រដ្ឋាភិបាលកម្ពុជាបន្តលើកលែងពន្ធ៦ខែ

រដ្ឋាភិបាលកម្ពុជាបន្តលើកលែងពន្ធ៦ខែទៀត លើវិស័យមួយចំនួនដែលរងគ្រោះដោយវិបត្តិកូវីដ-១៩


វិបត្តិកូវីដ-១៩ បានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរស្ទើរគ្រប់វិស័យ ពិសេសសេដ្ឋកិច្ចកម្ពុជា។ ដើម្បីចូលរួមស្ដារឡើងវិញនូវវិស័យសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ រាជរដ្ឋាភិបាលសម្រេចបន្ធូរបន្ថយ និង លើកលែងពន្ធ ដល់វិស័យងាយរងគ្រោះមួយចំនួន ដូចជា វិស័យទេសចរណ៍, អាកាសចរណ៍ និង ឧស្សាហកម្ម ជាដើម។
ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីនិងជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារក្នុងដំណើរទស្សនកិច្ចទៅកាន់ក្រុមហ៊ុនផលិតស្រាបៀរ HEINEKEN

បើទោះបី បច្ចុប្បន្ន ស្ថានភាពកូវីដ-១៩ នៅកម្ពុជា ចាប់ផ្ដើមមានភាពប្រសើរឡើងវិញ ដែលបានធ្វើឲ្យប្រមុខរាជរដ្ឋាភិបាល សម្រេចឱ្យមានការបើកប្រទេសឡើងវិញលើគ្រប់វិស័យ ក៏ដោយចុះ អគ្គនាយកដ្ឋានពន្ធដារ នៅតែបន្តលើកលែងពន្ធចំនួន៦ខែទៀត លើវិស័យដែលងាយរងគ្រោះទាំងនេះ។ 

ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី​និង​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ បាន​អះអាង​ថា រាជរដ្ឋាភិបាល​កម្ពុជា នៅ​តែ​បន្ត​បន្ធូរបន្ថយ និង​លើកលែង​ពន្ធ លើ​វិស័យ​មួយ​ចំនួន​ដែល​រង​គ្រោះ​ដោយសារ​វិបត្តិ​កូ​វី​ដ​-១៩ ចំនួន ៦​ខែ​ទៀត ដោយ​គិត​ចាប់ពី ខែមករា ឆ្នាំ​២០២២ តទៅ​។ ថ្នាក់ដឹកនាំ​ពន្ធដារ​រូប​នេះ បាន​គូសបញ្ជាក់​ថា ពិត​ណាស់​ស្ថានភាព​ជំងឺ​កូ​វី​ដ​-១៩ នៅ​កម្ពុជា ចាប់ផ្ដើម​ធូរស្បើយ​ឡើង​វិញ រាជរដ្ឋាភិបាល​កម្ពុជា ក៏​សម្រេច​បើក​ប្រទេស​ឡើង​វិញ​ដែរ ប៉ុន្តែ​សម្រាប់​វិស័យ​មួយ​ចំនួន​ដែល​រង​គ្រោះ​ដោយសារ​កូ​វី​ដ​-១៩ មិន​ទាន់​អាច​ងើបឡើង​វិញ​ភ្លាម​នោះ​ទេ​។

ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ក្រុមហ៊ុនផលិតស្រាបៀរ HEINEKEN ឯកឧត្តម គង់ វិបុល បាន​បញ្ជាក់​ទៀត​ថា វិបត្តិ​កូ​វី​ដ​-១៩ ពិតជា​បាន​ប៉ះពាល់​ធ្ងន់ធ្ងរ ដល់​ការងារ​ប្រមូល​ពន្ធដារ គួប​ផ្សំ​មានការ​លើកលែង​និង​បន្ធូរ​បន្ថយពន្ធ​ទៀត​នោះ បាន​ធ្វើ​ឱ្យ​ការ​ប្រមូល​ពន្ធ​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ នៅ​ឆ្នាំ​នេះ​មានការ​ធ្លាក់​ចុះ​។ យ៉ាងណា​ក៏​ដោយ ឯកឧត្តម គង់ វិបុល នៅ​តែ​មាន​សុទិដ្ឋិនិយម​លើ​ការងារ​ប្រមូល​ពន្ធដារ ថា​មាន​ប្រសិទ្ធិ​ភាព​ខ្ពស់ អំឡុង​វិបត្តិ​កូ​វី​ដ​-១៩​។ បើ​ទោះបី​ការ​លើកលែង​ពន្ធ​លើ​វិស័យ​មួយ​ចំនួន​ក៏​ពិតមែន តែ​អគ្គនាយកដ្ឋាន​ពន្ធដារ បាន​រៀបចំ​គោលការណ៍​ត្រឹមត្រូវ​លើ​ការងារ​ប្រមូល​ពន្ធ អំឡុង​វិបត្តិ​កូ​វី​ដ​-១៩​នេះ​។

បើ​យោង​តាម​របាយការណ៍​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ​កន្លង​មក នៅ​ក្នុង​រយៈពេល ៩​ខែ ឆ្នាំ​២០២១ អគ្គនាយកដ្ឋាន​ពន្ធដារ ប្រមូល​ថវិកា​បាន​ជាង ២​ពាន់​១​រយ​លាន​ដុល្លារ ដែល​មានការ​ថយ​ចុះ ក្នុង​រង្វង់​៦% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​២០២០​។ ក៏​ប៉ុន្តែ ជុំវិញ​ការ​ប្រមូល​ពន្ធដារ​នៅ​ឆ្នាំ​២០២១​នេះ ត្រូវ​បាន ឯកឧត្តម គង់ វិបុល យល់​ថា នៅ​តែ​មាន​សញ្ញាណ​វិជ្ជមាន​នៅឡើយ ដោយ​លោក​បាន​អះអាង​ថា ការ​ប្រមូល​ចំណូល​ពន្ធ រយៈពេល ១០​ខែ​ឆ្នាំ​២០២១ បាន​លើស​ផែនការ​រហូត ៣​ភាគរយ​ទៅ​ហើយ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


យោធាចិនចេញល្បាតត្រៀមប្រយុទ្ធនៅច្រកសមុទ្រតៃវ៉ាន់ ក្រោយការមកដល់នៃប្រតិភូសភាអាមេរិកនៅក្រុងតៃប៉ិ

ព័ត៌មាន
យោធាចិនកាលពីថ្ងៃអង្គារទី០៩ខែវិច្ឆិកានេះ បានបើកប្រតិបត្តិការល្បាត និងត្រៀមប្រយុទ្ធមួយ នៅក្នុងតំបន់ច្រកសមុទ្រកោះតៃវ៉ាន់ ក្រោយពេលដែលគណៈប្រតិភ…

ថ្នាក់ដឹកនាំអគ្គិសនីកម្ពុជា ពន្យល់ពីមូលហេតុ ដែលធ្វើឲ្យមានការដាច់ចរន្តអគ្គិសនីនាពេលថ្មីៗនេះ

ព័ត៌មាន
ថ្នាក់ដឹកនាំអគ្គិសនីកម្ពុជាបានចេញមកបកស្រាយថា ការដាច់ចរន្តអគ្គិសនីជាញឹកញាប់ថ្មីៗនេះ មិនមែនបណ្តាលមកពីកម្ពុជាខ្វះថាមពលប្រើប្រាស់នោះទេ។ ពោលគ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ