ក្រោយជួបពិភាក្សាជាមួយអនុរដ្ឋមន្ត្រីការពារជាតិអាម៉េរិកលោក ដាញ៉ែល ឌ្រីស្កូល (Daniel Driscoll) នៅទីក្រុងគៀវ កាលពីថ្ងៃព្រហស្បតិ៍ ទី២០ ខែវិច្ឆិកា លោក ហ្សឺឡិនស្គី ប្រធានាធិបតីអ៊ុយក្រែន ដែលបានព្រមទទួលយកផែនការសន្តិភាពរបស់អាម៉េរិកបាននិយាយថា អ៊ុយក្រែន និងអាម៉េរិកនឹងធ្វើការរួមគ្នាលើផែនការបញ្ចប់សង្គ្រាមដ៏អូសបន្លាយនៅអ៊ុយក្រែន។ ការិយាល័យរបស់លោក ហ្សឺឡិនស្គី មិនបានធ្វើអត្ថាធិប្បាយដោយផ្ទាល់លើខ្លឹមសារទាំង២៨ចំណុចនៃផែនការបញ្ចប់សង្គ្រាម ដែលមិនទាន់បោះពុម្ពផ្សាយនេះទេ គ្រាន់តែមេដឹកនាំអ៊ុយក្រែនបានគូសបញ្ជាក់អំពីគោលការណ៍ជាមូលដ្ឋាន ដែលមានសារៈសំខាន់ចំពោះប្រជាជនរបស់ពួកគេ។
ការិយាល័យនេះបានអះអាងថា លោក ហ្សឺឡិនស្គី រំពឹងថា នឹងមានការពិភាក្សាជាមួយលោក ដូណាល់ ត្រាំ លើបញ្ហាសំខាន់ៗមួយចំនួន ដើម្បីឈានទៅសម្រេចឱ្យបាននូវសន្តិភាពនៅអ៊ុយក្រែន។ ទោះយ៉ាងណា ប្រទេសនៅអឺរ៉ុបភាគច្រើនមិនពេញចិត្តចំពោះផែនការរបស់អាម៉េរិកនេះទេ ដោយពួកគេនិយាយថា ផែនការនេះនឹងតម្រូវឱ្យទីក្រុងគៀវ កាត់ទឹកដី និងរំសាយអាវុធមួយផ្នែកជាលក្ខខណ្ឌ ដែលពួកគេមើលឃើញជាយូរមកហើយថា វាស្មើនឹងចុះចាញ់ដូច្នោះដែរ។
រដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុប ដែលជួបប្រជុំគ្នានៅទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិកមិនបានលើកឡើងលម្អិតអំពីផែនការសន្តិភាពរបស់អាម៉េរិកនេះទេ ប៉ុន្តែបានបង្ហាញថា ពួកគេនឹងមិនទទួលយកការទាមទារឱ្យទីក្រុងគៀវធ្វើសម្បទានដោយការបង្ខំឡើយ។
លោក ហ្សង់ ណូអែល បារ៉ុត (Jean-Noel Barrot) រដ្ឋមន្ត្រីការបរទេសបារាំងបាននិយាយថា ប្រជាជនអ៊ុយក្រែនចង់បានសន្តិភាពដ៏យុត្តិធម៌មួយ ដែលគោរពអធិបតេយ្យភាពរបស់មនុស្សគ្រប់គ្នា និងជាសន្តិភាពយូរអង្វែងមួយ ដែលមិនអាចមានមន្ទិលសង្ស័យអំពីការឈ្លានពាននៅអនាគត ប៉ុន្តែមិនមែនជាសន្តិភាពនៃការចុះចាញ់នោះទេ៕
ដោយ៖ សុខ មង្គល