ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មនៅព្រឹកថ្ងៃទី១ ខែមេសា បានបញ្ជាក់លើទំព័រហ្វេសប៊ុកផ្លូវការរបស់ឯកឧត្តមថា ការនាំចេញស្រូវរបស់កម្ពុជាទៅវៀតណាម និងថៃនៅរយៈពេល៣ខែដំបូងនៃឆ្នាំ២០២១នេះ សម្រេចបានជិត២លានតោន បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០ ដែលសម្រេចបានតែជាង ៨៧ម៉ឺនតោនប៉ុណ្ណោះ។ ពោលគឺកើនឡើងដល់ទៅជាង១០០% ឯណោះ។
ការកើនឡើងនេះ ត្រូវបានឯកឧត្តម វេង សាខុន ពន្យល់ថា ដោយសារការបញ្ជាទិញស្រូវក្នុងស្រុកមានការថយចុះ គួបផ្សំនឹងការបង្កបង្កើនផលស្រូវរបស់ប្រជាពលរដ្ឋនៅឆ្នាំនេះ កើនឡើងទាំងទិន្នផលនិងទំហំផ្ទៃដី។ ការកើនឡើងតម្រូវការប្រើប្រាស់ក្នុងស្រុក និងការលើកលែងពន្ធនាំចូលរបស់ប្រទេសនាំចូលស្រូវពីកម្ពុជាក៏ជាកត្តារួមចំណែកធ្វើឲ្យការនាំចេញស្រូវរបស់កម្ពុជាមានការកើនឡើងផងដែរ។
ឯកឧត្តម វេង សាខុន បានបញ្ជាក់យ៉ាងដូច្នេះថា៖«ព្រោះការបញ្ជាទិញក្នុងស្រុកមានការថយចុះទន្ទឹមនឹងការផលិតស្រូវប្រាំងរបស់កសិករនៅឆ្នាំនេះ មានការកើនឡើងរហូតដល់ ៤១,៤៥% លើផែនការចំនួនជាង៤៥ហិកតា រីឯទិន្នផល ក៏ទទួលបានល្អប្រសើរផងដែរ គិតជាមធ្យមជាង ៤តោនក្នុង១ហិកតា ជាមួយនឹងផលស្រូវដែលទទួលបានក្រោយការស្តារឡើងវិញក្រោយទឹកជំនន់រដូវវស្សានាចុងឆ្នាំ២០២០»។
រដ្ឋមន្ត្រីក្រសួងកសិកម្មកម្ពុជា បានកត់សម្គាល់ឃើញថា ទន្ទឹមនឹងការផលិតស្រូវមានការកើនឡើង តម្លៃស្រូវឆ្នាំនេះក៏មានភាពល្អប្រសើរផងដែរ។ ជាក់ស្ដែងតម្លៃអង្ករក្រអូបលក់ចេញចន្លោះពី ៩០០រៀលទៅ ១.២០០រៀលក្នុង១គីឡូក្រាម ដែលវាអាស្រ័យទៅតាមខេត្តនីមួយៗ ខណៈស្រូវធម្មតាលក់ចេញចន្លោះពី ៨០០រៀល ទៅ៩០០រៀលក្នុង១គីឡូក្រាម។
ស្របពេលដែលស្រូវនាំចេញកើនឡើងខ្លាំង បើក្រឡេកទៅមើលការនាំចេញអង្កររបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិវិញឃើញថា នៅក្នុងរយៈពេល៣ខែដើមឆ្នាំ២០២១ សរុបមានជាង ១៥ម៉ឺនតោន ធ្លាក់ចុះជាង ៣៣% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ការធ្លាក់ចុះការនាំចេញអង្ករនេះដែរ ត្រូវបានលោក លន់ យ៉េង អគ្គលេខាធិការនៃសហព័ន្ធស្រូវអង្ករកម្ពុជា និងឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភ័ស្តុភារកម្មកម្ពុជាអះអាងថា ដោយសារកម្ពុជាកង្វះទូកុងតឺន័រសម្រាប់វេចខ្ចប់អង្ករ ដើម្បីនាំចេញ គួបផ្សំនឹងតម្លៃដឹកជញ្ជូននៅតែមានការកើនឡើងខ្ពស់។
ទោះយ៉ាងណា លោកលន់ យ៉េង បានគូសបញ្ជាក់ថា ការនាំចេញអង្ករធ្លាក់ចុះ មិនមែនបណ្ដាលមកពីការកើនឡើងខ្លាំងនៃការនាំចេញស្រូវនោះទេ ប៉ុន្ដែវាបណ្ដាលមកពីបញ្ហាធំ គឺការដឹកជញ្ជូនដែលកំពុងឡើងថ្លៃ និងកង្វះទូកុងតឺន័រនេះតែម្ដង។
មែនទែនទៅ មិនមែនតែកម្ពុជាដែលមានការនាំចេញអង្ករធ្លាក់ចុះ នៅវៀតណាមក៏មាននិន្នាការធ្លាក់ចុះដែរ ជាក់ស្ដែងនៅ២ខែដំបូងនៃឆ្នាំ២០២១ វៀតណាមនាំចេញអង្ករបានតែប្រមាណ៦០ម៉ឺនតោនប៉ុណ្ណោះ ធ្លាក់ចុះដល់ទៅជាង៣៤%។ នេះបើតាមទិន្នន័យពីអគ្គនាយកដ្ឋានគយវៀតណាម។
ដោយឡែកនៅក្នុងប្រទេសថៃវិញ បើតាមសមាគមអ្នកនាំចេញអង្ករថៃ បានឲ្យដឹងថា នៅឆ្នាំ២០២១នេះ ថៃរំពឹងនឹងអាចនាំចេញអង្ករបានដល់៦លានតោន ហើយដើម្បីសម្រេចបានការនាំចេញនេះបាន ថៃត្រូវការនាំចេញអង្ករឲ្យបានដល់៥០ម៉ឺនតោនក្នុងមួយខែៗ ប៉ុន្ដែបើមើលទៅលើបរិមាណនាំចេញនៅក្នុងខែមករា និងខែកុម្ភៈកន្លងទៅនេះគឺមិនអាចនាំចេញបានគ្រប់គ្រាន់តាមអ្វីដែលបានដៅទុកនោះទេ៕