អ្នកវិទ្យាសាស្ត្រជាច្រើនបាននិងកំពុងធ្វើពិសោធន៍លើការបណ្ដុះសរីរាង្គរបស់សត្វមួយនៅក្នុងខ្លួនរបស់សត្វមួយប្រភេទទៀត។ ឧទាហរណ៍ ថ្មីៗនេះមានសេចក្ដីរាយការណ៍ថា អ្នកវិទ្យាសាស្ត្របានបណ្ដុះលំពែងកណ្ដុរប្រមេះនៅក្នុងខ្លួនកណ្ដុរប្រែង។
គោលដៅសំខាន់បំផុតនៃការងារនេះ គឺបណ្ដុះសរីរាង្គមនុស្សនៅក្នុងខ្លួនសត្វដទៃ ដើម្បីបញ្ចប់បញ្ហាកង្វះសរីរាង្គ ដែលមនុស្សជាច្រើនត្រូវចំណាយប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ដើម្បីផ្សាំសរីរាង្គ។
ឥឡូវនេះ ដោយប្រើប្រាស់វិធីសាស្ត្រស្រដៀងគ្នានឹងការបង្កាត់សរីរាង្គកណ្ដុរប្រមេះ-កណ្ដុរប្រែង អ្នកវិទ្យាសាស្ត្របានបង្កើតអំប្រ៊ីយ៉ុងមនុស្ស-ជ្រូកដំបូងបង្អស់ ដែលលំបាកជាងអ្វីដែលអ្នកគិតទៅទៀត។ ការបណ្ដុះកោសិកានៃសត្វមួយប្រភេទឲ្យរស់រានមានជីវិតនៅក្នុងសត្វមួយប្រភេទទៀតដែលជាពូជខុសគ្នាទាំងស្រុង គឺជាការលំបាកបំផុត ហើយអ្នកវិទ្យាសាស្ត្របរាជ័យជាច្រើនឆ្នាំមកហើយ។
សូម្បីឥឡូវនេះ ការរកឃើញដ៏អស្ចារ្យមួយនេះស្ថិតនៅជាដំណាក់កាលបឋមនៅឡើយ។ ក្នុងចំណោមកោសិកាមនុស្ស-ជ្រូកបណ្ដុះ ១០០,០០០កោសិកា គឺមានតែមួយប៉ុណ្ណោះដែលលូតលាស់ទៅជាកោសិកាមនុស្សសុទ្ធ។
ប្រសិនបើអ្នកវិទ្យាសាស្ត្របណ្ដុះអំប្រ៊ីយ៉ុងនេះរហូតដល់ពេញវ័យ សរីរាង្គនេះអាចនឹងមិនមានកោសិកាមនុស្សគ្រប់គ្រាន់ដើម្បីឲ្យខ្លួនមនុស្សស្គាល់ឡើយ ដែលជាហេតុនាំឲ្យខ្លួនប្រាណមនុស្សច្រានចោលសរីរាង្គនេះ ហើយអាចធ្វើឲ្យអ្នកជំងឺស្លាប់បាន។
មូលហេតុនេះហើយទើបគេចាំបាច់ត្រូវធ្វើការសិក្សាច្រើនថែមទៀត ដើម្បីកែលម្អបច្ចេកទេសនេះ ហើយសង្ឃឹមថា នៅថ្ងៃណាមួយ វានឹងត្រួសត្រាយផ្លូវសម្រាប់ការបន្សាំសរីរាង្គមនុស្សលើកដំបូងបង្អស់នៅក្នុងសរីរាង្គកាត់មនុស្ស-ជ្រូក។ ប៉ុន្តែ ប្រហែលជាត្រូវការពេលច្រើនឆ្នាំទៀត ឬច្រើនទសវត្សរ៍ក៏ថាបាន៕
ប្រភព៖ គេហទំព័រ Business Insider