Grab របស់សិង្ហបុរី កាត់បន្ថយបុគ្គលិក

ក្រុមហ៊ុន Grab របស់សិង្ហបុរី កាត់បន្ថយបុគ្គលិក១ពាន់នាក់ ដើម្បីរក្សាភាពប្រកួតប្រជែង


នាយកប្រតិបត្តិនៃក្រុមហ៊ុនហ្គ្រែប (Grab) ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី និងដែលផ្ដល់សេវាកម្មដឹកជញ្ជូនអាហារនិងការធ្វើដំណើរតាមកម្មវិធីទូរស័ព្ទដ៏ឈានមុខគេនៅតំបន់អាស៊ីអាគ្នេយ៍នោះ កំពុងកាត់បន្ថយការងារ ១ ពាន់នាក់ស្មើនឹង ១១% នៃកម្លាំងការងាររបស់ខ្លួន។ ការសម្រេចនេះ គឺដោយសារមានតម្រូវការគ្រប់គ្រងចំណាយ ដើម្បីធានាបាននូវសេវាកម្មមានតម្លៃសមរម្យជាងមុនក្នុងរយៈពេលវែង។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានរ៉យទ័រ។
ក្រុមហ៊ុន Grab របស់សិង្ហបុរី កាត់បន្ថយបុគ្គលិក១ពាន់នាក់ ដើម្បីរក្សាភាពប្រកួតប្រជែង
ដោយ

សារលិខិតដែលផ្ញើជូនបុគ្គលិកកាលពីថ្ងៃអង្គារ បានឱ្យដឹងថា នាយកប្រតិបត្តិក្រុមហ៊ុនហ្គ្រែប លោក អេនថូនី តាន (Anthony Tan) បាននិយាយថា ការកាត់បន្ថយចំនួនបុគ្គលិកដ៏ច្រើនបំផុតចាប់តាំងពីការផ្ទុះឡើងនៃជំងឺកូវីដមក គឺមិនមែនជា«ផ្លូវកាត់ទៅរកប្រាក់ចំណេញ»នោះទេ ប៉ុន្តែវាជាការរៀបចំឡើងវិញជាយុទ្ធសាស្រ្ត ដើម្បីសម្របខ្លួនទៅនឹងបរិយាកាសអាជីវកម្មបច្ចុប្បន្ន។

លោក តាន បានថ្លែងក្នុងលិខិតនោះថា អ្វីៗផ្លាស់ប្តូរយ៉ាងលឿនមិននឹកស្មានដល់។ បច្ចេកវិទ្យាដូចជាបញ្ញាសិប្បនិម្មិត (AI) ជំនាន់ថ្មីជាដើម កំពុងវិវឌ្ឍយ៉ាងលឿនបំផុត ហើយការចំណាយដើមទុនបានកើនឡើង ជាហេតុប៉ះពាល់យ៉ាងខ្លាំងដោយផ្ទាល់ដល់លទ្ធភាពប្រកួតប្រជែង។

លោក តាន បានបន្ថែមថា ក្រុមហ៊ុនត្រូវតែផ្សារភ្ជាប់ទំហំក្រុមហ៊ុនទៅនឹងប្រតិបត្តិការប្រកបដោយភាពបត់បែន និងការគ្រប់គ្រងចំណាយដ៏ប៉ិនប្រសប់ ដើម្បីឱ្យក្រុមហ៊ុនអាចផ្តល់ជូនសេវាកម្មដែលមានតម្លៃសមរម្យជាងមុនប្រកបដោយនិរន្តរភាព ហើយទទួលបានអតិថិជនដែលប្រើសេវាកម្មរបស់ក្រុមហ៊ុនកាន់តែច្រើន។

លោក តាន បានបញ្ជាក់ថា ទោះជាក្រុមហ៊ុនហ្គ្រែបមិនកាត់បន្ថយបុគ្គលិកក៏ដោយ ក៏ក្រុមហ៊ុននេះនៅតែអាចគ្រប់គ្រងការចំណាយរបស់ខ្លួនបានដដែល ហើយក៏អាចសម្រេចបានប្រាក់ចំណូលរួចខ្លួនសម្រាប់ឆ្នាំនេះផងដែរ។

ក្រុមហ៊ុនដឹកជញ្ជូនដ៏កំពូលនេះ ដែលប្រើកម្មវិធីទូរស័ព្ទជាមធ្យោបាយ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១២ ដើម្បីផ្តល់សេវាដឹកជញ្ជូន សេវាធ្វើដំណើរ និងសេវាហិរញ្ញវត្ថុនៅតាមប្រទេសអាស៊ីអាគ្នេយ៍ចំនួន ៨ រួមទាំងឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាមផង។

ភាគហ៊ុនរបស់ក្រុមហ៊ុននេះបានកើនឡើងជិត៥% បន្ទាប់ពីលោក តាន បានប្រកាសពីការកាត់បន្ថយបុគ្គលិកនេះរួច ហើយភាគហ៊ុននេះបានកើនឡើងរហូតដល់៥,៦% នៅមុនពេលជួញដូរលើទីផ្សារ ក្រោយពីទូរទស្សន៍ Bloomberg បានផ្សាយអំពីការកាត់បន្ថយបុគ្គលិកនេះ។

ការកាត់បន្ថយបុគ្គលិកនៅក្រុមហ៊ុនហ្គ្រែបបានធ្វើឡើង បន្ទាប់ពីក្រុមហ៊ុនបច្ចេកវិទ្យាឥណ្ឌូនេស៊ីហ្គូធូ (GoTo) បានកាត់បន្ថយបុគ្គលិករបស់ខ្លួនកាលពីឆ្នាំមុន។ ក្រុមហ៊ុនផ្តល់សេវាកម្មធ្វើដំណើរ ពាណិជ្ជកម្មអេឡិចត្រូនិក និងសេវាហិរញ្ញវត្ថុនៅឥណ្ឌូនេស៊ីនោះ បានកាត់បន្ថយចំណាយយ៉ាងខ្លាំងបំផុត រួមទាំងការកាត់បន្ថយកម្លាំងការងារចំនួន១២% ក្នុងឆ្នាំ២០២២ និងបានបញ្ឈប់បុគ្គលិកចំនួន៦រយនាក់បន្ថែមទៀត នៅក្នុងខែមីនាឆ្នាំនេះ៕




អត្ថបទបន្ទាប់


ជប៉ុន ជាប្រទេសម្ចាស់បំណុលធំបំផុតទី២របស់កម្ពុជា បន្ទាប់ពីចិន

ព័ត៌មាន
បើគិតក្នុងក្របខណ្ឌទ្វេភាគី ប្រទេសជប៉ុន គឺជាប្រទេសម្ចាស់បំណុលធំជាងគេបំផុតទី២ របស់កម្ពុជាបន្ទាប់ពីប្រទេសចិន។ តួយ៉ាង ទិន្ន័យពីក្រសួងសេដ្ឋកិច្…

វៀតណាមនាំចេញទុរេនបានជាង៥០០លានដុល្លារនៅ៥ខែដំបូងឆ្នាំនេះ កើនឡើងយ៉ាងគំហុក

ព័ត៌មាន
ប្រទេសវៀតណាម កំពុងប្រជែងគ្នាយ៉ាងស្វិតស្វាញជាមួយប្រទេសថៃក្នុងការនាំចេញទុរេនទៅកាន់ទីផ្សារចិន។ តួយ៉ាង នៅ៥ខែដំបូងនៅឆ្នាំនេះ ការនាំចេញទុរេ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ