កម្ពុជា-ឥណ្ឌូណេស៊ី-មីយ៉ាន់ម៉ា

កម្ពុជា នឹងផ្ដល់ការគាំទ្រយ៉ាងពេញទំហឹងដល់ឥណ្ឌូណេស៊ី ក្នុងឋានៈជាប្រធានអាស៊ានឆ្នាំក្រោយ ក្នុងការជួយមីយ៉ាន់ម៉ា


កម្ពុជា នឹងផ្ដល់ការគាំទ្រយ៉ាងពេញទំហឹងទៅដល់ឥណ្ឌូណេស៊ី ក្នុងឋានៈជាប្រធានអាស៊ានឆ្នាំក្រោយ និងប្រេសិតពិសេសរបស់ខ្លួនក្នុងការជួយមីយ៉ាន់ម៉ាក្នុងការស្វែងរកដំណោះស្រាយនយោបាយដោយសន្តិវិធី និងត្រឡប់ទៅមាគ៌ាប្រជាធិបតេយ្យ ដើម្បីផលប្រយោជន៍របស់ប្រជាជនមីយ៉ាន់ម៉ា និងអាស៊ានទាំងមូល។ នេះបើយោងតាមការអះអាងរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២។
កម្ពុជា នឹងផ្ដល់ការគាំទ្រយ៉ាងពេញទំហឹងដល់ឥណ្ឌូណេស៊ី ក្នុងឋានៈជាប្រធានអាស៊ានឆ្នាំក្រោយ ក្នុងការជួយមីយ៉ាន់ម៉ា

តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ឱ្យដឹងថា កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានអញ្ជើញចូលរួមកិច្ចពិគ្រោះយោបល់ក្រៅផ្លូវការថ្នាក់រដ្ឋមន្ត្រីស្តីពីស្ថានការណ៍នៅមីយ៉ាន់ម៉ា ដែលរៀបចំដោយ ឯកឧត្តម ដន ប្រាម៉ាត់វៃណៃ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីការបរទេសថៃ។ កិច្ចប្រជុំនេះក៏មានការចូលរួមពីរដ្ឋមន្ត្រីការបរទេសឡាវ និងអនុរដ្ឋមន្ត្រីការបរទេសវៀតណាម ព្រមទាំងមានវត្តមានរបស់រដ្ឋមន្ត្រីនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ាទទួលបន្ទុកកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងវិនិយោគនិងទំនាក់ទំនងសេដ្ឋកិច្ចបរទេសផងដែរ។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងទៀតថា កិច្ចពិគ្រោះយោបល់នេះ បានរៀបចំឡើងស្របទៅតាមចំណុចទី១៤ នៃការត្រួតពិនិត្យ និងសេចក្តីសម្រេចរបស់ថ្នាក់ដឹកនាំអាស៊ានលើការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច (5PC) ដោយបានគូសបញ្ជាក់ពីសារៈសំខាន់នៃការស្វែងរកវិធីសាស្ត្រនានា ដែលអាចគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរួមរបស់អាស៊ាន ក្នុងការជួយមីយ៉ាន់ម៉ានាំមកនូវដំណោះស្រាយចំពោះវិបត្តិបច្ចុប្បន្នប្រកបដោយសន្តិវិធី។

ជាមួយគ្នានេះ កិច្ចពិគ្រោះយោបល់ក្រៅផ្លូវការជាលក្ខណៈបើកចំហនេះ បានផ្ដល់ឱកាសដ៏ល្អសម្រាប់រដ្ឋមន្ត្រីក៏ដូចជាតំណាងដែលបានចូលរួមទាំងអស់ ធ្វើការពិភាក្សាដោយបើកចំហ ស្មោះត្រង់ និងប្រកបដោយអត្ថន័យ ព្រមទាំងទទួលបាននូវព័ត៌មានថ្មីៗ ពីមីយ៉ាន់ម៉ាស្តីពីកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច (5PC) ផងដែរ។ អ្វីដែលសំខាន់ជាងនេះ អង្គប្រជុំក៏បានផ្លាស់ប្តូរទស្សនៈលើវិធីសាស្ត្រជាក់ស្តែងដែលអាចពន្លឿនការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច (5PC) រួមទាំងយុទ្ធសាស្ត្រច្រកចេញ (Exit Strategy) ដែលអាចជួយឱ្យមីយ៉ាន់ម៉ាវិលត្រឡប់មកវិញនូវភាពប្រក្រតី និងសន្តិភាពឱ្យបានឆាប់បំផុតតាមដែលអាចធ្វើទៅបាន។
ប្រភពដដែលបានឱ្យដឹងថា កិច្ចប្រជុំក៏បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា និងការងាររបស់ប្រេសិតពិសេសនៃប្រធានអាស៊ាន ក្នុងការសម្របសម្រួលការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច (5PC) ជាពិសេសលើផ្នែកការផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាជនដែលត្រូវការជំនួយបំផុត។ យ៉ាងណាមិញ កម្ពុជា នឹងផ្ដល់ការគាំទ្រយ៉ាងពេញទំហឹងទៅដល់ឥណ្ឌូណេស៊ី ក្នុងឋានៈជាប្រធានអាស៊ានឆ្នាំក្រោយ និងប្រេសិតពិសេសរបស់ខ្លួនក្នុងការជួយមីយ៉ាន់ម៉ាក្នុងការស្វែងរកដំណោះស្រាយនយោបាយដោយសន្តិវិធី និងត្រឡប់ទៅមាគ៌ាប្រជាធិបតេយ្យ ដើម្បីផលប្រយោជន៍របស់ប្រជាជនមីយ៉ាន់ម៉ា និងអាស៊ានទាំងមូល៕




អត្ថបទបន្ទាប់


គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ទទួលបានពានរង្វាន់ឆ្នើម “គ្រប់សេវាហិរញ្ញវត្ថុផ្ដល់ជូននៅកន្លែងតែមួយ” ពីទស្សនាវដ្ដីសេដ្ឋកិច្ចពិភពលោក

ព័ត៌មាន
អបអរសាទរគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ បានទទួលពានរង្វាន់ឆ្នើម “គ្រប់សេវាហិរញ្ញវត្ថុផ្ដល់ជូននៅកន្លែងតែមួយ” ពីស្ថាប័ន World Business…

ចាប់រង្វាន់ផ្សងសំណាងដោយសេរី ពីហាងមេហ្គាឌីស ដើម្បីឈ្នះរង្វាន់សម្ភារៈបន្ទប់គេង និងផ្ទះបាយ

ព័ត៌មាន
អតិថិជន រហូតដល់ទៅ ១០០ នាក់ក្នុងមួយថ្ងៃ អាចចាប់រង្វាន់ក្នុងធុងឆ្នោតរបស់ ហាងមេហ្គាឌីស ហើយមានឱកាសឈ្នះរង្វាន់ជាច្រើនមុខដូចជា គ្រែ ម៉ាស៊ីន…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ