ការនាំចេញទំនិញទៅវៀតណាម

តួលេខពីគយវៀតណាមថា កម្ពុជានាំចេញទៅវៀតណាមមានជាង៣,៧ពាន់លានដុល្លារ កើន ជិត៤ដង នៅ៩ខែឆ្នាំនេះ


កម្ពុជានាំចេញទំនិញទៅកាន់ទីផ្សារវៀតណាម សម្រេចបានជាង៣ពាន់៧រយលានដុល្លារអាមេរិក នៅ៩ខែក្នុងឆ្នាំ២០២១ កើនឡើងជិត៤ដងបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VN Express ដែលស្រង់ទិន្នន័យពីអគ្គនាយកដ្ឋានគយវៀតណាម។ ពាក់ព័ន្ធបញ្ហានេះដែរ អ្នកជំនាញវាយតម្លៃថា ការកើនឡើងនេះ គឺដោយសារវៀតណាមមានតម្រូវការផលិតផលប្រើប្រាស់ និង វត្ថុធាតុដើមសម្រាប់កែច្នៃនាំចេញមានការកើនឡើង គួបផ្សំការអំណោយផលលើវិស័យដឹកជញ្ជូនរវាងប្រទេសទាំងពីរ។
ការនាំចេញទំនិញកម្ពុជានៅកំពង់ផែក្រុងព្រះសីហនុ

អ្នកជំនាញ​យល់​ឃើញ​ថា នេះ​ជា​ចំណុច​ល្អ​មួយ​សម្រាប់​កម្ពុជា​ក្នុង​ការ​ឈាន​ទៅ​សម្រេច​គោលដៅ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ឲ្យ​ដល់​១៥​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​នៅ​ថ្ងៃ​អនាគត​ឆាប់​ៗ​នេះ​។

បើ​តាម​តួលេខរ​ពី​អគ្គនាយកដ្ឋាន​គយ​វៀតណាម ដែល​ត្រូវ​បាន​ចុះ​ផ្សាយ​ដោយសារ​ព័ត៌មាន VN Express ការ​នាំ​ច​ញ​ទំនិញ​កម្ពុជា​ទៅ​វៀតណាម​សម្រេច​បាន​ជាង​៣​ពាន់​៧​រយ​លាន​ដុល្លារ​អា​មេ​រិ​ក​កើនឡើង​ជិត​៤​ដង បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​។ គិត​ត្រឹម​ត្រីមាស​ទី​៣​ក្នុង​ឆ្នាំ​២០២១ ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​មាន​ទំហំ​ជាង​៧​ពាន់​២​លាន​ដុល្លារ​អា​មេ​រិ​ក កើនឡើង​ជាង​៩០%​បើ​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​។  

ផលិតផល​ដែល​ជួយ​ជំរុញ​កំណើន​នាំ​ចេញ​របស់​កម្ពុជា​ទៅ​កាន់​ទីផ្សារ​វៀតណាម​ភាគច្រើន​ជា​ផលិតផល​កសិកម្ម​មិន​ទាន់​កែ​ច្នៃ​។ បើ​តាម​តួលេខ​របស់​អគ្គនាយក​គយ​វៀតណាម ការ​នាំ​ចេញ​បន្លែ​ផ្លែ​ឈើ​ទៅ​វៀតណាម​មានការ​កើនឡើង​៦១%, គ្រាប់ស្វាយចន្ទី​កើន​ជិត​៦០០%, សណ្ដែកសៀង​កើន​ជិត​៥៥០% និង​កៅស៊ូ​កើន​ជាង​៣៩០% និង​មុខទំនិញ​ផ្សេង​ៗ​ទៀត​ក៏​មាន​កើនឡើង​ដូច​គ្នា​ដែរ​។

ប៉ុន្តែ​បើ​តាម​តួលេខ​កត់ត្រា​ដោយ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ ដែល​ផ្តល់​ដោយ​ក្រសួងពាណិជ្ជកម្ម​កម្ពុជា​មានការ​ខុស​គ្នា​ឆ្ងាយ​មែនទែន ពោល​គឺ​ការ​នាំ​ចេញ​ទំនិញ​កម្ពុជា​ទៅ​កាន់​ទីផ្សារ​វៀតណាម​មាន​ទំហំ​តែ​ជាង​៣៦៤​លាន​ដុល្លារ​អា​មេ​រិ​ក​តែ​ប៉ុណ្ណោះ ខណៈ​ការ​នាំ​ចូល​ពី​វៀតណាម​មាន​ទំហំ​ជាង​២​ពាន់​៣​រយ​លាន​ដុល្លារ​អា​មេ​រិ​ក​។ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា​-​វៀតណាម​នៅ​៩​ខែ​ក្នុង​ឆ្នាំ​២០២១ សម្រេច​បាន​ជាង​២​ពាន់​៦​រយ​លាន​ដុល្លារ​តែ​ប៉ុណ្ណោះ​។

ពាក់ព័ន្ធ​បញ្ហា​នេះ​ដែរ ឯកឧត្តម ប៉ែន សុ​វិជាតិ អនុរដ្ឋលេខាធិការ​នៃ​ក្រសួងពាណិជ្ជកម្ម​បាន​បញ្ជាក់​ប្រាប់​ខេ​ម​បូ​ណូ​មី​ស​ថា ឯកឧត្តម​ក៏​មិន​បានដឹង​មូលហេតុ​ជាក់លាក់​ពី​ភាព​ខុស​គ្នា​រវាង​តួលេខ​ដែល​កត់ត្រា​ដោយ​អគ្គនាយកដ្ឋាន​គយ​វៀតណាម ជាមួយ​អគ្គនាយកដ្ឋាន​គយ​កម្ពុជា​នោះ​ទេ​។ អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម​រូប​នេះ​គ្រាន់តែ​គូសបញ្ជាក់​ថា ខុស​តួលេខ​គ្នា​នេះ ទំនង​មក​ពី​ភាគី​ទាំង​ពីរ​មាន​របៀប​នៃ​ការ​កត់ត្រា​ការ​ដឹក​ទំនិញ​ចេញចូល​រវាង​ប្រទេស​ទាំង​ពីរ​ខុស​គ្នា​។ 

ជុំវិញ​បញ្ហា​នេះ​ដែរ សារព័ត៌មាន​ខេ​ម​បូ​ណូ​មី​ស មិន​អាច​ទាក់ទង​សុំ​ការ​បកស្រាយ​ពី​ឯកឧត្តម គុណ ញឹ​ម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​បាន​នោះ​ទេ នៅ​ថ្ងៃ​ទី ២១ ខែតុលា​នេះ​។ 

យ៉ាងណា​ក៏​ដោយ​ចុះ ពាក់ព័ន្ធ​ការ​នាំ​ចេញ​របស់​កម្ពុជា​ទៅ​វៀតណាម​មានការ​កើនឡើង​នេះ​ដែរ ឧកញ៉ា លឹ​ម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា​ចាត់​ទុក​កំណើន​តួលេខ​នាំ​ចេញ​នេះ​ថា ជា​ចំណុច​ល្អ​សម្រាប់​កម្ពុជា​ក្នុង​ការ​ធ្វើ​ឲ្យ​មាន​តុល្យភាព​ជញ្ជីងពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ ដែល​កំពុង​ផ្អៀង​ខ្លាំង​ទៅ​ខាង​ប្រទេស​វៀតណាម​។ ហើយ​ការ​កើនឡើង​នេះ គឺ​វា​ស្រប​តាម​ទិស​ដៅ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន ក៏​ដូច​ជា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា​-​វៀតណាម ដែល​បាន​ដាក់​គោលដៅ​ជំរុញ​ទំហំ​ពាណិជ្ជកម្ម​ឲ្យ​ឈាន​ដល់​១៥​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​នា​ពេល​ខាង​មុខ​។

ជាមួយ​គ្នា​នេះ លោក​បណ្ឌិត ហុង វណ្ណៈ អ្នកជំនាញ​សេដ្ឋកិច្ច នៃ​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ នៃ​រាជ​បណ្ឌិតសភា​កម្ពុជា​យល់​ឃើញ​ថា ទោះបី​ការ​នាំ​ចេញ​ទំនិញ​កម្ពុជា​ទៅ​វៀតណាម​មានការ​កើនឡើង​ក៏​ពិតមែន តែ​វា​នៅ​មាន​ទំហំ​តិចតួច​ណាស់ បើ​ធៀប​នឹង​ការ​នាំ​ចូល​ពី​វៀតណាម​មក​កម្ពុជា​។ លោក​សន្និដ្ឋាន​ថា ការ​កើនឡើង​តួលេខ​នាំ​ចេញ​ទៅ​វៀតណាម​នេះ វា​អាច​ជា​ការ​ខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​ធ្វើ​ឲ្យ​មាន​តុល្យភាព​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ ដែល​កំពុង​ខុស​គ្នា​ដាច់​ឆ្ងាយ​ហៅ​មិន​លឺ​។

របាយការណ៍​ពី​ក្រសួងកសិកម្ម​កម្ពុជា បាន​ឲ្យ​ដឹង​ដែរ​ថា ការ​នាំ​ចេញ​ផលិតផល​កសិកម្ម​របស់​កម្ពុជា​នៅ​៩​ខែ​មកនេះ រកបាន​ប្រាក់​ចំណូល​ជាង ៣​ពាន់​លាន​ដុល្លារ ជាមួយនឹង​បរិមាណ​នាំ​ចេញ​សរុប​ន​ជិត​៦​លាន​តោន មានការ​កើនឡើង​ជាង​៨៨% ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​២០២០​។ ក្នុង​នោះ ការ​នាំ​ចេញ​ផលិតផល​កសិកម្ម​ទៅ​កាន់​ប្រទេស​វៀតណាម​មាន​ប្រមាណ ជាង​៦៤% នៃ​ការ​នាំ​ចេញ​សរុប នាំ​ចេញ​ទៅ​ថៃ​មាន​ជាង ២១% និង​នាំ​ចេញ​ទៅ​ចិន​មាន​ជិត​៧% និង​គោលដៅ​ប្រទេស​ដទៃ​ទៀត​ជិត​៥%៕

None



អត្ថបទបន្ទាប់


ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប នឹងផ្ដល់ផ្លែផ្កាអ្វីខ្លះដល់សេដ្ឋកិច្ចកម្ពុជា?

នៅទីបំផុត រាជរដ្ឋាភិបាលកម្ពុជាបានប្រកាសដាក់អនុវត្តផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប២០២១-២០៣៥ជាផ្លូវការហើយ បន្ទាប់ពី តម្តេចតេជោ នាយក…

ក្រុមប្រទេសលោកខាងលិចរិះគន់ចិនខ្លាំងៗនៅ WTO ខណៈចិននៅរក្សាជំហរឹងមាំការពារគោលនយោយបាយពាណិជ្ជកម្មរបស់ខ្លួន

ក្នុងកិច្ចប្រជុំអង្គការពាណិជ្ជកម្មពិភពលោកដែលធ្វើឡើងនៅទីក្រុងសឺណេវ កាលពីថ្ងៃទី ២០ខែតុលានេះ ប្រទេសចិនត្រូវបានរងការចោទប្រកាន់ថា បានលាងឈ្មោះព…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ