ធនាគារពិភពលោក

ធនាគារពិភពលោកផ្ដល់កម្ចី ២២១ លានដុល្លារបន្ថែមទៀតឲ្យវៀតណាម ដើម្បីគាំទ្រសេដ្ឋកិច្ចឲ្យងើបឡើងវិញ


រដ្ឋាភិបាលវៀតណាម និង ធនាគារពិភពលោកបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្តល់ហិរញ្ញប្បទានក្នុងទំហំទឹកប្រាក់ ២២១ លានដុល្លារអាមេរិក ដើម្បីគាំទ្រដល់ការស្តារឡើងវិញនៃសេដ្ឋកិច្ចវៀតណាម ក្រោយជំងឺកូវីដរាតត្បាតសកល តាមរយៈការធ្វើកំណែទម្រង់គោលនយោបាយ សំដៅការលើកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុ និងជំរុញភាពធន់នឹងបរិស្ថានកាន់តែប្រសើរឡើង។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន Vietnam Plus។
រូបតំណាង៖ ធនាគារពិភពលោកផ្ដល់កម្ចី ២២១ លានដុល្លារបន្ថែមទៀតឲ្យវៀតណាម ដើម្បីគាំទ្រសេដ្ឋកិច្ច
ដោយ

នាយកធនាគាពិភពលោកប្រចាំប្រទេសវៀតណាម បានអះអាងថា ក្នុងស្មារតីនៃភាពជាដៃគូយៈពេលវែង ជឿទុកចិត្ត និង​ផលិតភាព ធនាគារពិភពលោកមានមោទនភាពក្នុងការជួយវៀតណាម នៅពេលសេដ្ឋកិច្ចកំពុងងើបឡើងវិញពីវិបត្តិកូវីដ១៩ ជាមួយនឹងភាពមិនច្បាស់លាស់ជាច្រើន ដែល ពាក់ព័ន្ធនឹងជំងឺរាតត្បាតនេះ។ ធនាគារពិភពលោក ជឿជាក់ថា សកម្មភាពគោលនយោបាយ ដែលគាំទ្រដោយកិច្ចសហប្រតិបត្តិការនេះ នឹងមិនត្រឹមតែបង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការងើបឡើងវិញភ្លាមៗពីវិបត្តិកូវីដ១៩ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់អត្ថប្រយោជន៍ដល់ប្រទេសវៀតណាមក្នុងគោលដៅកំណើនរយៈពេលវែងផងដែរ។

បើតាមធនាគារពិភពលោក ប្រាក់កម្ចីជាង ២២១ លានដុល្លារនេះ នឹងផ្ដល់ជូនក្នុងទម្រង់នៃលក្ខខណ្ឌសម្បទានរយៈពេល ៣០ ឆ្នាំជាមួយនឹងរយៈពេលអនុគ្រោះចំនួន ៥ ឆ្នាំ។

តាមរយៈប្រាក់កម្ចីនេះដែរ ធនាគារពិភពលោកលើកទឹកចិត្តឱ្យវៀតណាម មានកំណែទម្រង់គោលនយោបាយក្រោមសសរស្តម្ភចំនួនពីរ។ ទីមួយ គាំទ្រដល់ការងើបឡើងវិញនៃសេដ្ឋកិច្ច ដែលរួមបញ្ចូលដោយការបន្ធូរបន្ថយបន្ទុកពន្ធលើអាជីវកម្ម ការកែលម្អលទ្ធភាពទទួលបានជំនួយហិរញ្ញវត្ថុសម្រាប់ក្រុមពលរដ្ឋងាយរងគ្រោះ កាត់បន្ថយគម្លាតយេនឌ័រនៅកន្លែងធ្វើការ និងការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ។

 សសរស្តម្ភទីពីរ គឺរួមចំណែកដល់គោលនយោបាយពាណិជ្ជកម្មបៃតង ការពន្លឿនការសម្របខ្លួនទៅរដ្ឋាភិបាលអេឡិចត្រូនិក (E-government) និងការបង្កើនការទាញយកថាមពលកកើតឡើងវិញ។

ធនាគារពិភពលោកក៏បានវាយតម្លៃផងដែរថា រដ្ឋាភិបាលវៀតណាមបានផ្លាស់ប្តូរយ៉ាងឆាប់រហ័សក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ លើការអនុវត្តកំណែទម្រង់ទាំងនេះ។ ជាក់ស្ដែងដូចជា ការយល់ព្រមលើអាជ្ញាប័ណ្ណផ្ទេរប្រាក់តាមទូរសព្ទ និងការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកនៅក្នុងទីក្រុងធំៗរបស់ប្រទេសជាដើម៕

អត្ថបទ៖ ស៊ើង និមល់

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


គោលនយោបាយយុទ្ធសាស្ត្រថ្មីរបស់ចិន ដើម្បីរក្សាស្ថិរភាពកំណើនសេដ្ឋកិច្ចឆ្នាំ២០២២

ព័ត៌មាន
ប្រទេសចិនប្រឈមមុខនឹងកំណើនសេដ្ឋកិច្ចយឺតជាងការរំពឹងទុក ភាពមិនប្រាកដប្រជានៃកូវីដ១៩ និងបញ្ហាមួយចំនួនទៀត ធ្វើឲ្យរដ្ឋអំណាចក្រុងប៉េកាំងរៀបចំផែ…

អូមីក្រុង កំពុងធ្វើឲ្យក្ដីសង្ឃឹមការងើបឡើងនៃវិស័យទេសចរណ៍ថៃ ស្រពេចស្រពិល

ព័ត៌មាន
ប្រតិបត្តិករទេសចរណ៍ថៃ កំពុងបាត់បង់ក្តីសង្ឃឹមជាបណ្ដើរៗហើយ ទាំងឱកាសពិធីបុណ្យចូលឆ្នាំសកល និងពិធីបុណ្យចូលឆ្នាំចិនខាងមុខនេះ ស្របពេលដែលថ្មីៗន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ