ប្រទេសវៀតណាម

វៀតណាមនាំចេញទុរេនបានជាង៥០០លានដុល្លារនៅ៥ខែដំបូងឆ្នាំនេះ កើនឡើងយ៉ាងគំហុក


ប្រទេសវៀតណាម កំពុងប្រជែងគ្នាយ៉ាងស្វិតស្វាញជាមួយប្រទេសថៃក្នុងការនាំចេញទុរេនទៅកាន់ទីផ្សារចិន។ តួយ៉ាង នៅ៥ខែដំបូងនៅឆ្នាំនេះ ការនាំចេញទុរេនរបស់វៀតណាមទៅកាន់ទីផ្សារចិន មានដល់ទៅ ៩៧% ឯណោះនៃការនាំចេញទុរេនសរុប ខណៈប្រាក់ចំណូលពីការនាំចេញទុរេនវិញមានដល់ទៅជាង៥០០លានដុល្លារ ហើយនៅពេញមួយឆ្នាំ២០២៣នេះ វៀតណាមរំពឹងថានឹង នាំចេញទុរេនបានដល់ទៅ ១ពាន់លានដុល្លារអាមេរិក។
៥ខែវៀតណាមនាំចេញទុរេនបានជាង៥០០លានដុល្លារ

ប្រទេសវៀតណាម រកបានប្រាក់ចំណូលប្រមាណជាង៥០០លានដុល្លារពីការនាំចេញទុរេននៅ៥ខែដំបូងឆ្នាំ២០២៣ ដោយទឹកប្រាក់នាំចេញទុរេននេះ គឺមានកំណើន ១៨ដង ធៀបនឹងឆ្នាំមុន។ នេះបើតាមសេចក្ដីរាយការណ៍ដោយទីភ្នាក់ងារព័ត៌មានវៀតណាម និងត្រូវបានស្រង់មកចុះផ្សាយបន្ដដោយសារព័ត៌មានចិន ស៊ិន ហួរ។

គិតចាប់តាំងពីខែមករា ដល់ខែឧសភា ឆ្នាំនេះ វៀតណាមនាំចេញទុរេនបានដល់ទៅជាង៦ម៉ឺន៥ពាន់តោន កើនឡើង៤១% ធៀបនឹងបរិមាណដែលបាននាំចេញសរុបកាលពីឆ្នាំមុន ដោយក្នុងនោះប្រទេសចិន មានចំណែកទីផ្សារដល់ទៅ ៩៧% សម្រាប់ទុរេនវៀតណាម។ នេះបើតាមទិន្នន័យពីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម។

ទុរេនវៀតណាម បានចូលដល់រដូវប្រមូលផលកាលពីខែឧសភា ដូច្នេះហើយ វាបានធ្វើឲ្យតម្លៃនៃការនាំចេញទុរេនបានហក់ឡើងដល់ទៅ ៣៣២លានដុល្លារ ត្រឹមតែរយៈពេលមួយខែឧសភាប៉ុណ្ណោះ ពោលគឺកើនឡើងជាង១០ដង បើធៀបនឹងខែមេសា។

ប្រទេសចិន មានប្រជាជននិយមទទួលទានផ្លែទុរេនច្រើនណាស់ ហើយក៏ជាទីផ្សារទុរេនដ៏ធំបំផុតសម្រាប់ពិភពលោកដែរ ដោយកាលពីឆ្នាំមុន ប្រទេសដែលមានប្រជាជនច្រើនជាងគេបំផុតក្នុងពិភពលោកមួយនេះ បាននាំចូលទុរេនប្រមាណជាង៨២ម៉ឺន៥ពាន់តោន។ នេះបើតាមទិន្នន័យពីគយចិន។

យ៉ាងណាមិញ សម្រាប់ប្រទេសវៀតណាម បច្ចុប្បន្ន មានចម្ការដាំដុះទុរេនចំនួន ២៩៣ កន្លែង និងមាន កន្លែងកែច្នៃវេចខ្ចប់ទុរេននាំចេញ ចំនួន ១១៥ ទីតាំង ដែលទទួលបានកូតាផ្លូវការសម្រាប់នាំចេញទុរេនទៅកាន់ទីផ្សារប្រទេសចិន។

ប្រទេសវៀតណាម ក៏រំពឹងដែរថា នឹងអាចនាំចេញទុរេនបានដល់ទៅតម្លៃ ១ពាន់លានដុល្លារ នៅក្នុងឆ្នាំ២០២៣នេះ។

គួរបញ្ជាក់ថា ប្រទេសចិន គឺនៅតែជាទីផ្សារធំបំផុតសម្រាប់ផលិតផលបន្លែ ផ្លែឈើរបស់វៀតណាម ដោយនៅក្នុងរយៈពេល៥ខែដំបូងឆ្នាំនេះ ចិនបានទិញផលិតផលទាំងនេះ ពីវៀតណាមក្នុងតម្លៃប្រមាណជាង ៨០០លានដុល្លារ កើនឡើងប្រមាណ៥៣% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈនៅពេញមួយឆ្នាំ២០២៣នេះ វៀតណាមរំពឹងថា នឹងអាចនាំចេញបន្លែផ្លែឈើបានដល់ ៤ពាន់លានដុល្លារ ដែលមានកំណើនប្រមាណ ២០% ធៀបនឹងឆ្នាំមុន៕




អត្ថបទបន្ទាប់


ក្រុមហ៊ុន Grab របស់សិង្ហបុរី កាត់បន្ថយបុគ្គលិក១ពាន់នាក់ ដើម្បីរក្សាភាពប្រកួតប្រជែង

ព័ត៌មាន
នាយកប្រតិបត្តិនៃក្រុមហ៊ុនហ្គ្រែប (Grab) ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី និងដែលផ្ដល់សេវាកម្មដឹកជញ្ជូនអាហារនិងការធ្វើដំណើរតាមកម្មវិធីទូរស័ព្…

ឥណ្ឌូនេស៊ីបញ្ជាក់ជាថ្មីថា អាស៊ាននឹងធ្វើតាមផែនការ ដោយបន្ដធ្វើសមយុទ្ធក្បែរកោះជម្លោះក្នុងសមុទ្រចិនខាងត្បូង

ព័ត៌មាន
សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬអាស៊ាន កំពុងដើរឆ្ពោះទៅអនុវត្តផែនការធ្វើសមយុទ្ធកងទ័ពជើងទឹករួមគ្នានៅក្នុងខែកញ្ញាខាងមុខ។ នេះបើយោងតាមការអះអា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ