្រុងម៉ូស្គូ នោះពួកគេអាចប្រឈមមុខនឹងទណ្ឌកម្មណាមួយជាក់ជាមិនខានឡើយ។
លោកស្រីបាននិយាយថា រដ្ឋាភិបាលសហរដ្ឋអាម៉េរិក បានដាក់ទណ្ឌកម្មរួចហើយប្រឆាំងនឹងក្រុមហ៊ុនឯកជនមួយចំនួនរួមទាំងក្រុមហ៊ុននៅប្រទេសចិនដែរ ដោយសារពួកគេបានជួយរុស្ស៊ីឱ្យទទួលឧបករណ៍ដែលអាចផ្តល់ជំនួយដល់កិច្ចខិតខំប្រឹងប្រែងធ្វើសង្គ្រាមរបស់រុស្ស៊ី។
លោកស្រី យេឡិន បានបន្តថា សហរដ្ឋអាម៉េរិកចង់ឃើញប្រទេសចិនបង្ក្រាបលើបញ្ហាទាំងអស់នេះ ជាពិសេសនៅពេលដែលសហរដ្ឋអាម៉េរិកបានផ្តល់ព័ត៌មានដល់ប្រទេសចិន ប៉ុន្តែរដ្ឋមន្ត្រីហិរញ្ញវត្ថុរូបនេះមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមពីឈ្មោះក្រុមហ៊ុន ដែលពាក់ព័ន្ធ ហើយក៏មិនមានប្រតិកម្មតបរបស់លោក លីហ្វឹង ចំពោះបញ្ហាទាំងនេះដែរ។ លោកស្រី យេឡិន បានសង្កត់ធ្ងន់ថា ក្រុមហ៊ុនចិនដែលស្ថិតក្នុងការសង្ស័យនេះគឺជាក្រុមហ៊ុនឯកជន ប៉ុន្តែលោកស្រីមិនបានបង្ហាញថា តើរឿងនេះត្រូវបានរដ្ឋាភិបាលចិន បានដឹងដែរ ឬក៏យ៉ាងណានោះទេ៕
អត្ថបទ៖ សុខ ជា