Advertisement
សុវត្ថិភាព​ចំណី​អាហារ

ធ្វើយ៉ាងណាដើម្បីគ្រប់គ្នា​អាច​ទទួលទាន​ចំណី​អាហារ​ដែល​មាន​សុវត្ថិភាព​គ្រប់​គ្រាន់?


ពាក្យ​សុវត្ថិភាព​ចំណី​អាហារ​បាន​ក្លាយ​ទៅ​ជា​ឃ្លា​មួយ​ដែល​គេ​អាច​និយាយ​បាន​ស្ទើរ​តែ​គ្រប់​គ្នា នៅ​ក្នុង​ប្រទេស​កម្ពុជា សូម្បី​តែ​ក្មេងៗ។ ប៉ុន្តែ សួរថា​​តើ​គេ​អាច​ដឹង​បាន​ថា តើ​ចំណី​អាហារ​នោះ ពិត​ជា​មាន​សុវត្ថិ​ភាព​មែន​ដែរ​អត់​នោះ ប្រហែល​ជា​ពលរដ្ឋ​យើង​ពិបាក​រក​ចម្លើយ​ណាស់។
បញ្ហា​សុវត្ថិភាពចំណី​អាហារ​ក្លាយ​ជា​ក្ដី​បារម្ភ​ទូទៅ​របស់​ប្រជាជន​ស្ទើរ​តែ​គ្រប់​រូប​ទៅ​ហើយ​បច្ចុប្បន្ន​នេះ។
ដោយ
អំពី សុខភាព 263

ពិបាក​រក​ចម្លើយ​ក៏​ព្រោះតែ​ពួគេ​មិន​បាន​ដឹង​ច្បាស់​អំពី​ថា ចំណី​អាហារ​ដែល​មាន​សុវត្ថិភាព​នោះ គេ​ត្រូវ​វាយ​តម្លៃ​ឬ​ក៏​វាស់វែង​ដោយ​កត្តា​អ្វី​ខ្លះ?

ក្តី​បារម្ភ​កាល​ពី​មុន​ត្រឹម​តែ​មធ្យម តែ​ពេល​នេះ​កាន់​តែ​ងំ​ដោយសារ​តែ​កម្ពុជា​មិន​អាច​ផលិត​អាហារ ដូចជា បន្លែ ត្រី​សាច់​សម្រាប់​ផ្គត់ផ្គង់​ខ្លួន​ឯង​បាន ដោយ​ពឹង​ផ្អែក​ទៅ​លើ​ការ​នាំចូល​ពី​ប្រទេស​ជិត​ខាង។

បើ​ទោះជា​មាន​ការ​ត្រួត​ពិនិត្យ​ពី​មន្ត្រី​គយ​នៅ​តាម​ច្រក​ព្រំដែន​ក៏​ពិត​មែន ប៉ុន្តែ ជា​រឿយៗ ចំណី​អាហារ​ខូច​គុណភាព ហួស​កាល​បរិច្ឆេទ​ប្រើប្រាស់ រួម​ទាំង​ការ​ប្រើប្រាស់​សារធាតុ​គីមី​ហួស​កម្រិត ត្រូវ​បាន​សមត្ថកិច្ច​រក​ឃើញ​មាន​លក់​នៅ​តាម​ទីផ្សារ​នានា​នៅ​ទូទាំង​ប្រទេស។

សមត្ថកិច្ច​ជំនាញ​ហាក់​បង្ក្រាប​ឬ​ក៏​ប្រមូល​មិន​ចេះ​អស់​សោះ ដែល​បញ្ហា​នេះ​បាន​និង​កំពុង​តែ​ធ្វើ​ឲ្យ​កើត​មាន​មន្ទិល​ក្នុង​ចំណោម​ពលរដ្ឋ​ជា​អ្នក​ប្រើប្រាស់​ផលិតផល​ដែល​មិន​មាន​សុវត្ថិភាព​ទាំង​នោះ។

ពលរដ្ឋ​កម្ពុជា ជា​ពិសេស អ្នក​ដែល​រស់នៅ​តាម​ទី​ជនបទ ទទួល​បាន​ការ​អប់រំ​ទាប មាន​កម្រិត​ជីវភាព​ទន់​ខ្សោយ ត្រូវ​បាន​គេ​កត់​សម្គាល់​ឃើញ​ថា មិន​សូវ​គិត​ដល់​ឡើយ​រឿង​សុវត្ថិភាព​ចំណី​អាហារ។ ពួកគេ​គិត​ត្រឹម​តែ​យ៉ាង​ណា​ថា​ធ្វើ​ម៉េច​ហូប​ឲ្យ​បាន​ពេញ​ក្រពះ​ដើម្បី​រស់​និង​មាន​កម្លាំង​បន្ត​កិច្ចការ​ប្រចាំ​ថ្ងៃ​តែ​ប៉ុណ្ណោះ។ បើ​ដូច្នេះ អ្នក​ដែល​រង​គ្រោះ​ខ្លាំង​ពី​ចំណី​អាហារ​ដែល​គ្មាន​សុវត្ថិភាព​ប្រាកដ​ជា​ក្រុម​ពលរដ្ឋ​ក្រីក្រ​ទាំង​នោះ។

តាម​វិទ្យុ​បារាំង​អន្តរជាតិ ធ្លាប់​បាន​រាយការណ៍​ថា ចំណី​អាហារ​គ្មាន​សុវត្ថិភាព អាច​បង្ក​ជា​ជំងឺ​រាករូស​ធ្ងន់ធ្ងរ ឬ​ការ​បង្ក​រោគ​ដែល​នាំ​ឱ្យ​រាងកាយ​និង​ផ្លូវ​ចិត្ត​ចុះ​ខ្សោយ ឬ​ជំងឺ​រលាក​ស្រោម​ខួរ​ក្បាល ផង​ក៏​មាន។ 

ចំណែក​សារធាតុ​គីមី​នៅ​ក្នុង​ចំណី​អាហារ អាច​បង្ក​ជា​អាការៈ​ពុល​ធ្ងន់ធ្ងរ ឬ​ជំងឺ​ដែល​នាំ​ដល់​មហារីក នា​ពេល​អនាគត។ ជំងឺ​បង្ក​ឡើង​ដោយ​ចំណី​អាហារ អាច​នឹង​ធ្វើ​ឱ្យ​មនុស្ស​ពិការ អសមត្ថភាព​យូរ​អង្វែង រួច​ធ្លាក់​ខ្លួន​ស្លាប់​ក៏​មាន។ ចំណី​អាហារ​ដែល​ជា​សាច់​សត្វ​ឆៅ បន្លែ​ផ្លែ​ឈើ​មិន​ស្អាត មាន​មេរោគ​ព្រោះ​ស្រោច​លាមក ព្រមទាំង​គ្រឿង​សមុទ្ទ​ឆៅ នេសាទ​មក​ពី​ទឹក​មិន​ស្អាត សុទ្ធសឹង​ជា​អាហារ​ដែល​គ្មាន​សុវត្ថិភាព​សម្រាប់​បរិភោគ។

គេ​គួរនាំ​គ្នា​បំផុស​ការដាំ​ដុះ​បន្លែ​ផ្លែ​ឈើ និង​ការចិញ្ចឹម​សត្វ​ក្នុង​ស្រុក​ដើម្បី​ផ្គត់ផ្គង់ការប្រើ​ប្រាស់​ក្នុង​ស្រុក កាត់​បន្ថយ​ការនាំចូល

តើ​ត្រូវ​ធ្វើ​យ៉ាង​ណា​ទើប​ឲ្យ​ពលរដ្ឋ​កម្ពុជា​យើង​អាច​ទទួល​បាន​ចំណី​អាហារ​ដែល​មាន​សុវត្ថិភាព​ទទួល​ទាន?

ជា​ចម្លើយ​នោះ គឺ​គ្មាន​អ្វី​ក្រៅ​ពី​វិធានការ​ផ្សព្វ​ផ្សាយ អប់រំ​ពន្យល់​និង​បញ្ជ្រាប​ចំណេះដឹង​ជា​មូលដ្ឋាន​អំពី​សុវត្ថិ​ភាព​ចំណី​អាហារ​ចាប់​ពី​ការ​ដាំដុះ​រហូត​ដល់​ក្នុង​ចាន​ទទួល​ទាន។

មន្ត្រី​ជំនាញ​រួមទាំង​អាជ្ញាធរ​មាន​សមត្ថកិច្ច​ត្រូវ​តែ​ចុះ​ពន្យល់​ដល់​មូលដ្ឋាន សហគមន៍ សាលា​រៀន​អំពី​សុវត្ថិភាព​ចំណី​អាហារ​ឲ្យ​ពលរដ្ឋ ជាពិសេស​សិស្សានុសិស្ស​បាន​ដឹង​និង​ចូលរួម​ទប់​ស្កាត់​បញ្ហា។

វិធានការ​ច្បាប់ ជា​ពិសេស រឹត​បន្តឹង​ការ​នាំចូល​ត្រូវតែ​ជា​ចំណាត់ការ​ដ៏​ចាំ​បាច់​និង​ត្រូវ​ធ្វើ​ជាប់​ជា​ប្រចាំ។ បើ​ចាំតែ​ត្រួត​ពិនិត្យ​និង​ដកហូត​ពី​អ្នក​លក់​នៅ​តាម​ទីផ្សារ​នោះ ប្រាកដ​ជា​មិន​ខុស​ពី​អង្គុយ​ចាំបក់​ផ្សែង​​នៅ​ពេល​ដែល​យើង​មិន​ព្រម​ពន្លត់​ភ្លើង​នោះ​ឡើយ។

វិធានការ​ដែល​មិន​គួរ​មើល​រំលង​មួយ​ទៀត​នោះ គឺ​​បំផុស​ស្មារតី​ឲ្យ​ពលរដ្ឋ​ដាំ​ដំណាំ ចិញ្ចឹម​សត្វ ត្រី​ ជា​ដើម ដើម្បី​បម្រើ​ដល់​ជីវភាព​ប្រចាំ​ថ្ងៃ​និង​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​វិនិយោគ កសិដ្ឋាន​ធំៗ ទាំង​បន្លែ ត្រី សាច់​សម្រាប់​ផ្គត់ផ្គង់​ក្នុង​ស្រុក ឈាន​ទៅ​កាត់​បន្ថយ​ឬ​ក៏​ទៅ​លុប​បំបាត់​ការ​នាំ​ចូល​បន្លែ ត្រី​សាច់ រួម​ទាំង​អាហារ​ដែល​ពុំ​មាន​សុវត្ថិភាព​សម្រាប់​ពលរដ្ឋ៕




អត្ថបទបន្ទាប់


វិធី​ងាយៗ​ដើម្បី​កាត់​បន្ថយ​ជាតិ​គីមីពុល​ដែល​នៅ​ជាប់​នឹង​បន្លែ

ចំណេះដឹង
បន្លែ គឺ​ជា​ជីវជាតិ​ចាំបាច់​សម្រាប់​បំប៉ន​រាងកាយ។ ដើម្បី​ការលូត​លាស់​​ល្អ​នៃ​រាងកាយ គេ​លើក​ទឹកចិត្ត​មនុស្ស​ឲ្យ​បរិភោគ​បន្លែ​ឲ្យ​បាន...

ជប៉ុន​​បង្កើន​ការ​វិនិយោគ​ផ្នែក​​លំនៅដ្ឋាន​នៅ​កម្ពុជា ខណៈ​វិស័យ​នេះ​កាន់​តែ​ប្រកួត​ប្រជែង

ចំណេះដឹង
ក្រុមហ៊ុន​វិនិយោគ​អចលន​ទ្រព្យ​របស់​ជប៉ុន ដែល​បាន​ឈរ​ជើង​យូរ​ឆ្នាំ​នៅ​កម្ពុជា នៅតែ​សម្លឹង​ឃើញ​ពី​សក្ដានុពល​ទីផ្សារ​អចលន​ទ្រព្យ​នៅ​កម្ព...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ