ក្រុមហ៊ុន ហុងដា

ក្រុមហ៊ុន ហុងដា កាត់បន្ថយការងារ៩០០ កន្លែងនៅរោងចក្រមួយចំនួននៅចិន ដោយសារការងាកទៅរកទីផ្សាររថយន្តអគ្គិសនី


ក្រុមហ៊ុនរថយន្ត Honda Motor របស់ប្រទេសជប៉ុន បានសម្រេចចិត្តកាត់បន្ថយការងារចំនួន៩០០កន្លែងនៅឯក្រុមហ៊ុនបណ្តាក់ទុនរួមគ្នាមួយនៅក្នុងប្រទេសចិន ខណៈដែលការលក់រថយន្តរបស់ក្រុមហ៊ុនជប៉ុនមួយនេះបានជួបការឈឺចាប់យ៉ាងខ្លាំងនៅក្នុងទីផ្សាររថយន្ត ដែលបានផ្លាស់ប្តូរទៅរករថយន្តអគ្គិសនីយ៉ាងលឿនបំផុត។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
ក្រុមហ៊ុន ហុងដា
ដោយ

ក្រុមហ៊ុនរថយន្ត GAC Honda Automobile ដែលបានរកស៊ីបណ្តាក់ទុនជាមួយនឹងក្រុមហ៊ុនរថយន្ត Guangzhou Automobile Group គ្រប់គ្រងដោយរដ្ឋាភិបាលចិន បានផ្ញើសេចក្ដីជូនដំណឹងដល់បុគ្គលិកស្ដីពីការបញ្ឈប់បុគ្គលិកចំនួន៩០០នាក់ កាលពីចុងខែវិច្ឆិកា។

ការកាត់បន្ថយនេះមានចំនួនប្រហែល៧% នៃកម្លាំងពលកម្មសរុបចំនួនប្រហែល១ម៉ឺន៣ពាន់នាក់។ ការលក់រថយន្តរបស់ក្រុមហ៊ុន GAC Honda មានចំនួនសរុបប្រហែលជិត៥០ម៉ឺនគ្រឿង នៅក្នុងរយៈពេល១០ខែដំបូងនៃឆ្នាំ២០២៣ ដោយបានធ្លាក់ចុះជាង១៨% នៅក្នុងឆ្នាំនេះ បើធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន។

ដើម្បីឆ្លើយតបនឹងការលក់រថយន្តធ្លាក់ចុះនេះ ក្រុមហ៊ុន GAC Honda នឹងកាត់បន្ថយចំនួនកម្មករដែលត្រូវបានជួលតាមរយៈភ្នាក់ងារការងារនៅឯរោងចក្រដំឡើងរថយន្តមួយចំនួននៅខេត្តក្វាងចូវ ប្រទេសចិន​។ ដោយអនុវត្តតាមបទប្បញ្ញត្តិក្នុងស្រុក ក្រុមហ៊ុនបណ្តាក់ទុនមួយនេះនឹងផ្តល់សំណងដល់កម្មករជាប់កិច្ចសន្យា ដែលត្រូវបានបញ្ឈប់ពីការងារនៅមុនកាលកំណត់ស្របតាមលក្ខខណ្ឌនៃកិច្ចសន្យារបស់ពួកគេ។

ប្រទេសចិន និងសហរដ្ឋអាម៉េរិក បានជាប់ចំណាត់ថ្នាក់ជាទីផ្សាររថយន្តធំបំផុតមួយរបស់ក្រុមហ៊ុន ហុងដា ប៉ុន្តែប្រទេសចិនមានបំណងឱ្យមានការបង្កើតជារថយន្តអគ្គិសនីថ្មីទាំងអស់សម្រាប់ដាក់លក់នៅលើទីផ្សាររថយន្តនៅត្រឹមឆ្នាំ២០៣៥។

ក្រុមហ៊ុនរថយន្ត ហុងដា នៅប្រទេសចិន មានរថយន្តប្រើសាំងជាចម្បង និងរថយន្តកូនកាត់ ប៉ុន្តែផលិតរថយន្តអគ្គិសនីតិចតួចបំផុត ដូច្នេះហើយពេលនេះក្រុមហ៊ុន ហុងដា កំពុងរងសម្ពាធកាន់តែខ្លាំងឡើងពីក្រុមហ៊ុនផលិតរថយន្តប្រើថាមពលថ្មីមួយចំនួនដូចជាក្រុមហ៊ុនរថយន្តអគ្គិសនីដ៏កំពូលរបស់ចិន BYD ជាដើម។

បញ្ហានៅក្រុមហ៊ុន ហុងដា នេះបានកើតឡើងបន្ទាប់ពីក្រុមហ៊ុនរថយន្តរបស់ជប៉ុនដទៃទៀត ដែលបានធ្វើអាជីវកម្មនៅប្រទេសចិន ក៏បានជួបបញ្ហានេះដូចគ្នា។ ជាក់ស្ដែងកាលពីខែកក្កដាក្រុមហ៊ុនរថយន្ត Toyota Motor របស់ជប៉ុន បានប្រកាសកាត់បន្ថយការងារប្រហែល១ពាន់នាក់នៅក្រុមហ៊ុន បណ្តាក់ទុនរួមគ្នា GAC Toyota Motor ហើយក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារបស់ចិនមួយទៀត គឺក្រុមហ៊ុន FAW Toyota Motor បានផ្អាកផលិតកម្មមួយផ្នែកគិតត្រឹមថ្ងៃសុក្រសប្ដាហ៍មុនផងដែរ។

ទន្ទឹមនេះដែរ កាលពីខែតុលា ក្រុមហ៊ុន Mitsubishi Motors បាននិយាយថា ខ្លួននឹងចាកចេញពីការផលិតរថយន្តនៅក្នុងប្រទេសចិនបន្ទាប់ពីបរិមាណនៃការលក់រថយន្តរបស់ក្រុមហ៊ុននេះបានធ្លាក់ចុះគួរឱ្យកត់សម្គាល់៕

អត្ថបទ៖ សុខ ជា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ប្រទេសស្វីសរឹបអូសយកទ្រព្យសម្បត្តិរបស់ប្រទេសរុស្ស៊ីចំនួនជិត៩ពាន់លានដុល្លារ

ព័ត៌មាន
រដ្ឋាភិបាលស្វីស បាននិយាយកាលពីថ្ងៃសុក្រ សប្ដាហ៍មុនថា ប្រទេសស្វីសបានបង្កកទ្រព្យសម្បត្តិហិរញ្ញវត្ថុប្រមាណ៧ពាន់៧រយលានហ្វ្រង់របស់ស្វីស ប្រហែល៨ពាន់ ៨…

ប្រទេសចំនួន១១៨ រួមទាំងកម្ពុជា ប្តេជ្ញាបង្កើនថាមពលកកើតឡើងវិញឲ្យបានបីដងនៅត្រឹមឆ្នាំ២០៣០

ព័ត៌មាន
ការសន្យាបង្កើនសមត្ថភាពថាមពលកកើតឡើងវិញបីដងនៅឆ្នាំ២០៣០ ទទួលបានការគាំទ្រពីប្រទេសចំនួន១១៨ រួមទាំងកម្ពុជា នៅឯសន្និសីទស្តីពីការប្រែប្រួលអាកាស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ