
នៅក្នុងកិច្ចប្រជុំនេះ សហគ្រិនខ្មែរ បានបង្ហាញផែនការយុទ្ធសាស្រ្តថ្មីៗ សម្រាប់អនុវត្តកម្មវិធីស្នូលរបស់ខ្លួន និងរំលេច គម្រោងគាំទ្រនានា ដែលស្របនឹងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។ ផែនការយុទ្ធសាស្រ្តថ្មី នេះមានគោលបំណងលើកកម្ពស់សហគ្រិនភាពនៅទូទាំងប្រទេស ដោយផ្តោតលើវិស័យគន្លឹះចំនួន ៤ រួមមាន៖ វិស័យសេវាកម្ម កសិកម្ម បច្ចេកវិទ្យា និងកម្មន្តសាល។
ឯកឧត្តម បានលើកឡើងថា៖ "សហគ្រិនខ្មែរ បានសម្រេចវឌ្ឍនភាពយ៉ាងល្អសម្រាប់ឆមាសទីមួយនៃឆ្នាំ២០២៤ តែយើងនៅមាន បេសកកម្មសំខាន់ៗជាច្រើនទៀតនាពេលខាងមុខ។ យើងត្រូវគាំទ្រឱ្យសហគ្រាសធុនតូច និងមធ្យមរបស់យើង អាចចាប់យក បច្ចេកវិទ្យាថ្មីៗ, មានលទ្ធភាពទទួលបានជំនាញបច្ចេកទេស និងសេវាកម្មហិរញ្ញវត្ថុផ្លូវការ, ព្រមទាំងខិតខំពង្រឹងស្តង់ដារ និងគុណភាពផលិតផល ដើម្បីពួកគេអាចប្រកួតប្រជែងបានទាំងនៅលើទីផ្សារក្នុងស្រុក និងអន្តរជាតិ។”

ក្រុមប្រឹក្សាបរធនបាលបានសម្រេចគាំទ្រឱ្យសហគ្រិនខ្មែរ បន្ដអនុវត្តផែនការឆ្នាំ២០២៤ ដែលផ្តោតលើគំនិតផ្តួចផ្តើមសំខាន់ៗ ដូចជា ការពង្រីកកម្មវិធីគាំទ្រសហគ្រិនភាព ការលើកកម្ពស់ភាពប្រកួតប្រជែងទីផ្សារ ការលើកទឹកចិត្តសហគ្រាសធុនតូច និងមធ្យម ឱ្យចាប់យកបច្ចេកវិទ្យា និងបន្ដលើកកម្ពស់វប្បធម៌សហគ្រិនភាពនៅកម្ពុជាឱ្យបានកាន់តែទូលំទូលាយ។
ក្នុងនាមជាបរធនបាលរបស់រាជរដ្ឋាភិបាល សហគ្រិនខ្មែរ ដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពនៅ កម្ពុជា។ ស្ថាប័ននេះបាន និងកំពុងផ្តល់ធនធាន ការបណ្តុះបណ្តាល និងការគាំទ្រផ្សេងៗ ដែលផ្តល់ភាពអង់អាចដល់សហគ្រិន ក្នុងស្រុក ក្នុងការប្រែក្លាយគំនិតរបស់ពួកគេឱ្យទៅជាអាជីវកម្មសក្តានុពល និងជំរុញការពង្រីកប្រតិបត្តិការអាជីវកម្ម។ កម្មវិធីជំនួយ របស់សហគ្រិនខ្មែរ មានគោលដៅបង្កើនសមត្ថភាព លើកកម្ពស់ភាពប្រកួតប្រជែង និងជំរុញកំណើនអាជីវកម្មនៅទូទាំងប្រទេស៕








