វិស័យពាណិជ្ជកម្ម

ប្រាក់យន់របស់ចិន ធ្លាក់ថ្លៃខ្លាំង ខណៈការចូលកាន់អំណាចរបស់លោក ត្រាំ បានបង្កការព្រួយបារម្ភពីបញ្ហាពន្ធគយទូទាំងពិភពលោក


ប្រាក់យន់របស់ចិន ត្រូវបានព្យាករថា នឹងបន្តធ្លាក់ថ្លៃបន្ថែមទៀត បើធៀបនឹងប្រាក់ដុល្លារអាម៉េរិក ដែលកំពុងហក់ឡើងថ្លៃ ប៉ុន្តែសំណួរដ៏សំខាន់ដែលក្រុមអ្នកឃ្លាំមើលស្ថានភាពទីផ្សារចោទសួរនៅពេលនេះ តើវានឹងធ្លាក់ថ្លៃលឿនកម្រិតណា។ ជាការពិតណាស់ ការធ្លាក់ថ្លៃខ្លាំងនៃប្រាក់យន់អាចបង្កផលប៉ះពាល់ដល់ការនាំចេញទូទាំងពិភពលោក ជាពិសេសសម្រាប់បណ្ដាប្រទេស ដែលប្រកួតប្រជែងជាមួយប្រទេសចិន ហើយទន្ទឹមនេះ វាក៏រារាំងកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសចិន ក្នុងការជំរុញសេដ្ឋកិច្ចរបស់ខ្លួនផងដែរ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន NBC News។
វិស័យពាណិជ្ជកម្ម
ដោយ

ចាប់តាំងពីលោក ដូណាល់ ត្រាំ ឈ្នះការបោះឆ្នោតប្រធានាធិបតី កាលពីខែវិច្ឆិកា ឆ្នាំ២០២៤ មក ហាងឆេងប្រាក់យន់នៅបរទេសបានធ្លាក់ថ្លៃជាង៣% ខណៈដែលហាងឆេងប្រាក់យន់នៅក្នុងប្រទេសចិន បានធ្លាក់ថ្លៃខ្លាំងជិតឈានដល់កម្រិតទាបបំផុតមិនធ្លាប់មានក្នុងរយៈពេល១៦ខែមកនេះ។

បណ្ដាវិនិយោគិនមានការព្រួយបារម្ភអំពីស្ថានភាពសេដ្ឋកិច្ចចិន នាពេលអនាគត ដោយសារប្រទេសនេះកំពុងប្រឈមមុខនឹងបញ្ហាធំៗរួមមានដូចជា វិបត្តិអចលនទ្រព្យ និងការចំណាយរបស់អ្នកប្រើប្រាស់ធ្លាក់ចុះជាដើម។ ហើយការព្រួយបារម្ភអំពីការកើនឡើងអប្បផរណា ឬការធ្លាក់ចុះថ្លៃទំនិញ និងសេវាកម្មក្នុងប្រទេសចិន គួបផ្សំជាមួយនឹងធនាគារនានា ក៏កំពុងជួបការលំបាកក្នុងការជំរុញកំណើនឥណទាន បានបណ្ដាលឱ្យមូលនិធិយ៉ាងច្រើនសន្ធឹកសន្ធាប់ចាក់ចូលទៅក្នុងសញ្ញាបណ្ណ ឬមូលបត្របំណុលរបស់រដ្ឋាភិបាល ជាហេតុធ្វើឱ្យផលបត្រសញ្ញាបណ្ណធ្លាក់ចុះទាបបំផុតមិនធ្លាប់មាន។

ទន្ទឹមនឹងនេះ ធនាគារកណ្តាលអាម៉េរិក នៅពេលនេះរំពឹងថា នឹងបញ្ចុះអត្រាការប្រាក់យឺត ឬតិចជាងអ្វីដែលខ្លួនបានរំពឹងទុកមុននេះ ហើយការដំឡើងពន្ធគយ ដែលបានស្នើឡើងរបស់លោក ដូណាល់ ត្រាំ អាចនឹងធ្វើឱ្យអតិផរណាកើនឡើង ដែលអនុញ្ញាតឱ្យធនាគារកណ្ដាលអាម៉េរិកពន្យារពេលបញ្ចុះអត្រាការប្រាក់។

ងាកទៅក្រុងប៉េកាំងឯណោះវិញ នៅពេលនេះកំពុងប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីគ្រប់គ្រងការធ្លាក់ថ្លៃនៃប្រាក់យន់ ខណៈកំពុងព្យាយាមធ្វើយ៉ាងណាកុំឱ្យតម្លៃប្រាក់យន់ ប្រែប្រួលខ្លាំងពេក ដោយធនាគារកណ្ដាលចិន ផ្តោតជាសំខាន់លើការក្សាស្ថិរភាពរូបិយប័ណ្ណ ទោះបីជាខ្លួនប្រឈមនឹងសម្ពាធឱ្យបញ្ចុះអត្រាការប្រាក់យ៉ាងណាក្ដី។

ក្រុមអ្នកជំនាញព្យាករថា ប្រាក់យន់នឹងធ្លាក់ថ្លៃបន្ថែមទៀត ប៉ុន្តែធនាគារកណ្ដាលចិន ទំនងជាអន្តរាគមន៍ធ្វើយ៉ាងណាកុំឱ្យប្រាក់យន់ធ្លាក់ថ្លៃខ្លាំងពេក ជាពិសេសស្របពេលដែលការគំរាមដំឡើងពន្ធគយរបស់សហរដ្ឋអាម៉េរិក កាន់តែជិតលេចចេញជារូបរាង ខណៈដែលលោក ដូណាល់ ត្រាំ ​បានចូលកាន់អំណាចឡើងវិញជាផ្លូវការនៅថ្ងៃទី២០ ខែមករា នេះ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


តើអ្នកជំនាញមានការក្តីរំពឹងបែបណាចំពោះការស្រូបទាញភ្ញៀវទេសចរចិន នៅឆ្នាំនេះ ជាពិសេសនៅក្នុងឱកាសបុណ្យចូលឆ្នាំចិន ខាងមុខ?

ចរន្តភ្ញៀវទេសចរអន្តរជាតិ ចូលកមកកម្សាន្តនៅកម្ពុជា នាពេលបច្ចុប្បន្ន បានវិលទៅរកស្ថានភាពល្អប្រសើរដូចមុនពេលមិនទាន់មានវិបត្តិកូវីដ-១៩ វិញហើយ ប៉…

តើមានកត្តាអ្វីជំរុញឱ្យមានការព្យាករថា តម្លៃម្រេចនៅលើទីផ្សារអន្តរជាតិ នៅឆ្នាំនេះនឹងហក់ឡើង?

ផលិតកម្មម្រេចពិភពលោកអាចផលិតបានប្រមាណ៣៦លានតោន នៅក្នុងមួយឆ្នាំ ប៉ុន្តែនៅឆ្នាំនេះ គេបានប៉ាន់ប្រមាណថា ទិន្នផលម្រេចអាចនឹងធ្លាក់ចុះដែលនឹងជំរុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ