ទីផ្សារមាស

ទីផ្សារមាសឆ្នាំ២០២២ នឹងមានការប្រែប្រួលយ៉ាងណាខ្លះ?


បើតាមអ្នកជំនាញមកពីក្រុមហ៊ុន YLG ដែលជាក្រុមហ៊ុនជួញដូរមាសដ៏ធំមួយប្រចាំនៅក្រុងបាងកកប្រទេសថៃ បានប៉ាន់ប្រមាណថា តម្លៃមាសនឹងនៅតែខ្ពស់ពេញមួយឆ្នាំ ២០២២ ស្របពេលដែលវិនិយោគិនព្យាយាមធ្វើយ៉ាងណាចៀសឱ្យផុសពីឥទ្ធិពលអតិផរណាពិភពលោក ដែលកំពុងកើនឡើង ផលប៉ះពាល់សេដ្ឋកិច្ចពីមេរោគបំប្លែងថ្មី និងជម្លោះភូមិសាស្ត្រនយោបាយរវាងសហរដ្ឋអាមេរិក និងចិនជាដើម។
រូបភាព៖ មាស
ដោយ

ប្រសិនបើស្ថានការណ៍ណាមួយក្នុងចំណោមស្ថានភាពទាំងបីខាងលើនេះកាន់តែអាក្រក់ឡើង នោះតម្លៃមាសពិភពលោកនឹងកើនឡើង នៅពេលដែលវិនិយោគិនស្វែងរកជម្រើសវិនិយោគ ដើម្បីធ្វើពិពិធកម្មហានិភ័យ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានបាងកកប៉ុស្ដិ៍។

នាយិកាប្រតិបត្តិក្រុមហ៊ុនជួញដូរមាស YLG គឺលោកស្រី ផាវ៉ាន់ ណាវ៉ា វ៉ាត់ថាណាសុប បានលើកឡើងថា កត្តាកើនឡើងនៃអតិផរណា មេរោគបំប្លែងថ្មី និងកត្តាជម្លោះភូមិសាស្រ្តអាមេរិក-ចិននឹងគាំទ្រឱ្យតម្លៃមាសកើនឡើងនៅក្នុងឆ្នាំ ២០២២។ តាមការគូសបញ្ជាក់ពីអ្នកជំនាញរូបនេះ នៅក្នុងត្រីមាសទី ១ ឆ្នាំ ២០២២ តម្លៃមាសទំនងជានឹងមានដល់ចន្លោះពី ១.៨០០ ទៅ ១.៩០០ ដុល្លារក្នុងមួយអោន (ជាង៨ជីមាស)។ ខណៈតម្លៃមាសពិភពលោកគិតត្រឹមមួយសប្ដាហ៍ចុងក្រោយនេះ មានតម្លៃជាមធ្យមជាង ១.៧៩៦ ដុល្លារអាមេរិកក្នុងមួយអោន។ 

បន្ថែមពីនេះ លោកស្រី ផាវ៉ាន់ បានបញ្ជាក់ថា ក៏មានកត្តាចំនួន ៥ ទៀតដែរ ដែលទំនងជាអាចធ្វើឲ្យមានឥទ្ធិពលទៅលើតម្លៃទីផ្សារមាសនៅឆ្នាំក្រោយនេះ។

កត្តាទី ១ គឺការសម្រេចចិត្តរបស់ធនាគារកណ្ដាលរបស់សហរដ្ឋអាមេរិក ក្នុងការបង្កើនល្បឿននៃការបន្ធូរបន្ថយ និងការកើនឡើងនៃអត្រាការប្រាក់ ដើម្បីទប់ស្កាត់អតិផរណា ដែលនឹងធ្វើឱ្យតម្លៃមាសកើនឡើងបន្ដិចនៅក្នុងត្រីមាសទី ១ឆ្នាំ២០២២ ប៉ុន្តែវានឹងមកធ្លាក់ចុះបន្តិចម្តងៗ។

កត្តាទី ២ គឺ ការបង្កើនការទិញមាសរបស់ធនាគារកណ្តាល។ តួយ៉ាង ធនាគារកណ្តាលថៃ និងស្ថាប័ន SPDR Gold Trust ដែលជាមូលនិធិមាសដ៏ធំបំផុត បានទិញមាសស្ដុកទុកបន្ថែមទៀតក្នុងអំឡុងត្រីមាសចុងក្រោយក្នុងឆ្នាំនេះ ហើយវានឹងបន្តទិញទៅឆ្នាំក្រោយទៀត។

ដោយឡែកត្តាទី ៣ ដែលអាចប៉ះពាល់ដល់តម្លៃមាសនោះ គឺ ដោយតម្រូវការមាសជាសកលក៏កំពុងស្ទុះងើបឡើងវិញ ជាពិសេសនៅក្នុងទីផ្សារចិន និងឥណ្ឌា ដែលសុទ្ធសឹងតែជាអ្នកនាំចូលមាសដ៏ធំបំផុតរបស់ពិភពលោក។

កត្តាទី ៤ គឺមាសជាប្រភេទលោហៈធាតុមានតម្លៃ ដែលជាទីពេញចិត្តរបស់អ្នកវិនិយោគ ព្រោះវាត្រូវបានគេចាត់ទុកថា ជាទ្រព្យសម្បត្តិដែលមានសុវត្ថិភាពបំផុត ធៀបនឹងទ្រព្យសម្បត្តិផ្សេងទៀត។ ទោះបីជាវិនិយោគិនមួយចំនួនបានងាកទៅរកការទិញ Bitcoin និងរូបិយប័ណ្ណគ្រីបតូផ្សេងទៀត ជាការការពារប្រឆាំងនឹងអតិផរណាក៏ដោយ តែមាសនៅតែជាការវិនិយោគជំនួសដ៏សំខាន់បំផុត។

កត្តាទី ៥ ចុងក្រោយ គឺ ទាក់ទងនឹងបច្ចេកវិទ្យាហិរញ្ញវត្ថុ FinTech ដែលនឹងអនុញ្ញាតឱ្យមនុស្សវិនិយោគលើមាស ដោយចំណាយប្រើប្រាក់តែបន្តិចបន្តួច គឺអ្នកទិញ ឬវិនិយោគិនអាចទិញមាសតាមអ៊ីនធឺណិតបានត្រឹមតែ ១០០ បាត ឬជិត ៣ដុល្លារ ក្នុងទម្រង់នៃការសន្សំមាស។

យ៉ាងណាក៏ដោយចុះ បើតាមអ្នកជំនាញ សម្រាប់កត្តាដែលមានឥទ្ធិពលបំផុតទៅលើទីផ្សារតម្លៃមាសពិភពលោក នៅរយៈពេល៣ខែទៅមុខទៀតនេះ គឺ បញ្ហាអតិផរណានៅអាមេរិក បញ្ហាផលប៉ះពាល់សេដ្ឋកិច្ចដែលបណ្ដាលមកពីមេរោគបំប្លែងថ្មីអូមីក្រុង និងបញ្ហាជម្លោះនយោបាយជាដើម។

អត្ថបទ៖ ស៊ើង និមល់

None



អត្ថបទបន្ទាប់


អ្នកជំនាញរំពឹងថា រដ្ឋអំណាចចិនឹងបន្តគោលនយោយបាយតឹងរ៉ឹង ចំពោះអ្នកវិនិយោគដល់ឆ្នាំ២០២២

បន្ទាប់ពីរដ្ឋអំណាចក្រុងប៉េកាំង ចាប់ផ្តើមរឹតបន្តឹងលើការវិនិយោគ ទីផ្សារ និងក្រុមហ៊ុនធំៗ អស់រយៈពេលមួយឆ្នាំពេញរួចមក នៅពេលនេះក្រុមអ្នកច្បាប់…

កំពូលអ្នកលក់ទំនិញតាមអនឡាញនៅចិនមួយរូប ត្រូវរដ្ឋពិន័យជាង ២០០លានដុល្លារ ក្រោយរកឃើញថា បានគេចវេះការបង់ពន្ធ

ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក E-commerce កំពុងមានសម្ទុះកើនឡើងយ៉ាងខ្លាំងនៅទូទាំងពិភពលោក ពិសេសនៅក្នុងប្រទេសចិន។ ការឡាយលក់ទំនិញតាមអ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ