មេដឹកនាំកំពូលប្រទេសបារាំង និង អូស្ត្រាលី បានជួបគ្នាជាលើកដំបូងនៅក្នុងកិច្ចប្រជុំ G20 នៅទីក្រុងរ៉ូមនាចុងខែតុលាកន្លងទៅ បន្ទាប់ពីប្រទេសទាំងពីរបានពាក់មុខយក្សដាក់គ្នា នៅក្រោយពេលដែលអូស្ត្រាលីបានលុបចោលកិច្ចព្រមព្រៀងទិញនាវាមុជទឹកជាមួយនឹងបារាំង។
ជុំវិញនឹងបញ្ហាកិច្ចព្រមព្រៀងទិញនាវាមុជទឹកនេះដែរ លោកម៉ាក្រុង ប្រធានាធិបតីបារាំងបានឆ្លើយទៅនឹងសំណួរអ្នកសារព័ត៌មានថា លោក ស្កុតម៉ូរីសុន នាយករដ្ឋមន្ត្រីអូស្ត្រាលី បាននិយាយកុហកបោកប្រាស់លោក ក្នុងរឿងកិច្ចព្រមព្រៀងទិញនាវាមុជទឹកនេះ។ កុហកបោកបញ្ជោតនៅត្រង់ថា អូស្ត្រាលីបានលុបចោលកិច្ចព្រមព្រៀងទិញនាវាមុជទឹកពីបារាំង ប៉ុន្ដែបែរជាទៅទិញនាវាមុជទឹកពីប្រទេសផ្សេងទៅវិញ ដោយបារាំងសង្ស័យថា កិច្ចព្រមព្រៀងរវាងអូស្ត្រាលី និង សម្ព័ន្ធមិត្ត AUKUS របស់ខ្លួននេះ គឺទំនងជាធ្វើនៅមុនពេលមានការលុបចោលកិច្ចសន្យាជាមួយបារាំងទៅទៀត។
យ៉ាងណាក៏ដោយចុះ ថ្មីៗនេះ ប្រធានាធិបតីអាមេរិក លោក ចូបៃឌិន បានចេញមុខនិយាយថា ការរៀបចំឡើងនូវកិច្ចព្រមព្រៀងសម្តន្ធ័មិត្ត AUKUS គឺធ្វើឡើងក្នុងភាពតក់ក្រហល់ ទោះយ៉ាងណាលោកចូ បៃឌិន ជឿជាក់ថា បារាំងបានទទួលការជូនដំណឹងពីអូស្ត្រាលីពាក់ព័ន្ធនឹងការលុបចោលកិច្ចសន្យារវាងខ្លួន និង អូស្ត្រាលី នៅមុនពេលដែលកិច្ចព្រមព្រៀង សម្តន្ធ័មិត្ត AUKUS ត្រូវបានប្រកាសឡើង។
លោកម៉ាក្រុង ប្រធានាធិបតីបារាំងបាននិយាយថា លោកមានការគោរពខ្លាំងចំពោះប្រទេសអូស្ត្រាលី និង ទំនាក់ទំនងជាមួយនឹងប្រជាជនអូស្ត្រាលី ហើយនៅពេលដែលលោកមានក្ដីគោរពបែបនេះ ប្រទេសអូស្ត្រាលី ក៏គួរតែមានភាពស្មោះត្រង់ និង មានឥរិយាបថឲ្យត្រឹមត្រូវ និង ស្របទៅនឹងតម្លៃ នៃការគោរពនេះដូចគ្នាដែរ។
ក្រោយពីលោក ម៉ាក្រុងបាននិយាយដូច្នេះ លោកនាយករដ្ឋមន្ត្រីអូស្ត្រាលី ស្កុត ម៉ារីសុន ក៏បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន នៅក្នុងថ្ងៃជាមួយគ្នានោះដែរថា លោកមិនបានកុហកលោកម៉ាក្រុងនោះទេ ហើយដូចអ្វីដែលលោកបានប្រាប់ទៅកាន់ លោកម៉ាក្រុងពីមុនអញ្ចឹង គឺថានាវាមុជទឹកសាមញ្ញៗ ឬធម្មតាៗ មិនអាចបំពេញតម្រូវការរបស់អូស្ត្រាលីបានទៀតនោះទេ ហើយនាយករដ្ឋមន្ត្រីអូស្ត្រាលីលោកម៉ារីសុន ក៏បានគូសបញ្ជាក់ដែរថា ការស្ដារឡើងវិញនូវទំនាក់ទំនងរវាងប្រទេសទាំងពីរក៏បានចាប់ផ្ដើមហើយដែរ។
ភាពរកាំរកូសរវាងប្រទេសបារាំង
និងអូស្ត្រាលី បានចាប់ផ្ដើមកើនឡើងកំដៅខ្លាំង
តាំងពីពេលដែលអូស្ត្រាលីបានលុបចោលកិច្ចព្រមព្រៀងនាវាមុជទឹកជាមួយនឹងបារាំងតម្លៃប្រមាណ
៧០ពាន់លានដុល្លារ
ហើយបែរជាទៅស្រវាបង្កើតកិច្ចព្រមព្រៀងទិញនាវាមុជទឹកពីប្រទេសសម្ព័ន្ធមិត្ត
AUKUS របស់ខ្លួនទៅវិញ ដែលសម្ព័ន្ធ AUKUS
នេះមានសមាជិកចូលរួមដូចជា អាមេរិក អង់គ្លេស
និងអូស្ត្រាលី។ តាមរយៈសម្ព័ន្ធមិត្ត AUKUS នេះ
អនុញ្ញាតឲ្យប្រទេសអូស្ត្រាលី ទទួលបាននូវនាវាមុជទឹកដ៏ទំនើប
ដែលប្រើប្រាស់ថាមពលនុយក្លែអ៊ែររហូតដល់ ៨គ្រឿង។ ទង្វើរបស់អូស្ត្រាលីបែបនេះ
ត្រូវបានបារាំងចាត់ទុកថា ប្រៀបដូចជា
គេយកកំបិតមកចាក់ពីក្រោយខ្នងរបស់ខ្លួនអញ្ចឹង៕
សូមជម្រាបថាក្រុមប្រទេស G20 តំណាងឱ្យ៨០% នៃផលិតផលសរុបពិភពលោក និង ៨០%នៃការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ទៅក្នុងបរិយាកាសផងដែរ៕