តម្លៃលម៉ើកម្ពុជាឆ្នាំ២០២១

ម្ចាស់ចម្ការលម៉ើ៖ តម្លៃទីផ្សារឆ្នាំនេះ មានការប្រែប្រួលខុសឆ្នាំមុន


ម្ចាស់ចម្ការលម៉ើនៅកម្ពុជាបាននិយាយថា តម្លៃទីផ្សារលម៉ើនៅឆ្នាំនេះ ហាក់មានការប្រែប្រួលតម្លៃតិចតួច ខុសពីឆ្នាំមុន ដោយសារតម្លៃមានការឡើងចុះចន្លោះពី ១២ ទៅ១៥ដុល្លារក្នុងមួយគីឡូក្រាម ខណៈឆ្នាំមុន គឺមានតម្លៃលក់ចេញថេរ ១៥ដុល្លារក្នុងមួយគីឡូក្រាម។ បើតាមម្ចាស់ចម្ការលម៉ើ ត្អូញត្អែថា តម្លៃទីផ្សារលម៉ើឆ្នាំនេះ ឡើងចុះខុសឆ្នាំមុន ដោយសារតែនៅឆ្នាំនេះ មានការលក់លម៉ើនាំចូលពីប្រទេសថៃច្រើន។
ម្ចាស់ចម្ការលម៉ើនៅកម្ពុជាបាននិយាយថា តម្លៃទីផ្សារលម៉ើនៅឆ្នាំនេះ ហាក់មានការប្រែប្រួលតម្លៃតិចតួច ខុសពីឆ្នាំមុន (រូបភាព៖ ពីហ្វេសប៊ុក)

លម៉ើ​ជា​ដំណាំ​មួយ​ប្រភេទ ដែល​ទើបតែ​បាន​ដាំ​ដុះ​នៅ​កម្ពុ​ជានា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ប៉ុណ្ណោះ ហើយ​បច្ចុប្បន្ន ដំណាំ​ហូប​ផ្លែ​មួយ​នេះ កំពុង​មានការ​ចាប់អារម្មណ៍​ច្រើន​គួរ​ឲ្យ​កត់សម្គាល់ ដោយ​ក្នុង​នោះ គេ​ឃើញ​មានការ​ដាំ​ដុះ​ជា​ចម្ការ​ធំ​ៗ​ផង​ដែរ​។

លោក សាន សុ​ខន ម្ចាស់​ចម្កា​រយ៉ា​ដា នៅ​ស្រុក​សំពៅ​លូន​ខេត្ត​បាត់​ដំបូង កំពុង​កាប់​កប​ជាមួយនឹង​របរ​ដាំ​លម៉ើ​នេះ​។ ម្ចាស់​ចម្ការ​រូប​នេះ អះអាង​ថា លម៉ើ ជា​ប្រភេទ​ដំណាំ​ហូប​ផ្លែ ដែល​មាន​អាយុកាលរ​ស់វែង ហើយ​ផ្លែ​របស់​វា​មាន​តម្លៃ​ខ្ពស់​រហូត​ដល់ ១៥​ដុល្លារ​អា​មេ​រិ​ក​ក្នុង​១​គីឡូក្រាម ដែល​ទិន្នផល​លម៉ើ​ដែល​បាន​ដាំ​លើ​ផ្ទៃដី​១​ហិ​កតា ក្នុង​មួយ​ឆ្នាំ លោក​អាច​រក​ប្រាក់​ចំណូល​បាន​រាប់​ម៉ឺន​ដុល្លារ​ឯណោះ​។

លោក សាន សុ​ខន រៀបរាប់​ទៀត​ថា នៅ​ឆ្នាំ​នេះ ផ្តល់​ទិន្នផល​ចម្ការ​លម៉ើ​របស់​លោក​នៅ​ឆ្នាំ​នេះ បាន​កើនឡើង​ទ្វេ​ដង បើ​ធៀប​នឹង​ឆ្នាំ​នេះ ដោយ​រំពឹង​ថា នឹង​អាច​ប្រមូល​ផល​បាន​ចន្លោះ​ពី​៧​ទៅ​៨​តោន​។ ។ ប៉ុន្តែ លោក​រអ៊ូរទាំ​ថា តម្លៃ​លម៉ើ​នៅ​ឆ្នាំ​នេះ​ហាក់​មិនសូវ​ល្អ​ដូច​ឆ្នាំ​មុន​នោះ​ទេ ក្រោយ​មានការ​នាំ​ចូល​លម៉ើ​ច្រើន​ពី​ប្រទេស​ថៃ ដែល​ធ្វើ​តម្លៃ​ល្ម៉ើ​នៅ​កម្ពុជា​ឡើង​ចុះ​ៗ​មិន​ទៀង​។ លោក​អះអាង​ថា កាលពី​ឆ្នាំ​មុន​ល្ម៉ើ​ក្នុង​១​គីឡូក្រាម​លក់​ចេញ​ក្នុង​តម្លៃ​១៥​ដុល្លារ​អា​មេ​រិ​ក​ថេរ តែ​ឆ្នាំ​នេះ​លក់​បាន​ចន្លោះ​ពី​១២​ដុល្លារ​ដល់​១៥​ដុល្លារ​តែ​ប៉ុណ្ណោះ​។

ពាក់ព័ន្ធ​បញ្ហា​ទីផ្សារ ម្ចាស់​ចម្កា​រយ៉ា​ដា​រូប​នេះ​បាន​បញ្ជាក់​ថា ទីផ្សារ​ល្ម៉ើ​បច្ចុប្បន្ន​មិន​ចោទ​ជា​បញ្ហា​នោះ​ទេ ពោល​គឺ​មានការ​បញ្ជា​ទិញ​ពី​ឈ្មួញ​ជា​ហូរហែ និង​អ្នក​ខ្លះមក​ទិញ​ដល់​ចម្ការ​តែ​ម្តង​។ លម៉ើ​របស់​លោក សាន សុ​ខន ភាគច្រើន​លក់​បោះ​ដុំ​នៅ​តាម​ផ្សារ​ទំនើប ដូច​ជា​ផ្សារ​ម៉ា​ក្រូ និង​ផ្សារ​ទំនើប​អ៊ី​អន​ជាដើម ហើយ​ក៏​មាន​លក់រាយ​ផង​ដែរ​។

ម្ចាស់​ចម្ការ​មានបទពិសោធន៍​ដាំ​ដំណាំ​លម៉ើ​ប្រមាណ​៥​ឆ្នាំ​រូប​នេះ អះអាង​ទៀត​ថា ជាមួយនឹង​ទិន្នផល​ប្រហែល​៨​តោន នៃ​ផ្ទៃដី​ដាំ​ដុះ​១​ហិ​កតា​នៅ​ឆ្នាំ​នេះ លោក​រំពឹង​ថា​នឹង​អាច​ទទួល​បាន​ប្រាក់​ចំណេញ​ពីរ​បរ​នេះ​ពី ៤​ម៉ឺន​ដុល្លារ​ទៅ ៥​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ក្រោយ​ទូទាត់​ការ​ចំណាយ​រួច​។ បើ​តាម​លោក សុ​ខន ល្ម៉ើ​១​ដើម​អាច​ផ្តល់​ទិន្នផល​ចន្លោះ​ពី​១៥​ទៅ​២៥​គីឡូក្រាម​ទៅ​តាម​ទំហំ និង​ការ​លូតលាស់​របស់​ដើម​នីមួយ​ៗ​។ 

ទោះបី​ដំណាំ​ល្ម៉ើ​អាច​ផ្តល់​ប្រាក់​ចំណេញ​ខ្ពស់​ក៏​ពិតមែន ប៉ុន្តែ​យើង​សង្កេត​ថា ដំណាំ​ប្រភេទ​ដើម​មួយ​នេះ​មិនសូវ​សម្បូរ​កសិករ​ដាំ​នោះ​ទេ​ដ្បិត​វា​ត្រូវ​ចំណាយ​ដើមទុន​ច្រើន​។ បើ​តាម​លោក សាន សុ​ខន ការ​ដាំ​ល្ម៉ើ​មួយ​ហិ​កតា​អាច​ចំណាយ​ថវិកា​ជាង​២​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ប្រសិនបើជា​លម៉ើ​ប្រភេទ​ជាលិកា​។ តែ​យ៉ាងណា​លោក​អះអាង​ថា ល្ម៉ើ​ជា​ដំណាំ​មួយ​ប្រភេទ​ងាយស្រួល​ដាំ និង​ងាយ​រស់​ឲ្យ​តែ​ការពារ​កុំ​ឲ្យ​ដួង​ស៊ី​បាន​ល្អ​។ ប៉ុន្តែ​លោក​សង្កត់ធ្ងន់​ថា ប្រសិនបើ​ចង់​ឲ្យ​ការ​ដាំ​ទទួល​បាន​ទិន្នផល​ខ្ពស់​និង​ផ្លែ​ល្អ​ត្រូវ​ទាមទារ​បច្ចេក​ថែទាំ និង​មើលថែ​ឲ្យ​បាន​ដិត​ដល់​។

ក្រោយ​ទទួល​បាន​ជោគជ័យ​លើ​ការ​ដាំ​ល្ម៉ើ​ជាង​១​ហិ​កតា លោក សាន សុ​ខន គ្រោង​ពង្រីក​ការ​ដាំ​ល្ម៉ើ​ឲ្យ​បាន​៣​ហិ​កតា​នៅ​ឆ្នាំ​នេះ និង​ឲ្យ​បាន​៦​ហិ​កតា​នៅ​ថ្ងៃ​អនាគត​។ ដំណាំ​ល្ម៉ើ​អាច​ហុច​ផល​នៅ​ពីរ​ឆ្នាំ​បន្ទាប់​ក្រោយ​ការ​ដាំ​។ បន្ទាប់​វា​នឹង​ផ្តល់​ផល​ជា​រៀង​រាល់​ឆ្នាំ ហើយ​ទិន្នផល​របស់​វា​នឹង​កើន​ឡើងជា​រៀង​រាល់​ឆ្នាំ ប្រសិនបើ​ថែទាំ​បាន​ល្អ​។

ជុំវិញ​ទៅ​នឹង​ដំណាំ​លម៉ើ​នេះ​ដែរ ឯកឧត្តម ហ៊ាន វណ្ណ​ហន រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​អះអាង​ប្រាប់​ខេ​ម​បូ​ណូ​មី​ស​ថា ប្រជា​កសិករ​ដែល​ចង់​ដាំ​ដំណាំ​នេះ ត្រូវ​មានការ​សិក្សា​ប្រភេទ​ពូជ​ឲ្យ​បាន​ត្រឹមត្រូវ ព្រោះ​លម៉ើ​មានពូជ​ផ្សេង​ៗ​គ្នា​រាប់រយ ហើយ​មិនមែន​សុទ្ធតែ​អាច​ដាំ​បាន​ផល​នោះ​ទេ​។

ដូច្នេះ ដើម្បី​អាច​ដាំ​លម៉ើ​នេះ​បាន​ផល​នៅ​កម្ពុជា ចាំបាច់​ត្រូវ​ជ្រើ​រើស​ពូជ​ណា​ដែល​មានការ​ពិសោធន៍​ត្រឹមត្រូវ ហើយ​ត្រូវ​ដាំ​ទៅ​តាម​បច្ចេកទេស​ទើបបាន​ផល​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើចំណូលពន្ធដារ និងពន្ធគយ នឹងអាចប្រមូលបានដល់ ៥ពាន់លានដុល្លារដែរទេ នៅឆ្នាំ២០២១?

ព័ត៌មាន
ក្នុងវិបត្តិកូវីដ១៩នេះ តើចំណូលពន្ធដារ និងពន្ធគយ នឹងអាចប្រមូលបានដល់ ៥ពាន់លានដុល្លារដែរឬយ៉ាងណានៅឆ្នាំ២០២១? ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្…

អង្គការសុខភាពពិភពលោកអំពាវនាវឱ្យផ្អាកការចាក់វ៉ាក់សាំងដូសទីបី តើមកពីហេតុអ្វី?

ព័ត៌មាន
ប្រធានអង្គការសុខភាពពិភពលោក WHO លោក តេត្រូស បានអំពាវនាវឲ្យប្រទេសទាំងអស់ដែលកំពុងចាក់វ៉ាក់សាំងដូសទី៣ ឬដូសបន្ថែមដល់ប្រជាជន សូមឲ្យផ្អាកការ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ