បើយោងតាមការចុះផ្សាយរបស់ភ្នាក់ងារព័ត៌មាន Nikkei Asia លោក ដូណាល់ ត្រាំ បានលើកឡើងជាថ្មីនូវសំណើឱ្យជប៉ុនបញ្ជូននាវាចម្បាំងទៅកាន់ច្រកសមុទ្រ Hormuz បន្ទាប់ពីនាយករដ្ឋមន្ត្រីជប៉ុន លោកស្រី សាណាអិ តាកាអ៊ិឈិ បានពន្យល់ពីកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតរបស់ជប៉ុន ក្នុងការបញ្ចុះបញ្ចូលអ៊ីរ៉ង់ កុំឱ្យវាយប្រហារលើនាវាដឹកប្រេងនៅច្រកសមុទ្រដ៏សំខាន់មួយនេះ។
លោក ត្រាំ បានបញ្ចុះបញ្ចូលជប៉ុនថា ជប៉ុនមានតួនាទីសំខាន់ខុសពីណាតូ ព្រោះជប៉ុនបាននាំចូលប្រេងរហូតដល់ជាង៩០% តាមរយៈច្រកសមុទ្រ Hormuz ដូច្នេះវាជាហេតុផលដ៏សំខាន់បំផុត ដែលជប៉ុនត្រូវតែចូលរួមការពារតំបន់នេះដោយផ្ទាល់។
ទោះជាយ៉ាងណា រដ្ឋាភិបាលជប៉ុន នៅតែប្រឈមនឹងឧបសគ្គផ្នែកច្បាប់ក្នុងការបញ្ជូននាវាចម្បាំងទៅក្រៅប្រទេស។ លោកស្រី សាណាអិ បានបញ្ជាក់ប្រាប់លោក ត្រាំ ថា ជប៉ុនបានអធិប្បាយលម្អិតរួចហើយនូវអ្វី ដែលជប៉ុនអាចធ្វើបាននិងមិនអាចធ្វើបានឮក្រោមក្របខណ្ឌច្បាប់របស់ជប៉ុន។ ក្នុងន័យនេះជប៉ុនទំនងជាមិនបញ្ជូននាវាចម្បាំងទៅកាន់តំបន់មជ្ឈិមបូព៌ាតាមការលួងលោមរបស់លោក ត្រាំ នោះទេ។
តែយ៉ាងណាក្រោយកិច្ចប្រជុំ ភាគីទាំងពីរបានឯកភាពគ្នាថា ការធានាសន្តិសុខ និងស្ថិរភាពនៅច្រកសមុទ្រ Hormuz គឺជារឿងចាំបាច់បំផុត។ បន្ថែមពីនេះ លោកស្រីនាយករដ្ឋមន្ត្រី ក៏បានបង្ហាញពីផែនការយុទ្ធសាស្ត្រថាមពល ដោយជប៉ុនមានបំណងអនុវត្តគម្រោងរក្សាទុកប្រេងឆៅរបស់អាម៉េរិកនៅក្នុងប្រទេសជប៉ុន និងកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍរ៉ែសំខាន់ៗផងដែរ។
ជាលទ្ធផលនៃជំនួបនេះ ភាគីទាំងពីរបានឯកភាពគ្នាលើ៣ចំណុច ដែលផ្តោតលើសន្តិសុខ ថាមពល និងការអភិវឌ្ឍធនធានរ៉ែក្នុងរយៈពេលមធ្យម និងវែង ដើម្បីពង្រឹងសម្ព័ន្ធភាពសេដ្ឋកិច្ច និងសន្តិសុខរវាងប្រទេសទាំងពីរឱ្យកាន់តែស្អិតរមួត៕
អត្ថបទៈ សួន ឡង់ទី. រូបភាពៈ ឯកសារបរទេស